ភឿថៃដឹកនាំរដ្ឋាភិបាលបានសម្រេច តែស្ថាបនិកនៅក្នុងពន្ធនាគារ

តើគណបក្សភឿថៃដែលកាន់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ នឹងអាចជួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាឲ្យផុតពីការជាប់គុកបានដែរទេ?


លោក ស្រ៊ីថា ថាវេស៊ីន មកពីគណបក្សភឿថៃបានទទួលសេចក្តីទុកចិត្តពីសភា ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថៃទី ៣០ ក្រោយពេលដែលគណបក្សឈ្នះឆ្នោតគឺគណបក្សឆ្ពោះទៅមុខបរាជ័យពីរដង ។ ភឿថៃដឹកនាំរដ្ឋាភិបាលបានសម្រេច ប៉ុន្តែស្ថាបនិក និង ជាអ្នកមានឥទ្ធិពលរបស់បក្សនេះ កំពុងស្ថិតនៅក្នុងពន្ធនាគារ ដែលនាំឲ្យមានការរិះគិតថា អ្នកនយោបាយនិងពាណិជ្ជករចាស់វង្សារូបនេះនឹងអាច ទទួលការបន្ធូបន្ថយទោស ។
ភឿថៃដឹកនាំរដ្ឋាភិបាលបានសម្រេច តែស្ថាបនិកនៅក្នុងពន្ធនាគារ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗនានា បានឲ្យដឹងថា លោក ស៊្រីថា ថាវេស៊ីន ដែលជាអ្នកស្និទនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ដែលនិរទេសខ្លួននៅក្រៅប្រទេស ១៥ ឆ្នាំ បានទទួលការគាំទ្រពីសភា និង ព្រឹទ្ធសភា កាលពីថ្ងៃទី ២២ ខែ សីហា ក្លាយជានាយករដ្ឋមន្រ្តីថៃទី ៣០ ស្របពេលដែល លោក ថាក់ស៊ីន បានសុខចិត្តវិលប្រឡប់មកប្រទេសវិញទទួលកំហុស ហើយត្រូវបានតុលាការកំពូលសម្រេចឃុំខ្លួនលោក នៅពន្ធនាគារ ដើម្បីទទួលទោសតាមបទចោទប្រកាន់ចំនួន ៣ ធំៗ ។
បន្ទាប់ពីការពិភាក្សា លោក ស៊្រីថា បានទទួលការគាំទ្រ ៤៨៤ សម្លេង ដោយនៅក្នុងនោះ ប្រឆាំង មាន ១៦៥ សម្លេង អនុប្បវាទ ៨១ សម្លេង និងអវត្តមាន ១៩ សម្លេង ។

សម្លេងគាំទ្រលោក ស្រ៊ីថា គឺបានមកពីក្រុមចម្រុះ១១ បក្ស និង សមាជិកព្រឹទ្ធសភាខ្លះ ខណៈដែល គេដឹងថា នៅក្នុងចំណោមព្រឹទ្ធសមាជិក ២៥០ រូប មាន ១៥២ រូបនៅតែប្រឆាំងនឹងបេក្ខភាពរបស់លោក ។
ពាក់ព័ន្ធនឹងទំនាក់ទំនងរវាង ការឈ្នះតំណែងនាយករដ្ឋមន្រ្តី របស់ លោក ស្រ៊ីថា និង ការវិលប្រឡប់មកវិញរបស់ លោក ថាក់ស៊ីន ក្រុមអ្នកវិភាគបានអះអាងថា ព្រឹត្តិការណ៍ទាំងពីរនេះ អាចមានទំនាក់ទំនងគ្នាស្អិតរមួត ហើយ គេជឿជាក់ថា ដំណើរវិលត្រឡប់របស់លោក ថាក់ស៊ីន មកកាន់ថៃវិញ នេះគឺ លោកពិតជាទទួលបានសញ្ញាវិជ្ជមានជាច្រើន ។
ពាណិជ្ជករនិងជាអ្នកនយោបាយវ័យ ៧៤ ឆ្នាំ បានសុខចិត្តរស់នៅនិរទេស ១៥ ឆ្នាំ ក្រោយរដ្ឋប្រហារដោយយោធានៅឆ្នាំ ២០០៦ ហើយបានសន្យាជាង ២០ ដង ទម្រាំលោក សុខចិត្តវិលត្រឡប់មកវិញ ។
លោកបណ្ឌិត យុត្ថាផន អ៊ីសារ៉ាឆៃ (Yuthaporn Isarachai) អ្នកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ សុខោទ័យ ថាម៉ាធីរ៉ា បានត្រូវដកស្រង់សំដីដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា ការសម្រេចចិត្តវិលមកវិញរបស់លោក ថាក់ស៊ីន នៅពេលនេះឆ្លុះបញ្ចាំងថា លោកមានទំនុកចិត្តខ្លាំងណាស់ ។
លោកបណ្ឌិតរូបនេះ បានអះអាងថា ការវិលត្រឡប់របស់ លោក ថាក់ស៊ីន គឺពិតជាមានឥទ្ធិពល ដល់ការឈ្នះបេក្ខភាពនាយករដ្ឋមន្រ្តីរបស់ភឿថៃ ។
នៅមុនការពេលលោក ថាក់ស៊ីន ចូលស្រុក ការខកខានការអនុវត្តការសន្យាអំពីការវិលប្រឡប់របស់លោក កាលពីដើមខែសីហា ក្រុមអ្នកនយោបាយ និង វិភាគនៅថៃ បានអះអាងថា ការខកខានកាលនោះ ហើយ លោកបានបង្វិលមកកម្ពុជា ចូលរួមខួបកំណើតមេដឹកនាំកម្ពុជា គឺដោយសារតែលោក នៅមិនទាន់បានការទទួលការធានា និង មិនទាន់ប្រាកដប្រជា ។
លោក ថាក់ស៊ីន ត្រូវបានអ្នកនយោបាយថៃខ្លះ អះអាងថា លោកមិនចង់ចូលពន្ធនាគារនោះទេ ដូច្នេះហើយទើបមានសេណារីយូ ឫទស្សនៈថា លោកវិលមកស្រុកនៅពេលនេះ លោកពិតជា ទទួលការសន្យាច្បាស់លាស់ណាមួយ អំពីបញ្ហាសុវត្ថិភាព និង ជីវិតនយោបាយរបស់លោក ។
តាំងពីរស់នៅនិរទេសនៅឆ្នាំ ២០០៨ មក លោក ថាក់ស៊ីន បានប៉ុនប៉ងវិលត្រឡប់មកវិញជា ច្រើនដង ក្រោមរដ្ឋបាលរដ្ឋាភិបាលដែលស្និតនិងលោក ៣ សម័យកាល រួមទាំងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប៉ុន្តែនៅតែមិនជោគជ័យ ដូច្នេះ លោកពិតជា មានសង្ឃឹមមុតមាំណាស់នៅលើរដ្ឋបាលរដ្ឋាភិបាលថៃថ្មី ដែលស្ថិតក្រោមដៃ លោក ស្រ៊ីថា ដែលគេដឹងថា ជាអតីតអ្នកជំនាញអចលនទ្រព្យដែលស្និទនឹងគ្រួសារលោកជាទីបំផុត ។
ជុំវិញបញ្ហានេះ លោក ថាណាផន ស្រ៊ីយានគុល (Thanaporn Sriyankul) នាយកវិទ្យាស្ថានវិភាគគោលនយោបាយថៃ បានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍ថា វត្តមានលោក ថាក់ស៊ីន អាចជាចំណាប់ខ្មាំងនយោបាយ ដើម្បីធានាការគាំទ្រពីគណបក្សដែលលំអៀងទៅយោធា ដើម្បីបញ្ជាក់ថា ភឿថៃ ត្រៀមខ្លួនរួចរាល់នឹងធ្វើការជាមួយនឹង ពួកគេ ។
ផ្អែកតាមទឡ្ហីករណ៍ទាំងនេះ គេជឿជាក់ថា លោក ថាក់ស៊ីន អាចនឹងមិនស្ថិតនៅក្នុងពន្ធគារយូរពេកនោះទេ ។ លោកអាចនឹងទទួលការលើកលែងឫសម្រាលទោសពីព្រះមហាក្សត្រថៃ ឫ មួយក៏នឹងមានការសម្របសម្រួលនយោបាយ អោយលោកស្ថិតនៅក្នុងការឃុំឃាំងនៅក្នុងផ្ទះ រហូតដល់ទោសទណ្ឌដែលលោកទទួលផុតកំណត់ ប៉ុន្តែរឿងលោករួចពីទោសទណ្ឌ ឱកាសគឺទាប៕




អត្ថបទបន្ទាប់


លោក ចូ បៃដិននឹងទៅចូលរួមកិច្ចប្រជុំកំពូលG20នៅឥណ្ឌា ខណៈលោកស្រីហារីសនឹងឆ្ពោះទៅកិច្ចប្រជុំASEAN នៅឥណ្ឌូនេស៊ី

ព័ត៌មាន
សេតវិមានអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌនៅថ្ងៃទី៧-១០ខែកញ្ញា សម្រាប់កិច្ចប្…

នាយករដ្ឋមន្ត្រីថ្មីបន្តជំរុញការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីបង្កើនការទាក់ទាញវិនិយោគិនបរទេស

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជា នៅតែចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ