ព្រែកជីកប៉ាណាម៉ា

បាណាម៉ា ចោទលោក ដូណាល់ ត្រាំ និយាយកុហកជុំវិញរឿងអាម៉េរិក គ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ


ប្រធានាធិបតីប៉ាណាម៉ា លោក រ៉ូសេ រ៉ាអ៊ូ មូលីណូ (José Raúl Mulino) កាលពីថ្ងៃទី៥ ខែមីនា បានចោទប្រកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថា និយាយកុហក ក្រោយលោកថ្លែងប្រាប់សភាអាម៉េរិកថា រដ្ឋបាលរបស់លោកយកបានព្រែកជីកប៉ាណាម៉ា មកគ្រប់គ្រងឡើងវិញហើយ ក្រោយពីក្រុមហ៊ុនយក្សអាម៉េរិក BlackRock ប្រកាសទិញយកក្រុមហ៊ុនរបស់មហាសេដ្ឋីហុងកុង លី កាស៊ីង ដែលធ្វើប្រតិបត្តិការកំពង់ផែទាំង២ក្នុងចំណោមកំពង់ផែទាំង៥ នៅតាមបណ្ដោយព្រែកជីកប៉ាណាម៉ាក្នុងតម្លៃប្រមាណ២៣ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
ព្រែកជីកប៉ាណាម៉ា
ដោយ

ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងទៅកាន់សភាអាម៉េរិកថា រដ្ឋបាលរបស់លោកយកបានព្រែកជីកប៉ាណាម៉ា ដែលជាផ្លូវទឹកដឹកជញ្ជូនទំនិញដ៏សំខាន់មកគ្រប់គ្រងឡើងវិញហើយ។ ការអះអាងរបស់លោក ដូណាល់ ត្រាំ គឺចង់សំដៅថា ក្រុមហ៊ុនយក្សអាម៉េរិក BlackRock ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មធំបំផុតក្នុងពិភពលោក បានប្រកាសទិញយកក្រុមហ៊ុន CK Hutchison របស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ីង ដែលធ្វើប្រតិបត្តិការកំពង់ផែចំនួន២នៅចុងសងខាងនៃព្រែកជីកប៉ាណាម៉ាក្នុងតម្លៃ២២,៨ពាន់លានដុល្លារ។ ​ដំណឹងនេះបានធ្វើឱ្យភាគហ៊ុនរបស់ CK Hutchison ហក់ឡើងស្រឺតៗរហូតដល់ទៅជិត២៥% កាលពីថ្ងៃទី៥ ខែមីនា។

សូមបញ្ជាក់ថា ក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីហុងកុង លោក លី កាស៊ីង បានគ្រប់គ្រងកំពង់ផែចំនួនពីរក្នុងចំណោមកំពង់ផែទាំង៥ នៅតាមបណ្ដោយព្រែកជីកប៉ាណាម៉ា ចាប់តាំងពីឆ្នាំ១៩៩៧ មកទល់នឹងឆ្នាំ២០២៥នេះ។

ប្រទេសប៉ាណាម៉ា បានចេញមុខអះអាងថា ខ្លួននៅតែគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ១០០% ហើយក្រុមហ៊ុន CK Hutchison របស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ីង ដែលប្រតិបត្តិការកំពង់ផែទាំង២ក្នុងចំណោមកំពង់ផែទាំង៥ នៅតាមបណ្ដោយព្រែកជីកប៉ាណាម៉ា មិនមានន័យថា ប្រទេសចិន ជាអ្នកគ្រប់គ្រងព្រែកជីកប៉ាណាម៉ា នោះឡើយ។ ដូច្នេះ ការលក់កំពង់ផែនៅតាមបណ្ដោយព្រែកជីកនេះឱ្យទៅក្រុមហ៊ុនអាម៉េរិក ក៏មិនមានន័យថា សហរដ្ឋអាម៉េរិកយកព្រែកជីកនេះទៅកាន់កាប់ឡើងវិញនោះដែរ ព្រោះវាគ្រាន់តែជាប្រតិបត្តិការទិញលក់រវាងក្រុមហ៊ុនឯកជនប៉ុណ្ណោះ។

ប្រធានាធិបតីប៉ាណាម៉ា លោក រ៉ូសេ រ៉ាអ៊ូ មូលីណូ (José Raúl Mulino) បានសរសេរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃទី៥ ខែមីនា ដោយច្រាលចោលថា កិច្ចព្រមព្រៀងលក់កំពង់ផែទាំង២របស់មហាសេដ្ឋីហុងកុង លី កាស៊ីង ឱ្យទៅក្រុមហ៊ុនអាម៉េរិក BlackRock មិនមែនធ្វើឡើងដោយសារការដាក់សម្ពាធពីរដ្ឋាភិបាលអាម៉េរិក នោះទេ។

តាមរយៈសំណេរដដែល លោកបានលើកឡើងថា លោកសុំច្រានចោលការវាយប្រហារនេះមកលើសច្ចៈភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេសប៉ាណាម៉ា ក៏ដូចជាប្រជាជនប៉ាណាម៉ា ហើយបានចោទលោក ដូណាល់ ត្រាំ ថា និយាយភូតកុហកជាថ្មីម្ដងទៀត។

សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានសាងសង់ព្រែកជីកប៉ាណាម៉ា ពីឆ្នាំ១៩០៣ ដល់ឆ្នាំ១៩១៤ ពោលគឺរយៈពេល១១ឆ្នាំ ក្រោមរដ្ឋបាលប្រធានាធិបតីទី២៦ របស់សហរដ្ឋអាម៉េរិក លោក ធីអូ-ដ រ៉សេវែល (Theodore Roosevelt) ដើម្បីភ្ជាប់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានបន្តកាន់កាប់ព្រែកនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ មុនប្រគល់ព្រែកជីកនេះទាំងអាឡោះអាល័យឱ្យទៅប្រទេសប៉ាណាប៉ា ជាអ្នកកាន់កាប់វិញក្រោមសន្ធិសញ្ញាចុះដោយប្រទេសទាំងពីរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកដាំខ្ទឹមបារាំង នៅខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់ ក្រោយតម្លៃខ្ទឹមបារាំងហក់ឡើងខ្ពស់

កសិករដាំខ្ទឹមបារាំង នៅខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់ ក្រោយតម្លៃខ្ទឹមបារាំង ហក់ឡើងខ្ពស់នៅក្នុងរដូវប្រមូលផលឆ្នាំនេះ។ បើតាមការអះអាងរបស់…

លោក ត្រាំ ពន្យារពេលអនុវត្តពន្ធលើរថយន្តនាំចូលពីកាដាណា និងម៉ិកស៊ិក រយៈពេលមួយខែ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលការអនុវត្តពន្ធលើរថយន្តនាំចូលពីប្រទេសកាដាណា និងម៉ិកស៊ិក រយៈពេល១ខែ។ ប៉ុន្តែលោកប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ