អ៊ីស្រាអែល-ហាម៉ាស

អ្នកគាំទ្រប៉ាឡេស្ទីន ស្រែកទាមទារឱ្យសភាអាម៉េរិក ឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល


សម្រែងរបស់ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន ជាច្រើននាក់បានផ្ទុះឡើងនៅក្នុងសនវការសភាអាម៉េរិក ដោយទាមទារឱ្យរដ្ឋបាលលោក ចូ បៃដិន បញ្ឈប់ការផ្តល់ជំនួយយោធាឱ្យអ៊ីស្រាអែលយកទៅប្រយុទ្ធក្នុងហ្កាហ្សា ដោយពួកគេថាជាអំពើគាំទ្រឧក្រិដ្ឋកម្មសង្គ្រាមលើជនជាតិប៉ាឡេស្ទីន។ អំឡុងកិច្ចប្រជុំសភានោះ ប្រមុខការទូតអាម៉េរិក ក៏បានលើកឡើងពីជម្រើសសម្រាប់អនាគតប៉ាឡេស្ទីននៅហ្កាហ្សាដែរ ប៉ុន្តែដោយគ្មានវត្តមានក្រុមហាម៉ាស។
អ៊ីស្រាអែល-ហាម៉ាស
ដោយ

នៅក្នុងសវនាការសភា កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសលោក អាន់តូនី ប្លីនខេន និងរដ្ឋមន្ត្រីការពារជាតិលោក ឡយដ៍ អូស្ទីន បានអំពាវនាវទៅកាន់គណៈកម្មាធិការរៀបចំព្រឹទ្ធសភា ផ្តល់ជំនួយយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល អ៊ុយក្រែន និងការចំណាយផ្នែកសន្តិសុខផ្សេងទៀត។ អំឡុងការថ្លែងនោះ គេឃើញមានអ្នកទស្សនាប្រហែលជាងម្ភៃនាក់ បានលើកដៃដែលមានលាបពណ៌ជានិមិត្តរូបនៃការបង្ហូរឈាមនៅតំបន់ Gaza។ អ្នកខ្លះទៀតបានសរសេរសារ«ដោះលែងហ្កាហ្សា»នៅលើដៃរបស់ពួកគេ និងស្រែកទាមទារឱ្យឈប់ផ្តល់ជំនួយដល់អ៊ីស្រាអែល និងបទឈប់បាញ់ឥឡូវនេះ។

ស្របពេលជាមួយគ្នានោះ គេឃើញរដ្ឋមន្ត្រីការបរទេស ប្លីនខេន ត្រូវបានបង្អាក់ជាច្រើនដង ពេលលោកកំពុងថ្លែង ខណៈអ្នកតវ៉ាទាំងនោះត្រូវបានប៉ូលីសនាំចេញជាបន្តបន្ទាប់។ គួរជម្រាបថា ប្រធានាធិបតី ចូ បៃដិន បានស្នើសុំសភាសម្រាប់ការចំណាយលើសន្តិសុខ១០៥ពាន់លានដុល្លារ រួមទាំងជាង១៤ពាន់លានដុល្លារទៀត សម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីស្រាអែល។ យ៉ាងណាមិញ នៅថ្ងៃអង្គានោះ លោក ប្លីនខេន ថា សហរដ្ឋអាម៉េរិក និងប្រទេសផ្សេងទៀតក្នុងតំបន់កំពុងសម្លឹងមើលពីវាសនាអនាគតសម្រាប់តំបន់ហ្គាហ្សាពេលអស់ពីហាម៉ាសគ្រប់គ្រង់ទៅ។ លោកសង្កត់ធ្ងន់ថា ហាម៉ាសនឹងមិនអាចបន្តគ្រប់គ្រងហ្កាហ្សាតទៅទៀតទេ ហើយអ៊ីស្រាអែល ក៏មិនចង់គ្រប់គ្រងដែរ។ លោកថា អាម៉េ​រិក និងដៃគូក្នុងតំបន់មិនបានសម្រេចលើដំណោះស្រាយណាមួយទេ ប៉ុន្តែវិធីដែលល្អ និងមានប្រសិទ្ធភាព គឺត្រូវបង្កើតឱ្យមានអាជ្ញាធរប៉ាឡេស្ទីនមួយ ដែលមានការជួយពីក្រោយដោយភ្នាក់ងារ និងកម្លាំងចម្រុះរួមមានអាម៉េ​រិក និងអង្គការសហប្រជាជាតិ។

ស្របពេលជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិប្រជាធិបតេយ្យមូស្លីម ដែលរួមមានមេដឹកនាំគណបក្សប្រជាធិបតេយ្យមកពីរដ្ឋដែលអាចសម្រេចការបោះឆ្នោត ដូចជារដ្ឋ Michigan រដ្ឋ Ohio និង Pennsylvania ផងនោះ បានស្នើជំរុញឱ្យលោក បៃដិន ប្រើប្រាស់ឥទ្ធិពលរបស់លោកជាមួយអ៊ីស្រាអែល ដើម្បីស្វែងរកបទឈប់បាញ់ជាបន្ទាន់។

មេដឹកនាំមូស្លីមទាំងនោះ បានសន្យាថា នឹងប្រមូលផ្តុំអ្នកបោះឆ្នោតមូស្លីម អារ៉ាប់នៅក្នុងទឹកដីសហរដ្ឋអាម៉េ​រិកទាំងអស់ បោះឆ្នោតរារាំង និងឈប់គាំទ្របេក្ខជនបក្សប្រជាធិបតេយ្យណា ដែលគាំទ្រការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

យោងតាម ក្រុមពលរដ្ឋអាម៉េ​រិក មូស្លីម Emgage បានរកឃើញថា ប្រជាជនអាម៉េ​រិក ម៉ូស្លីមជាង១លាននាក់ បានបោះឆ្នោតនៅក្នុងឆ្នាំ២០២០។ ការស្ទង់មតិចេញដោយសារព័ត៌មាន AP បានបង្ហាញថា ៦៤%​នៃប្រជាជនអាម៉េរិកម៉ូស្លីម បានបោះឆ្នោតឱ្យលោក បៃដិន ខណៈ៣៥% ប៉ុណ្ណោះ បានបោះឱ្យលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២០។

ដោយឡែក បើតាមវិទ្យាស្ថានអារ៉ាប់ អាម៉េរិកប៉ាន់ប្រមាណថា ជនជាតិអាម៉េរិក កាន់សាសនាម៉ូស្លីមមានប្រមាណជិត៤លាននាក់ ដែលមានឫសគល់ចេញពីប្រទេអារ៉ាប់ បានបោះឆ្នោតលែងគាំទ្រលោក បៃដិន និងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឆ្នាំក្រោយ។ វិទ្យាស្ថានអារ៉ាប់អាម៉េរិក ឱ្យដឹងថា ការបោះលែងគាំទ្រនេះបានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការស្ទង់មតិកាលពីថ្ងៃអង្គារ។

ទោះជាយ៉ាងណា ចំពេលដែលមានព្រួយបារម្ភពីសេណារីយ៉ូថ្មីនេះ សេតវិមានបាននិយាយថា ប្រធានាធិបតី ចូ បៃដិន បានជួបជាមួយមេដឹកនាំអាម៉េ​រិកម៉ូស្លីម កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានរំលេចថា រដ្ឋបាលលោក ចូ បៃដិន ដឹង និងយល់អំពីការមិនពេញចិត្ត និងខឹងស្អប់របស់សហគមន៍អារ៉ាប់ និងម៉ូស្លីម ប៉ុន្តែនឹងបន្តចូលរួមដោះស្រាយការព្រួយបារម្ភ និងបញ្ហាប្រឈមនេះតទៅទៀតជាមួយនឹងមេដឹកនាំជ្វីបនៅអាម៉េ​រិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងពិនិត្យដោះស្រាយរឿងក្រុមហ៊ុនមួយឆ្ងល់ថា ហេតុអ្វីផលិតផលខ្លួនដាក់លក់នៅកម្ពុជាត្រូវបង់ពន្ធ ខណៈផលិតផលនាំចូលមិនបង់ពន្ធ?

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងជួបជជែកជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលើសំណើរ…

ទីផ្សារអាស៊ីអាចនឹងទទួលបានការរក្សាតម្លៃប្រេងឆៅលក្ខណពិសេសពីអារ៉ាប៊ីសាអូឌីត

ព័ត៌មាន
ក្រុមហ៊ុននាំចេញប្រេងកំពូលរបស់ អារ៉ាប៊ីសាអូឌីត អាចនឹងរក្សាតម្លៃប្រេងឆៅ ដែលគេស្គាល់ថា Arab Light នៅក្នុងស្ថានភាពស្ថិរភាព ឫក៏ប្រែប្រួលបន្តិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ