សត្វចិញ្ចឹម

ទីផ្សារផ្តល់សេវាកម្មពាក់ព័ន្ធសត្វចិញ្ចឹមលើពិភពលោកមានតម្លៃលើស៤០ពាន់លានដុល្លារក្នុង១ឆ្នាំ


ទីផ្សារផ្តល់សេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹមនៅលើពិភពលោកជាពិសេសនៅសហភាពអឺរ៉ុប ត្រូវបានគេអះអាងថា មានទំហំដ៏មហាសាលរហូតដល់៤០ពាន់លានដុល្លារអាម៉េរិក។ គ្រាន់តែនៅសហភាពអឺរ៉ុប បច្ចុប្បន្នមានសត្វចិញ្ចឹមសរុបរហូតដល់៣៤០លានក្បាល ហើយរំពឹងថា ចំនួនសត្វចិញ្ចឹមនេះនឹងបន្តកើនឡើង៦,៤% នៅក្នុងមួយឆ្នាំបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
សត្វចិញ្ចឹម
ដោយ

កំណើនតម្រូវការសត្វចិញ្ចឹមនៅតំបន់អឺរ៉ុប កំពុងធ្វើឲ្យសេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹមបានក្លាយជាប្រភពអាជីវកម្ម ដែលមានតម្លៃដ៏មហាសាលមួយនៅលើពិភពលោក។ នេះគឺជានិន្នាការថ្មីមួយ ដែលកំពុងកើតមានឡើងនៅតាមបណ្តាប្រទេសនៅបស្ចិមលោក ជាពិសេសនៅសហភាពអឺរ៉ុប និងនៅសហរដ្ឋអាម៉េរិកជាដើម។ នៅអឺរ៉ុបបច្ចុប្បន្ន ចំនួនសត្វចិញ្ចឹមមានរហូតដល់ទៅ៣៤០លានក្បាល ហើយនៅក្នុងមួយឆ្នាំគេព្យាករថា ចំនួនសត្វចិញ្ចឹមមានកំណើនប្រមាណ៦,៤% ដែលកំពុងជះផលវិជ្ជមានដល់ទីផ្សារផ្តល់សេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹម។

បើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Renub Research បានប៉ាន់ប្រមាណថា មកទល់ពេលនេះសេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹម ជាពិសេសសេវាកម្មថែទាំសុខភាពសត្វ មានតម្លៃរហូតដល់ទៅ៤០ពាន់លានដុល្លារ។ ក្រុមហ៊ុននេះបានអះអាងថា ទន្ទឹមនឹងចំនួនសត្វចិញ្ចឹមមានការកើនឡើងខ្ពស់ សេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹម ក៏កំពុងតែមានកំណើនដូចគ្នានេះ ក្នុងនោះគ្រាន់តែនៅចក្រភពអង់គ្លេស និងអេស្ប៉ាញ មានកន្លែងផ្តល់សេវាកម្មថែទាំសុខភាពសត្វ ឬពេទ្យសត្វរហូតដល់ទៅ៦ពាន់កន្លែង ខណៈនៅអាល្លឺម៉ង់ បារាំង និងអ៊ីតាលី ក៏មានការកើនឡើងផងដែរ។

ដោយឡែក នៅសហរដ្ឋអាម៉េរិកវិញ ធនាគារ US bank Morgan Stanley ក៏ទទួលស្គាល់ពីសក្តានុពលនៃទីផ្សារពាក់ព័ន្ធនឹងការផ្តល់សេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹមនេះផងដែរ។ ស្ថានប័នហិរញ្ញវត្ថុដ៏ធំមួយនេះបានអះអាងថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ចំនួនសត្វចិញ្ចឹមនៅសហរដ្ឋអាម៉េរិក បានកើនឡើងយ៉ាងហោចណាស់៥លានក្បាល ហើយបច្ចុប្បន្ននិន្នការនៃការកើនឡើងចំនួនសត្វចិញ្ចឹមនៅតែបន្ត ដោយក្នុងមួយឆ្នាំមានការកើនឡើងប្រមាណ១៤%ឯណោះ។

លោកស្រី ជនកូ ស៊ីហាន (Junko Sheehan) នាយកប្រតិបត្តិ និងជាស្ថាបនិកមន្ទីរពេទ្យសត្វ UNAVETS បាននិយាយថា ពលរដ្ឋអឺរ៉ុបសម័យនេះពិតជាមានឆន្ទៈ និងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការថែទាំសុខភាពសត្វចិញ្ចឹមរបស់ពួកគេ។ លោកស្រីបានបន្តថា ជួនកាលពួកគេហ៊ានចំណាយលើការថែទាំសុខភាពសត្វចិញ្ចឹមរបស់ពួកគេច្រើនជាងការថែទាំសុខភាពរបស់ពួកគេទៅទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន វីរៈ ប៊ុនថាំ ដាក់ឱ្យដំណើរការកប៉ាល់ដឹកអ្នកដំណើរដែលមានតម្លៃខ្ទង់លានដុល្លារ ដើម្បីដឹកភ្ញៀវទេសចរទៅមករវាងខេត្តកំពត និងកោះត្រល់

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើឆាប់រហ័សឈានមុខគេមួយនៅកម្ពុជា បានដាក់ឱ្យដំណើរការសាកល្បង…

ថៃ គ្រោងផ្ដល់សិទ្ធិរុករករ៉ែប្រេងកាតក្នុងខេត្តចំនួន៩ រួមទាំងខេត្តសុរិន្ទជាប់ព្រំដែនកម្ពុជា

ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី គ្រោងផ្ដល់សិទ្ធិរុករករ៉ែប្រេងកាតលើដីគោកចំនួន៩ទីតាំងផ្សេងគ្នា ដែលគ្របដណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ