
គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ មានរយៈពេលប្រមាណ១០ខែហើយ ដែលលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បានចូលខ្លួនមកកាច់ចង្កូតដឹកនាំប្រទេសថៃ ក្នុងនាមជានាយករដ្ឋមន្រ្តីទី៣១របស់ប្រទេស។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ឌឹណេសិន នៅក្នុងរយៈពេល១០ខែកន្លងមកនេះ លោកស្រី ផៃថងថាន កំពុងតស៊ូនឹងបញ្ហាប្រឈមមុខធំៗយ៉ាងហោចណាស់ចំនួន៥។ បញ្ហាប្រឈមធំៗដែលលោកស្រី ផៃថងថាន កំពុងរែកពុននោះ គឺរាប់បញ្ចូលទាំងការចោទប្រកាន់ពីអំពើពុករលួយ ការរុះរើគណៈរដ្ឋមន្ត្រី វិបត្តិនយោបាយ រឿងចម្រូងចម្រាសពាក់ព័ន្ធលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងភាពតានតឹងនៅតាមព្រំដែនជាមួយនឹងកម្ពុជាដែលកំពុងបន្ត។
ពាក់ព័ន្ធបញ្ហាអំពើពុករលួយ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រី ផៃថងថាន ត្រូវបានគេចោទប្រកាន់ពីការប្រើប្រាស់ឋានៈ ឬមុខតំណែងធ្វើអន្តរាគមន៍ក្នុងការអនុម័តថវិកាគ្រប់គ្រងទឹកឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ប្រមាណជា១,៥ពាន់លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ បញ្ហាការរុះរើគណរដ្ឋមន្រ្តី ក៏ជាបញ្ហាសំខាន់មួយដែរ ព្រោះនៅពេលនេះ គណបក្សធំពីរនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី កំពុងប្រេះឆានឹងគ្នា គឺគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ។ តែយ៉ាងណានៅពេលនេះគណបក្សទាំងពីរកំពុងសម្រុះសម្រួលគ្នា ខណៈលោកស្រី ផៃថងថាន បានផ្អាកការរុះរើគណរដ្ឋមន្រ្តី។ ការប្រទូសរ៉ាយផ្ទៃក្នុងរដ្ឋាភិបាលចម្រុះរវាងគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ អាចនឹងធ្វើឲ្យរដ្ឋាភិបាលលោកស្រី ផៃថងថាន ដួលរលំក៏អាចថាបាន ហើយនៅពេលនោះថៃនឹងធ្លាក់ទៅក្នុងបញ្ហាវិបត្តិនយោបាយជាថ្មី។
រឿងក្តីក្តាំពាក់ព័ន្ធនឹងបញ្ហាវិលចូលស្រុករបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្រោមការសន្យាថា មកទទួលទោស ប៉ុន្តែមិនបានជាប់ទោសនៅពន្ធនាគារបែរជាមកស្នាក់នៅបន្ទប់ជាន់ទី១៤ នៃមន្ទីរពេទ្យប៉ូលីស ក្រោមលេសបញ្ហាសុខភាព ក៏ជារឿងដ៏សំខាន់ដែលមហាជន និងអ្នកនយោបាយមិនទាន់បញ្ចប់ការជជែកគ្នានៅឡើយដែរ។ បញ្ហានេះ ត្រូវបានគេចាត់ទុកថា ជាល្បែងនយោបាយ ដែលអាចនាំឱ្យមានការរុះរើគណៈរដ្ឋមន្ត្រីផងដែរ។
បញ្ហាដ៏ក្តៅគគុកចុងក្រោយ និងស្ថានការណ៍កាន់តែស្មុគស្មាញនោះ គឺពាក់ព័ន្ធនឹងភាពតានតឹងនៅតាមព្រំដែនដែលកំពុងបន្តកើតមានរវាងកម្ពុជា និងថៃ។ កម្តៅនយោបាយហាក់កំពុងកើនឡើង ទោះបីរដ្ឋាភិបាលថៃ បានប៉ុនប៉ងរលាស់ដៃចេញពីការទទួលខុសត្រូវលើការសម្រេចចិត្តចាត់វិធានការជាមួយកម្ពុជា ក៏ដោយ៕
ដោយៈ សរ សុជាតិ