តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការបន្ធូរបន្ថយនេះ? ហើយវាបានរួមចំណែកយ៉ាងណាក្នុងការជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរ?
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានចាត់ទុកការបន្ធូរបន្ថយការរឹតត្បិតលើការថតរូបនៅតំបន់អង្គរ គឺជាការរួចចំណែកមួយក្នុងការជួយជំរុញការផ្សព្វផ្សាយពីតំបន់អង្គរឱ្យបានកាន់តែទូលំទូលាយ ដោយមិនអស់ប្រាក់ ហើយវាជាអ្វីដែលប្រតិបត្តិករក្នុងវិស័យនេះចង់បាន និងទាមទារកន្លងមក។
សម្រាប់អ្នកជំនាញរូបនេះ លោកមិនទាមទារឱ្យមានការលើកលែងលើការថតរូបភាព ឬវីដេអូគ្រប់ទម្រង់នោះទេ ពោលគឺលោកបន្តលើកទឹកចិត្តឱ្យអាជ្ញាធរបន្តរឹតបន្តឹងលើការថតរូបភាព ឬវីដេអូក្នុងទម្រង់ពាណិជ្ជកម្មធំៗ រួមទាំងថតដ្រូនផងដែរ ដោយការថតក្នុងទម្រង់បែបនេះ គឺចាំបាច់ត្រូវតម្រូវឱ្យមានការដាក់ពាក្យស្នើសុំការអនុញ្ញាតជាមុនសិន។
យ៉ាងណាក៏ដោយ លោក ធួន ស៊ីណាន ស្នើឱ្យអាជ្ញាធរគួរផ្តល់ការលើកទឹកចិត្តដល់ការថតភាពយន្តហូលីវូដ ព្រោះវាជាការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយទៅកាន់ពិភពលោក។
ជុំវិញរឿងនេះដែរ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា ការបន្ធូរបន្ថយការរឹតត្បិតលើការថតរូបនៅតំបន់អង្គរ វាជាការរួមចំណែកដ៏សំខាន់មួយក្នុងការជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។
ប៉ុន្តែអ្នកជំនាញរូបនេះ ហាក់បារម្ភថា ការបន្ធូរបន្ថយនេះអាចនឹងធ្វើឱ្យមានបុគ្គលមួយចំនួនធ្វើសកម្មភាពថតរូបក្នុងគោលបំណងមិនល្អ ដែលអាចបង្កផលប៉ះពាល់ដល់កិត្តិនាមរបស់តំបន់អង្គរ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលទាមទារឱ្យអាជ្ញាធរពិនិត្យ និងតាមដានរាល់សកម្មភាព របស់ភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកអំពីការថតរបស់ពួកគេដោយកុំតឹងពេក ហើយយកុំធូររលុងពេក ដែលនាំឱ្យបាត់តម្លៃបេតិកភណ្ឌរបស់ជាតិ និងពិភពលោក។
បើតាមលោក ហូ វណ្ឌី អាជ្ញាធរជាតិអប្សរា គួរធ្វើលិខិតតូចៗផ្ដល់ជូនអ្នកទៅលេងកម្សាន្តក្នុងតំបន់អង្គរដែលមានបញ្ជាក់ពីប្រការហាមឃាត់ ការថតរូបខុសពីគោលការណ៍វិជ្ជាជីវៈ ដើម្បីងាយស្រួលក្នុងការចាត់វិធានការនៅពេលមានអ្នកបំពានជាដើម។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិ អប្សរា បានឲ្យដឹងថា អាជ្ញាធរអប្សរាពុំតម្រូវឱ្យបង់ប្រាក់ និងពុំចាំបាច់ដាក់ពាក្យស្នើសុំសម្រាប់ការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញសង្គមដូចជា Facebook, Youtube និង Tik Tok ជាដើម ដែលប្រើទូរសព្ទដៃនោះទេ។
ប៉ុន្តែត្រូវចៀសវាងការថតរូបអាសអាភាស និងសកម្មភាពប៉ះពាល់តម្លៃសីលធម៌ និងវប្បធម៌នៅគ្រប់ផ្នែកទាំងអស់នៃសេវាទូទៅ។ ជាមួយគ្នានេះ ការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនទាំងជាតិ និងអន្តរជាតិ ដោយពុំប្រើប្រាស់ឧបករណ៍ ដ្រូន ក៏ពុំចាំបាច់ដាក់ពាក្យស្នើសុំ និងបង់ប្រាក់នោះដែរ៕
អត្ថបទ៖ បូ ដូឡា