ច្បាប់ថ្មីវៀតណាម

វៀតណាមគ្រោងចេញច្បាប់តម្រូវឲ្យក្រុមហ៊ុនបណ្ដាញសង្គម លុបចោលមាតិកាបំពានច្បាប់ ក្នុងរយៈពេល២៤ម៉ោង


ប្រទេសវៀតណាម កំពុងរៀបចំច្បាប់ថ្មី តម្រូវឲ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ ត្រូវតែលុបចោលមាតិកាបំពានច្បាប់ ដែលបានផ្សាយចេញទៅ ឲ្យបាននៅក្នុងរយៈពេល២៤ម៉ោង ដោយគ្មានការលើកលែងនោះឡើយ។ ហើយប្រសិនបើក្រុមហ៊ុននេះ មិនអាចធ្វើតាមការកំណត់នេះបានទេ នឹងត្រូវហាមឃាត់ មិនឲ្យមានប្រតិបត្តិការនៅក្នុងប្រទេសវៀតណាមនោះទេ។ នេះបើយោងតាមប្រភពព័ត៌មានជិតស្និទ្ធ ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
វៀតណាមគ្រោងចេញច្បាប់តម្រូវឲ្យក្រុមហ៊ុនបណ្ដាញសង្គម លុបចោលមាតិកាបំពានច្បាប់។

ផែនការ​វិសោធនកម្ម​ច្បាប់​បច្ចុប្បន្ន​ទាក់ទង​នឹង​ការ​គ្រប់គ្រង​បណ្ដាញ​សង្គម ដែល​កំពុង​ពុះកញ្ជ្រោល​ប្រើប្រាស់​ខ្លាំង​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ពង្រឹងសមត្ថភាព​គ្រប់គ្រង​របស់​វៀតណាម ខណៈ​ដែល​ប្រទេស​នេះ មាន​តម្លៃ​ទីផ្សារ​ប្រហែល​១​ពាន់​លាន​ដុល្លារ សម្រាប់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដែល​ជា​បណ្ដាញ​សង្គម​យក្ស​របស់​អា​មេ​រិ​ក​។ ទន្ទឹម​នឹង​នេះ ច្បាប់​ថ្មី​នេះ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​បក្ស​ក​ម្មុ​យ​នី​ស​វៀតណាម នឹង​មាន​អំណាច​ពេញដៃ​ក្នុង​ការ​បង្ក្រាប ទៅ​លើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ជិត​ស្និទ្ធ​នឹង​រដ្ឋាភិបាល​វៀតណាម បាន​ព្រលយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​ទៀត​ថា នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ក្រុមហ៊ុន​បណ្ដាញ​សង្គម ត្រូវ​តែ​លុប​ចោល​មាតិកា និង​សេវាកម្ម​ណា​ដែល​ផ្សព្វផ្សាយ​ខុសច្បាប់ ចេញពី​បណ្ដាញ​របស់​ខ្លួន ដោយ​គ្មាន​ពេលវេលា​អនុគ្រោះ​នោះ​ទេ ខណៈ​ដែល​សកម្មភាព​ផ្សាយ​ផ្ទាល់ (Livestreams) ដែល​ខុសច្បាប់​វិញ ក៏​ត្រូវ​តែ​បិទ​ចោល​ឲ្យ​បាន​ក្នុង​រយៈពេល​៣​ម៉ោង​ផង​ដែរ​។ ក្នុង​ករណី ក្រុមហ៊ុន​បណ្ដាញ​សង្គម​ណា ដែល​មិន​អាច​អនុវត្ត​តាម​ការ​កំណត់​នេះ នោះ​ពួក​គេ​នឹង​ត្រូវ​ហាមឃាត់ មិន​ឲ្យ​មាន​ប្រតិបត្តិការ​ប្រើប្រាស់​នៅ​ប្រទេស​វៀតណាម​នោះ​ឡើយ​។

ប្រភព​ព័ត៌មាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​បណ្ដាញ​សង្គម ត្រូវ​តែ​លុប​ចោល​ឲ្យ​បាន​ឆាប់​បំផុត​រាល់​មាតិកា​ណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​វៀតណាម​។

បច្ចុប្បន្ន ក្រុមហ៊ុន​បណ្ដាញ​សង្គម មាន​ពេលវេលា​២ ទៅ​៣​ថ្ងៃ ប៉ុណ្ណោះ ដើម្បី​ដោះស្រាយ​តាម​សំណើ​របស់​រដ្ឋាភិបាល​វៀតណាម​។​

បើ​ទោះបីជា វិសោធនកម្ម​ច្បាប់​នេះ នៅ​មិន​ទាន់​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ​ក្ដី ប៉ុន្ដែ​វា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មិ​ញ​ជី​ង នៅ​ខែ​ក្រោយ​នេះ និង​អាច​ចូល​ជា​ធរមាន​ចាប់ពី​ខែកក្កដា​តទៅ​។

សូម​បញ្ជាក់​ថា វៀតណាម មាន​ចំនួន​ប្រជាជន​សរុប ៩៨​លាន​នាក់ និង​ស្ថិត​នៅ​ក្នុង​លំដាប់​ទីផ្សារ​កំពូល​ទី​១០ ដែល​មាន​អ្នក​ប្រើប្រាស់ ហ្វេ​ស​ប៊ុ​ក​ច្រើន​ជាងគេ ដោយ​មាន​ចំនួន​អ្នក​ប្រើប្រាស់ ៦០ ទៅ​៧០​លាន​នាក់​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​កាលពី​ឆ្នាំ​២០២១​។

ប្រទេស​វៀតណាម ក៏​បាន​ផ្ដល់​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ប្រហែល​១​ពាន់​លាន​ដុល្លារ សម្រាប់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ហើយ​ជាទី​ផ្សារ​ដែល​មាន​ប្រាក់​ចំណេញ​ច្រើន​ជាង​ទីផ្សារ​នៅ​អឺរ៉ុប​ទៅ​ទៀត​។ ក្រៅពី​ហ្វេ​ស​ប៊ុ​ក នៅ​វៀតណាម​ក៏​មាន​អ្នក​ប្រើប្រាស់​យូ​ធូប​៦០​លាន​នាក់ និង​អ្នក​ប្រើ TikTok ២០​លាន​នាក់​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីអាមេរិក និងសម្ព័ន្ធមិត្តបារម្ភខ្លាំង ក្រោយចិនចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសកោះសូឡូម៉ុង?

ព័ត៌មាន
ប្រទេសចិនកាលពីថ្ងៃអង្គារទី១៩មេសា បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសន្តិសុខទ្រង់ទ្រាយធំមួយរួចហើយ ជាមួយនឹងប្រទេសកោះសូ…

និស្សិតប្រាក់ចំណូលទាប៤ម៉ឺននាក់នៅអាមេរិកទទួលបានការអនុគ្រោះការសងប្រាក់កម្ចីសិក្សាពីរដ្ឋ

ព័ត៌មាន
ក្រសួងអប់រំសហរដ្ឋអាមេរិកបានលុបចោលនូវបំណុលកម្ចីសិក្សាសម្រាប់និស្សិតចំនួន ៤ម៉ឺននាក់ និងផ្តល់ឥណទានដើម្បីជួយដល់និស្សិតជាង ៣លាន ៦សែននាក់ផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ