វិស័យកាត់ដេរ

មន្ត្រីអះអាងថា ការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរពីទីផ្សារអឺរ៉ុប និងអាម៉េរិក មានការកើនឡើងនៅឆ្នាំនេះ


វិស័យឧស្សាហកម្មកាត់ដេរបានក្លាយជាវិស័យសសរស្ដម្ភមួយក្នុងការជួយទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងការនាំចេញផលិតផលនេះកាលពីឆ្នាំ២០២៤ សម្រេចបានជាង១៣ពាន់លានដុល្លារមានការកើនឡើងជាង២៣% បើធៀបនឹងឆ្នាំ២០២៣។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងសហជីព បានគូសបញ្ជាក់ថា ការបញ្ជាទិញផលិតផលកាត់ដេរពីសំណាក់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក នៅតែរក្សាបានកំណើននៅឆ្នាំនេះ។
វិស័យកាត់ដេរ
ដោយ

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីសថា ការបញ្ជាទិញទំនិញវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរពីទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក នៅតែរក្សាបានកំណើននៅឆ្នាំនេះ។ មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា តាមរយៈកំណើននៃការបញ្ជាទិញនេះ វានឹងជួយជំរុញការវិនិយោគលើការបង្កើតរោងចក្រឧស្សាហកម្មក្នុងវិស័យនេះនៅកម្ពុជា ឱ្យមានការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ។ ជាមួយគ្នានេះវិស័យឧស្សាហកម្មត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៨,៩% នៅឆ្នាំនេះ។

ដោយឡែកលោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា យល់ឃើញថា វិស័យកាត់ដេរពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយសារការនាំចេញផលិតផលក្នុងវិស័យនេះមានទំហំធំ ស្របពេលទីផ្សារធំៗដូចជាអាម៉េរិក និងសហគមន៍អឺរ៉ុបជាដើម នៅតែមានតម្រូវការនាំចូលផលិតផលរបស់កម្ពុជា។

​ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វិស័យកាត់ដេរស្ថិតក្នុងចង្កោមវិស័យសំខាន់ៗ ដែលនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំនេះ។ បើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ និងការនាំចូលវត្ថុធាតុដើមកាលពីឆ្នាំ២០២៤ មានការកើនឡើងខ្ពស់ជាងឆ្នាំមុនៗ ដែលធ្វើឱ្យឯកឧត្តមសង្ឃឹមជឿជាក់ថា វិស័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំនេះឱ្យមានការកើនឡើងមួយកម្រិតទៀត។

​បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ការនាំចេញសម្លៀកបំពាក់ ស្បែកជីង ការបូប និងផលិតផលធ្វើដំណើរសម្រេចបានទំហំប្រមាណ១៣,៧ពាន់លានដុល្លា កើនឡើង២៣,៥% បើប្រៀបធៀបឆ្នាំ២០២៣ ក្នុងនោះការនាំចេញទៅអាម៉េរិក កើនឡើង ២៣,៧% អឺរ៉ុប២៧,៧% ជប៉ុន ២០,៧% អង់គ្លេស ១៩,៩% និងអាស៊ាន​១៦,៥%។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥ នេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,៣% ដែលជំរុញដោយវិស័យកាត់ដេរ ទេសចរណ៍ ដឹកជញ្ជូន កម្មន្តសាល និងវិស័យកសិកម្មជាដើម៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យពិនិត្យឡើងវិញ លើការហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីម៉ោង ២- ៥រសៀល

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា បានបញ្ជាឲ្យមានការត្រួតពិនិត្យឡើងវិញ លើបទប្បញ្ញត្តិ ដែលបានហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីម…

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង អះអាងថា អេបរបស់ DeepSeek កំពុងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង

ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានចោទកម្មវិធីអេបបញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ចិន DeepSeek ថា កំពុងប្រមូលទិន្នន័យផ្ទាល់ខ្លួនរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ