
ដំណើរទស្សនកិច្ចនេះ ស្ថិតក្នុងគោលដៅផ្សព្វផ្សាយអំពីសមិទ្ធផលគម្រោង និងលើកកម្ពស់ផលិតផលជលផលដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ក្នុងទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារអន្តរជាតិ ក្រោមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខានិងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែកក្កដា ឆ្នាំ២០២៤ គឺជាការផ្សព្វផ្សាយដ៏មានសារសំខាន់អំពីសក្ដានុពលនៃផលិតផលអាហារមានសុវត្ថិភាព និងគុណភាព ដើម្បីឈានចូលដល់ទីផ្សារអឺរ៉ុប។ បើតាមអ្នកនាំពាក្យរូបនេះ ដំណើរទស្សនកិច្ចនេះនឹងចូលរួមលើកកម្ពស់ផលិតផលជលផល ក្រោមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប។

នៅក្នុងដំណើរទស្សនកិច្ចសិក្សារៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការជាមួយគម្រោង CAPFISH-Capture អនុវត្តរួមគ្នាដោយ FiA និង UNIDO និងក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុបរយៈពេល៤ថ្ងៃ ក្នុងរាជធានីភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ គឺធ្វើឡើងផ្អែកលើបទពិសោធន៍ជោគជ័យរបស់កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) របស់គម្រោង CAPFish-Capture ដែលបានគាំទ្រដល់សហគ្រាសជលផលចំនួន៥០ ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការអាជីវកម្ម បង្កើតផលជះជាវិជ្ជមានតាមរយៈការបង្កើតការងារ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការទទួលបានវិញ្ញាបនបត្រសុវត្ថិភាពម្ហូបអាហារ បង្កើនប្រាក់ចំណេញបានកាន់តែប្រសើរ ដែលសុទ្ធតែជាផលវិជ្ជមាន ដែលរួមចំណែកបង្កើតការងារ ប្រើប្រាស់ធនធានអស់សក្តានុពល និងបង្កើនប្រាក់ចំណេញ សម្រាប់អាជីវកម្ម។

កម្មវិធី ខាបហ្វីស ខាបឆឺ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលជាផ្នែកមួយនៃកម្មវិធី CAPFish-Capture ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាក់លាក់ ដើម្បីអភិវឌ្ឍន៍ជលផលផ្នែកក្រោយប្រមូលផល។ គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលដៅ ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល និងមានគោលបំណង អភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលជលផល ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន នៃអាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលជលផល ជួយគាំទ្រដល់វិស័យឯកជនក្នុងការអភិវឌ្ឍ ការកែច្នៃផលជលផល តាមរយៈការកសាងសមត្ថភាពជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំទ្រថវិកាវិនិយោគ និងការបង្កើតយន្តការគាំទ្រដល់ធុរកិច្ច ធានាបាននូវនិរន្តរភាពសម្រាប់វិស័យនេះ៕


