អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានគាំទ្រចំពោះកំណែទម្រង់តម្រង់ទិសជំនាញ និងការសិក្សាបន្តរបស់សិស្សានុសិស្សចាប់ពីថ្នាក់ទី១០ឡើងទៅ ដ្បិតវាជាវិធីសាស្ត្រមួយដ៏ល្អ។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា នៅតាមបណ្តាប្រទេសជឿនលឿនតែងមានការិយាល័យប្រឹក្សាយោបល់នៅតាមវិទ្យាល័យ ដើម្បីជួយសិស្សឱ្យស្វែងរកចំណុចខ្លាំងរបស់ខ្លួន។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ដើម្បីឱ្យកិច្ចការនេះមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវការពេលវេលា បូករួមនឹងថវិកា និងអ្នកជំនាញប្រឹក្សាយោបល់ដែលមានសមត្ថភាពពិតប្រាកដ។
ជាមួយគ្នានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក៏បានបង្ហាញការគាំទ្រចំពោះគោលជំហរនេះផងដែរ។ តែយ៉ាងណាអ្នកជំនាញក្នុងវិស័យអប់រំរូបនេះស្នើឱ្យរដ្ឋាភិបាលគួរពិចារណាបង្រួមរយៈពេលសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ និងជំនាញបច្ចេកទេសឱ្យខ្លីជាងមុន ពោលគឺពី៤ឆ្នាំមកត្រឹម២ឆ្នាំ និងបង្កើនឱកាសផ្លាស់ប្តូរកម្មវិធីសិក្សាទៅក្រៅប្រទេសឱ្យបានកាន់តែច្រើន ដើម្បីបង្កើនបទពិសោធជាក់ស្តែងដល់សិស្ស។
ស្រដៀងគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងដោយផ្អែកតាមបទពិសោធ ដែលលោកធ្លាប់បង្រៀនសិស្សនិស្សិតថា និស្សិតភាគច្រើនហាក់ជ្រើសរើសមុខជំនាញតាមគ្នា និងជ្រើសរៀនតាមអាណាព្យាបាលរបស់ពួកគេ ដែលហាក់ធ្វើឱ្យពួកគេខ្សោយក្នុងការចាប់យកមេរៀន ដូចនេះការជួយតម្រង់ទិសរបស់រដ្ឋាភិបាល ចាប់ពីថ្នាក់ទី១០ឡើងទៅនេះ គឺជាចំណុសស្នូលដ៏សំខាន់។ អ្នកជំនាញរូបនេះបានអះអាងថា ភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីអាចតម្រង់ទិសដល់សិស្សប្រកបដោយគុណភាព ដែលអាចឱ្យយុវជនក្លាយជាមនុស្សមានជំនាញច្បាស់លាស់ ដែលអាចជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
ឆ្លើយតបទៅនឹងបញ្ហានេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងរៀបចំយន្តការតាមរយៈក្រសួងអប់រំ និងក្រសួងការងារ ដើម្បីតម្រង់ទិសសិស្សចាប់ពីថ្នាក់ទី១០ ឱ្យស្របតាមតម្រូវការទីផ្សារការងារជាក់ស្តែង និងចំណង់ចំណូលចិត្តរបស់សិស្សម្នាក់ៗ។ គោលដៅធំបំផុត គឺការកសាងធនធានមនុស្សឱ្យមានគុណភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕
អត្ថបទ៖ ជា ម៉ារ៉ា