មន្ត្រីហ្វីលីពីន បានធ្វើសន្និសីទព័ត៌មានមួយនៅព្រឹកថ្ងៃចន្ទទី២៣ ខែតុលា ដើម្បីដោះស្រាយឧប្បត្តិហេតុមួយកាលពីថ្ងៃអាទិត្យ ក្រោយនាវាឆ្មាំសមុទ្រចិន បានធ្វើ«សមយុទ្ធរារាំងដ៏គ្រោះថ្នាក់» ដែលប៉ះទង្គិចជាមួយនាវាផ្គត់ផ្គង់យោធាហ្វីលីពីន ប៉ុន្តែគ្មានភាគីណាមួយមានគ្រោះថ្នាក់នោះទេ។ នេះបើតាមក្រុមការងារពិសេសរបស់ហ្វីលីពីន ដែលបំពេញការងារនៅសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃអាទិត្យ ប្រទេសហ្វីលីពីន បានថ្កោលទោសទង្វើរបស់ចិន ដោយហៅទង្វើទាំងនេះថា មាន«គ្រោះថ្នាក់ គ្មានការទទួលខុសត្រូវ និងខុសច្បាប់» ខណៈដែលភាគីចិន បាននិយាយថា ប្រតិបត្តិការរបស់ខ្លួនមានវិជ្ជាជីវៈត្រឹមត្រូវ និងស្របច្បាប់។
លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ ហ្វីលីពីន បាននិយាយនៅថ្ងៃចន្ទថា ទីក្រុងម៉ានីល បានកោះហៅឯកអគ្គរដ្ឋទូតចិនមកសួរនាំ ជុំវិញឧប្បត្តិហេតុនេះ ដើម្បីជា«សារច្បាស់លាស់មួយ»បង្ហាញពីភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុនេះ។
ជាមួយគ្នានេះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់មួយ ដោយចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានធ្វើសមយុទ្ធប្រកបដោយគ្រោះថ្នាក់ និងបំពានច្បាប់អន្តរជាតិក្នុងចេតនាជ្រៀតជ្រែកក្នុងកិច្ចការអនុវត្តសេរីភាពនាវាចរណ៍របស់នាវាហ្វីលីពីន។
លោក ដន ម៉េកឡេន ហ្គីល (Don McLain Gill) អ្នកវិភាគ និងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ De La Salle ក្នុងទីក្រុងម៉ានីល បាននិយាយថា ការប៉ះទង្គិចគ្នាជាមួយចិននេះ បានកើតឡើងនៅចំពេលមិនច្បាស់លាស់កាន់តែខ្លាំងឡើងលើតួនាទីការពាររបស់អាម៉េរិក នៅក្នុងតំបន់អាស៊ី។ លោក ហ្គីល បន្ថែមថា សម្ព័ន្ធមិត្តរបស់អាម៉េរិក នៅក្នុងតំបន់កំពុងព្រួយបារម្ភថា តើទីក្រុងវ៉ាស៊ីនតោន មានឆន្ទៈនយោបាយកម្រិតណាក្នុងការដើរតួនាទីយ៉ាងខ្ជាប់ខ្ជួននៅក្នុងតំបន់ចំពេលមានស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា និងអឺរ៉ុប។
លោក ហ្គីល បាននិយាយថា ការដែលហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយអាម៉េរិក គឺជារឿងសំខាន់មែនហើយ ប៉ុន្តែវាក៏សំខាន់ណាស់ដែរសម្រាប់ទីក្រុងម៉ានីល ក្នុងការបង្កើតបណ្តុំយុទ្ធសាស្ត្រដើម្បីកែលម្អភាពបត់បែនផ្នែកនយោបាយរបស់ខ្លួននៅចំពេលមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ដែលកំពុងតែកើតឡើង។
ចំណែកលោក ឆេស្ទឺ ខាបាល់ហ្សា (Chester Cabalza) ស្ថាបនិកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសន្តិសុខអន្តរជាតិ ដែលជាក្រុមវិភាគមួយនៅទីក្រុងម៉ានីល បានប្រាប់សារព័ត៌មាននីកេអេស៊ាថា ហ្វីលីពីន គួរតែបង្កើនគម្រោងសាងសង់នៅកន្លែង៤ទៀត ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដែលស្រាប់ ដើម្បីបង្កើតរបាំងឱ្យរឹងមាំក្នុងការទប់ស្កាត់សកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង។
អ្នកវិភាគរូបនេះបានបន្ថែមថា ទីក្រុងប៉េកាំង កាន់តែបង្កើនការក្ដោបក្តាប់អំណាចរបស់ខ្លួនលើទីក្រុងម៉ានីល បើទោះជាមានការខិតខំប្រឹងប្រែង ដើម្បីគាំទ្រការទូតដោយសន្តិភាពនៅក្នុងតំបន់ក៏ដោយ ខណៈដែលទីក្រុងម៉ានីលនឹងអះអាងពីអធិបតេយ្យភាពរបស់ខ្លួនកាន់តែខ្លាំងឡើងដែរ នៅសមុទ្រហ្វីលីពីនខាងលិច ហើយឥឡូវនេះប្រទេសដែលមានគំនិតដូចគ្នាបានបង្កើនភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំជាមួយនឹងហ្វីលីពីនកាន់តែខ្លាំងឡើងផងដែរ៕
អត្ថបទ៖ សុខ ជា