វិស័យ​ SME

កម្ពុជានឹងរៀបចំពិព័រណ៍​បង្ហាញផលិតផលខ្មែរដ៏ធំមួយ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញការគាំទ្រ


ប្រសិនមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងរៀបចំពិព័រណ៍​ផលិតផលខ្មែរប្រចាំឆ្នាំដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ស្របពេលតម្លៃទំនិញកំពុងហក់ឡើងថ្លៃក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់។
វិស័យ​ SME
ដោយ

បើតាមការអះអាងរបស់ប្រធាមសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (SME) កម្មវិធីពិព័រផលិតផលខ្មែរ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញម៉ាកផលិតផលខ្មែរដល់ដៃពលរដ្ឋអ្នកប្រើប្រាស់ ក៏ដូចជាចូលរួមគាំទ្រផលិតផលខ្មែរ ស្របពេលពលរដ្ឋកំពុងមានចលនាធ្វើពហិការមិនប្រើប្រាស់ផលិតថៃ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចាត់ទុកពិព័រណ៍ផលិតផលខ្មែរ ជាយុទ្ធនាការជំរុញផលិតផលខ្មែរក្រោមកិច្ចសហការយ៉ាងស្អិតល្មួតជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់វេទិកាដល់អ្នកផលិតក្នុងស្រុកបានបង្អួតស្នាដៃដល់ដៃពលរដ្ឋ។ ពិព័រណ៍នេះនឹងមានស្ដង់ទំនិញសរុបជាង៣០០ស្ដង់ ដែលនឹងដាក់តាំងបង្ហាញផលិតផលខ្មែរយ៉ាងសម្បូរបែបរយៈពេល៤ថ្ងៃពេញ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ ពោលគឺចំពេលដែលពលរដ្ឋកំពុងត្រៀមខ្លួនអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលកំពុងរងសម្ពាធពីតម្លៃប្រេងហក់ឡើងខ្ពស់ ក៏ដោយ ប៉ុន្តែមេ SME រូបនេះបានអះអាងយ៉ាងមុតមាំថា ទំនិញដែលដាក់តាំងបង្ហាញទាំងអស់នឹងរក្សាតម្លៃដដែល ដើម្បីសម្រួលដល់កម្រិតជីវភាព និងលើកទឹកចិត្តពលរដ្ឋឱ្យងាកមកប្រើប្រាស់ផលិតផលជាតិ។

ឧកញ៉ា តែ តាំងប៉ ក៏បានរំលឹកផងដែរថា កន្លងមកកម្ពុជា បានចំណាយថវិកាដ៏មហាសាលរហូតដល់ប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំលើទំនិញនាំចូលពីប្រទេសជិតខាង។ ការពឹងផ្អែកខ្លាំងពេកនេះ បានធ្វើឱ្យគេមើលស្រាលលើសមត្ថភាពកម្ពុជា រហូតមានការលើកឡើងថា បើបិទព្រំដែន កម្ពុជានឹងត្រូវដាច់ស្បៀង។ ដូច្នេះពិព័រណ៍នេះ គឺជាការបង្ហាញពីស្មារតីរឹងមាំ និងសមត្ថភាពពិតរបស់សហគ្រាសក្នុងស្រុក ដែលអាចផ្គត់ផ្គង់តម្រូវការបានដោយខ្លួនឯង។ ជាផែនការបន្ទាប់ សម្ព័ន្ធសមាគម SME កម្ពុជា ក៏កំពុងរៀបចំគម្រោងពង្រីកការតាំងពិព័រណ៍នេះឱ្យមានទូទាំងរាជធានី-ខេត្តទាំងអស់ ដើម្បីបង្កើតបណ្ដាញតភ្ជាប់យ៉ាងរឹងមាំរវាងអ្នកផលិត និងអ្នកប្រើប្រាស់ ក្នុងគោលដៅពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រផលិតផលខ្មែរដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើតម្លៃជីគីមីនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់?

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែជំរុញឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ប៉ុណ្ណោះទេ ថែមទាំងកំពុងយ៉ាងធ្ងន់ធ្ងរដល់ឆ្នាំងបាយរបស់កសិករនៅតំបន់អា…

ក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន បើកលក់ជាផ្លូវការ «គម្រោងឯក» ដែលផ្តល់នូវបទពិសោធន៍រស់នៅប្រកបដោយប្រណិតភាព និងឯកជនភាពខ្ពស់

ក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន ថ្មីៗនេះ បានបើកសម្ពោធលក់ជាផ្លូវការនូវគម្រោងលំនៅឋានលំដាប់អភិជនថ្មីមួយ ដែលមានឈ្មោះថា «គម្រោងឯក» ដែលស្ថិតន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ