
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានដ៏ល្បីល្បាញ Time បានឲ្យដឹងថា នៅក្នុងរយៈពេល ប្រមាណជា ១០ខែកន្លងមកនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានព្យាយាមការពារ រដ្ឋាភិបាល ប្រឆាំងនឹងការកាន់កាប់ដោយយោធា តាមរយៈការសម្របសម្រួល ជាមួយឥស្សរជន អភិរក្សនិយម និងរាជានិយម ប៉ុន្តែឈានដល់ខែមិថុនា នេះ រដ្ឋាភិបាលលោកស្រីពិតជារង្គោះរង្គឺ ខ្លាំងបំផុត ។
ចំពេលមានវិបត្តិកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយភាពតានតឹងព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា អ្នកជំនាញ និងអ្នកសង្កេតការណ៍នយោបាយថៃ មួយចំនួន បានបង្ហាញនូវទស្សនទានថា លោកស្រី ផែថងថាន នឹងមិនអាចទ្រទ្រង់រដ្ឋាភិបាលនេះបន្តទៀតបានយូរនោះឡើយ ។
ក្រុមអ្នកវិភាគទាំងនោះបានលើកឡើងថា លោកស្រីនឹងដើរតាមគន្លងរបស់ឪពុក គឺអតីតនាយករដ្ឋមន្ត្រី ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាដែលត្រូវបណ្តេញចេញពីអំណាចនៅឆ្នាំ២០០៦ និង ម្តាយមីង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅឆ្នាំ ២០១៤។
ក្រុមអ្នកវិភាគ ដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មានអាម៉េរិក Time បានលើកឡើងថា លោកស្រីអាចនឹងបញ្ចប់តំណែងមុនអាណត្តិដោយរដ្ឋប្រហារ ឬ ដោយវិបត្តិនយោបាយ ស្របពេលដែលសេដ្ឋកិច្ចកំពុងស្រុតចុះ ហើយបញ្ហាប្រឈមភូមិសាស្ត្រនយោបាយកាន់តែតានតឹង ។
សេណារីយោនៃភាពចុះខ្សោយនឹងឈានទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរបស់លោកស្រីបង្ហាញតាំងពីខែធ្នូ ឆ្នាំមុនម្ល៉េះ នៅពេលដែលសមាជិកសភាគណបក្សភឿថៃ ព្យាយាមអនុម័តច្បាប់ប្រឆាំងរដ្ឋប្រហារ ដែលត្រូវបានជំទាស់ដោយសមាជិកផ្សេងទៀតនៃសម្ព័ន្ធរបស់ខ្លួន ។
ភាពប្រេះសាំ្របានបន្តហើយកាន់តែរង្គោះរង្គើនៅពេលដែលយោធាបង្កបញ្ហាព្រំដែនជាមួយនឹងកម្ពុជា នៅតំបន់មុំបី នៅថ្ងៃទី ២៨ ខែឧសភា ។ ក្រុមប្រឆាំងបានរិះគន់ខ្លាំងៗ លើលោកស្រី លើកម្សោយនៃចំណាត់ ការដោះស្រាយបញ្ហា ហើយវាកាន់តែកក្រើកឡើង ក្រោយការលេចធ្លាយការសន្ទនាតាមទូរសព្ទជាមួយនឹង អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។
ក្រោយការលេចធ្លាយនេះ ដៃគូចម្រុះដ៏ធំគឺគណបក្សភូមិចៃថៃ ដែលមានស្នាមប្រេះយូរហើយនោះ គឺបានសម្រេចចាកចេញពីរដ្ឋាភិបាលលោកស្រីហើយ ដោយឡែកគណបក្សប្រឆាំងនៅក្នុងសភា និង ក្រុម ចលនានយោបាយ ដែលគេចិញ្ចឹមទុក គឺក្រុមអាវលឿងបានលេចមុខហើយកំពុងតែទាមទារឲ្យលោកស្រីលាលែងតំណែង និងរំលាយសភា ។
នៅពេលនេះយោធាហាក់បង្ហាញនូវការគាំទ្រលោកស្រី ផែថងថាន នៅឡើយទេ ក៏ប៉ុន្តែក្រុមប្រឆាំងបានអង្រួនខ្លាំងឲ្យមានការរំលាយសភា ដើម្បីបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោត ។
ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយនៅថៃ លោក ណាផុន ចាទុស្រ៊ីភីថាក់ (Napon Jatusripitak) អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី បាននិយាយ ថា ប្រវត្តិសាស្ត្រកំពុងកើតឡើងម្តងទៀតចំពោះ ត្រកូលស៊ីណាវ៉ាត្រា។
លោក ម៉ាក ខូហ្គេន (Mark S. Cogan) សាស្ត្រាចារ្យរងផ្នែកសិក្សាសន្តិភាព និងជម្លោះនៅសាកលវិទ្យាល័យ Kansai Gaidai បានពណ៌នាថា រដ្ឋាភិបាលលោកស្រីផែថងថាន បានបាត់បង់ទំនុកចិត្តជាសាធារណៈរួចទៅហើយ ចំពោះការមិនអនុវត្តការសន្យានៃយុទ្ធនាការប្រជានិយមរបស់ខ្លួន រួមទាំងការធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើងវិញ។
ដោយឡែកលោក ធឺមសាក់ ចាឡឺមផាឡានុភាព (TermsakChalermpalanupap) អ្នកសា្រវជ្រាវនៅវិទ្យាស្ថាន ISEAS-Yusof Ishak មួយរូបទៀតនិយាយថា កងទ័ពប្រហែលជាមិនចាំបាច់ចូលរួមដើម្បីដកសេចក្តីទុកចិត្តលើកលោកស្រីទេ ។
លោកបានបន្តថា ការដកខ្លួនរបស់គណបក្សភូមិចៃថៃ ពីរដ្ឋាភិបាលចម្រុះ គឺជាសញ្ញាមួយទៅហើយ។
ទោះជាបែបនេះក្ដី លោកស្រី ផែថងថាន នៅពេលនេះ កំពុងខិតខំស្ដារស្ថានការណ៍នយោបាយរបស់ខ្លួនឡើងវិញ ដើម្បីទទួលបានការទុកចិត្តពីយោធា និងដៃគូសម្ព័ន្ធរបស់ខ្លួន ប៉ុន្ដែ កម្លាំងក្រុមប្រឆាំង ដែលមិនគាំទ្រលោកស្រី ក៏ប្រកាសនឹងត្រៀមធ្វើបាតុកម្មទាមទារឱ្យលោកស្រីលាលែងពីតំណែងផងដែរ៕
ដោយៈ សរ សុជាតិ