បើតាមកាសែតថៃ Khaosod ការអំពាវនាវឱ្យមានការជួបជុំនេះ ក្នុងគោលបំណងទាមទារឱ្យយោធា និងរដ្ឋាភិបាលថៃ ត្រូវតែចេញបទបញ្ជាឱ្យមានបទឈប់បាញ់ភ្លាមៗ និងត្រូវមានការចរចា និងសម្របសម្រួលយ៉ាងឆាប់រហ័ស ដោយប្រើប្រាស់វេទិកា ដែលមានស្រាប់តាមរយៈប្រធានអាស៊ានប្ដូរវេន គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម។
ការអំពាវនាវឱ្យមានការតវ៉ា ដើម្បីឱ្យរដ្ឋាភិបាល និងយោធាថៃ បញ្ចប់សង្គ្រាមព្រំដែនថៃ និងកម្ពុជានេះ បានធ្វើឡើង បន្ទាប់ពី លោក អនុទីន នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ កាលពីថ្ងៃទី ១៣ ខែធ្នូ បានទាល់ចោលការសម្របសម្រួលរបស់លោកត្រាំ ឱ្យមានការឈប់ប្រយុទ្ធគ្នា និងវិលទៅរកបទឈប់បាញ់ឡើងវិញ ពោលគឺ លោកអានុទីន នៅតែគាំទ្រឱ្យយោធាថៃបន្ដការវាយប្រហារកាន់តែខ្លាំងមកលើកម្ពុជា។
បើតាមកាសែត Khaosod តាមស្មារតីនៃការប្រមុំផ្ដុំគ្នាដើម្បីតវ៉ានេះ គឺពួកគេមិនចង់ឃើញមនុស្សស្លាប់បន្ថែមទៀត មិនចង់ឃើញបរិយាកាសតានតឹងដាក់គ្នា ព្រោះសង្គមថៃ មានបញ្ហាធំៗដែលត្រូវដោះស្រាយជាច្រើនរួចទៅហើយ។ អំពើហិង្សាមិនមែនជាដំណោះស្រាយនោះទេ។ វិធីសាស្ត្រប្រឈមមុខដាក់គ្នា «ភ្នែកសងភ្នែក ធ្មេញសងធ្មេញ» ក៏មិនមែនជាមាគ៌ារបស់សង្គមប្រជាធិបតេយ្យនោះដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៣ ខែធ្នូនេះ ការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជា និងថៃ បានបន្ដដល់ថ្ងៃទី ៧ហើយ និងបង្កឱ្យមានការបាត់បង់ជីវិតទាហានទាំងសងខាង រួមទាំងជីវិតជនស៊ីវិលជាច្រើននាក់ ហើយពលរដ្ឋនៃប្រទេសទាំងពីរ បានរត់ភៀសសឹករាប់សែននាក់ផងដែរ។