ឆ្មាំសមុទ្រចិន បានឱ្យដឹងថា ឧប្បត្តិហេតុនៃការប៉ះទង្គិចគ្នារវាងនាវាហ្វីលីពីន និងនាវាចិននេះ បានកើតឡើងនៅម៉ោងប្រហែល៣ព្រឹកនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ ក្រោយការប៉ះទង្គិចគ្នារួច នាវារបស់ហ្វីលីពីន បានបើកចូលទៅក្នុងដែនទឹកជិតតំបន់ សឹខិនថូម៉ាស់សូល ក្រោយឆ្មាំសមុទ្រចិន ហាមមិនឱ្យបើកចូលដែនទឹកនៅតំបន់ សាប៊ីណាសូល។
អ្នកនាំពាក្យឆ្មាំសមុទ្រចិន លោក ហ្កាន យូ (Gan Yu) បានអះអាងថា នាវាឆ្មាំសមុទ្រហ្វីលីពីន ចំនួនពីរគ្រឿង បានរំលោភបំពានដោយខុសច្បាប់ចូលទៅក្នុងដែនទឹកដែលនៅជាប់តំបន់ សាប៊ីណាសូល ដោយគ្មានការអនុញ្ញាតនៅព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នេះ ហើយថា ហ្វីលីពីនតែងតែបង្កបញ្ហាជាបន្តបន្ទាប់នៅតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ តែយ៉ាងណាមិនទាន់មានការប្រតិកម្មពីភាគីហ្វីលីពីនជុំវិញករណីនេះនៅឡើយទេ។
ឆ្មាំសមុទ្ររបស់ចិន បាននិយាយទៀតថា ខ្លួនបានចាត់វិធានការគ្រប់គ្រងស្ថានការណ៍ទៅលើនាវាហ្វីលីពីន ស្របតាមច្បាប់នៅក្នុងឧប្បត្តិហេតុប៉ះទង្គិចគ្នានេះ ហើយក៏បានព្រមានហ្វីលីពីន ឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពាន និងការបង្កហេតុ បើមិនដូច្នេះទេហ្វីលីពីន អាចជួបការលំបាកផ្សេងៗ។
សូមរំលឹកថា ប្រទេសចិន និងហ្វីលីពីន បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នក្នុងខែកក្កដា បន្ទាប់ពីមានជម្លោះម្តងហើយម្តងទៀតនៅជិតតំបន់ឆ្នេរសមុទ្រ សឹខិនថូម៉ាសសូល។ ចិនបានរងការរិះគន់យ៉ាងខ្លាំងពីបណ្ដាប្រទេសបស្ចិមលោកចំពោះការឈ្លានពាន និងការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងការផ្គត់ផ្គង់ដល់ទាហានឡើងវិញនៅលើខ្មោចនាវាទ័ពជើងទឹកមួយគ្រឿងដែលហ្វីលីពីនបានផ្អាកដំណើរការកាលពី២៥ឆ្នាំមុន៕
អត្ថបទ៖ សុខ មង្គល