![វិស័យឧស្សាហកម្ម](https://cdn.cambonomist.com/media/images/chng100rngchkr_trvbsdadsa.2e16d0ba.fill-960x540.jpg)
ទស្សនវិស័យទូទៅក្នុងវិស័យឧស្សាហកម្មថៃ ពេលនេះ នៅតែស្ថិតក្នុងភាពអវិជ្ជមាននៅឡើយដូចដែលបានឃើញក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០២៣ និងឆ្នាំ២០២៤។ កំណើននៃការបើកដំណើរការរោងចក្រថ្មីៗក្នុងមួយខែៗបានធ្លាក់ចុះពី១២៧% ក្នុងឆ្នាំ២០២២-២០២៣ មកនៅត្រឹម៥២%។
កាលពីអំឡុងឆ្នាំ២០២៤ ឧស្សាហកម្មដែលរងគ្រោះខ្លាំងបំផុតដោយសារការបិទទ្វារ រួមមាន គ្រឿងសង្ហារិម គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ យានយន្ត និងដែកថែប ដោយសារបញ្ហាដែលកើតមានក្នុងផលិតកម្ម តម្រូវការធ្លាក់ចុះទាប និងការប្រកួតប្រជែងខ្លាំងក្លា។ រោងចក្រទាំងតូចទាំងធំសុទ្ធតែបានបិទទ្វារនៅក្នុងវិស័យទាំងនេះ ដែលនេះឆ្លុះបញ្ចាំងពីការបន្តធ្លាក់ចុះផលិតកម្ម។
សហគ្រាសធុនតូច និងមធ្យម (SMEs) បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយដើមទុនសរុបនៃបណ្ដារោងចក្រដែលបានបិទទ្វារក្នុងឆ្នាំ២០២៤ មានទំហំជាង១,៤ពាន់លានដុល្លារអាម៉េរិក ពោលគឺទាបជាង៣,៨ដង បើធៀបនឹងឆ្នាំ២០២៣ ហើយនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលនៅតែកើតមានសម្រាប់បណ្ដាសហគ្រាសផលិតខ្នាតតូច។ ប្រសិនបើស្ថានការណ៍នេះ នៅតែបន្តកើតឡើង វានឹងជះផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់កម្មករ និងកម្លាំងទិញក្នុងវិស័យផលិតកម្ម។
មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃ បានព្រមានថា ការបិទទ្វាររោងចក្រអាចបន្តកើតមាននៅក្នុងឆ្នាំ២០២៥ នេះ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដោយសារសម្ពាធមួយចំនួនដូចជាតម្រូវការអ្នកប្រើប្រាស់ធ្លាក់ចុះ ស្របពេលថ្លៃចំណាយជីវភាព និងបំណុលគ្រួសារកើនឡើងខ្ពស់ ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មដែលធ្វើឱ្យប៉ះពាល់តម្លៃ និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីទំនិញនាំចូលថោកៗ។
សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់ប្រទេសថៃ (IPI) បានធ្លាក់ចុះ៩ត្រីមាសជាប់ៗគ្នា ដោយក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៤ បានធ្លាក់ចុះ២% ហើយដើម្បីស្ដារការប្រកួតប្រជែងឡើងវិញ ទាមទារឱ្យមានការកែសម្រួលរចនាសម្ព័ន្ធស៊ីជម្រៅ ដែលការងារនេះមិនមែនជាការងាយស្រួលនោះឡើយ៕
ដោយ: តែម សុខុម