លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានលើកឡើងថា ទោះបីជាមានការប្រែប្រួលខ្លះៗនៅតាមព្រំដែន ហើយម្រេចកម្ពុជា មិនអាចនាំចេញទៅទីផ្សារប្រទេសថៃបានក៏ដោយចុះ ប៉ុន្តែការផ្គត់ផ្គង់ និងទីផ្សារម្រេចមិនបានជួបវិបត្តិអ្វីឡើយ។ បច្ចុប្បន្ន ម្រេចធម្មតាអាចលក់បានក្នុងតម្លៃប្រមាណ ២៤,០០០ រៀលក្នុងមួយគីឡូក្រាម។ លោកបន្តថា ក្នុងមួយឆ្នាំ កម្ពុជា ផលិតម្រេចបានប្រមាណ ២ម៉ឺនតោន ខណៈតម្រូវការក្នុងស្រុកមានត្រឹមតែ ១ពាន់តោនប៉ុណ្ណោះ ដូច្នេះបរិមាណដែលនៅសល់ គឺសម្រាប់នាំចេញទៅក្រៅប្រទេស ជាពិសេសគឺប្រទេសវៀតណាម ក្នុងសមាមាត្រដល់ទៅ ៨០%។
ដោយឡែក លោក ពោន ប៉ែត កសិករដាំម្រេចសរីរាង្គនៅខេត្តកំពង់ធំ បានបញ្ជាក់ថា ចំពោះទីផ្សារបច្ចុប្បន្ន ម្រេចសរីរាង្គអាចលក់បានដល់ ២៩,០០០ រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងនេះក្តី លោកសំណូមពរឱ្យមានការជួយជ្រោមជ្រែងតម្លៃបន្ថែមទៀតឱ្យដល់ជាង ៣០,០០០ រៀលក្នុងមួយគីឡូក្រាម ដើម្បីទប់ទល់នឹងតម្លៃឈ្នួលពលកម្ម ដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ន។
ជុំវិញទីផ្សារម្រេចនេះដែរ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានអះអាងថា ស្ថិរភាពម្រេចខ្មែរ គឺអាស្រ័យលើទីផ្សារពិភពលោក។ លោកបានសង្កត់ធ្ងន់ថា ឧបសគ្គចម្បង ដែលកម្ពុជា មិនទាន់អាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារធំៗបានច្រើន គឺដោយសារតម្លៃដឹកជញ្ជូននៅកម្ពុជា ខ្ពស់ជាងប្រទេសជិតខាង ដូចជាវៀតណាមជាដើម។ លោកបន្ថែមទៀតថា កម្ពុជា ចាំបាច់ត្រូវពង្រឹងការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម (Branding) ឱ្យបានច្បាស់លាស់ ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់ការនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជា រកចំណូលបានជាង ៣១លានដុល្លារពីការនាំចេញម្រេច ធ្លាក់ចុះជិត១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ជាង៣៥លានដុល្លារ៕