ក្រុមហ៊ុនប្រេងអង់គ្លេស Shell

ក្រុមហ៊ុនប្រេងអង់គ្លេស Shell ផ្ដល់ភ្លើងខៀវវិនិយោគ ២,៥ពាន់លានដុល្លារ លើគម្រោងឧស្ម័ននៅអូស្ត្រាលី


ក្រុមហ៊ុនប្រេងដ៏ធំរបស់អង់គ្លេស Shell Plc បានបញ្ជាក់នៅថ្ងៃទី៣០ឧសភានេះថា ខ្លួនមានផែនការពង្រីកការវិនិយោគលើគម្រោងអភិវឌ្ឍការទាញយកឧស្ម័នធម្មជាតិនៅក្នុងគម្រោងមួយដែលមានឈ្មោះថា គ្រកស៍ (Crux) នៅតំបន់ឆ្នេរសមុទ្រភាគខាងខាងលិចនៃប្រទេសអូស្ត្រាលី ដែលក្រុមអ្នកវិភាគសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា ការវិនិយោគនេះនឹងមានតម្លៃប្រហែល ២ពាន់៥រយលានដុល្លារអាមេរិក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី Channel News Asia ។
ក្រុមហ៊ុនប្រេងដ៏ធំរបស់អង់គ្លេស Shell Plcមានផែនការពង្រីកការវិនិយោគលើគម្រោងអភិវឌ្ឍការទាញយកឧស្ម័នធម្មជាតិ នៅតំបន់ឆ្នេរសមុទ្រភាគខាងខាងលិចនៃប្រទេសអូស្ត្រាលី

ក្រុមហ៊ុន Shell ដែល​ជា​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​ដ៏​សំខាន់​មួយ​ក្នុង​ពិភពលោក​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា គម្រោង​សាងសង់​កន្លែង​ទាញ​យក​ឧស្ម័ន​គ្រ​កស៍ (Crux) នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ​២០២៣ និង​អាច​ទទួល​បាន​ឧស្ម័ន​មក​ប្រើប្រាស់​លើក​ដំបូង​នៅ​ឆ្នាំ​២០២៧ ដែល​នឹង​អាច​មាន​ដល់​ទៅ ៣​លាន​៦​សែន​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។

ក្រុមហ៊ុន Shell បាន​និយាយ​ថា គម្រោង​នេះ​នឹង​ជួយ​អតិថិជន​របស់​ខ្លួន​នៅ​តំបន់​អាស៊ី ផ្លាស់​ប្តូរ​ពី​ការ​ប្រើ​ធ្យូងថ្ម​ទៅ​ជា​ប្រើ​ឧស្ម័ន​ធម្មជាតិ​ជំនួស​វិញ​សម្រាប់​ការ​បំប្លែង​ទៅ​ជា​ថាមពល​ប្រើប្រាស់ ហើយ​ថែម​ទាំង​ផ្តល់​នូវ​ប្រភព​ផ្គត់ផ្គង់​ដ៏​មាន​សុវត្ថិភាព​មួយ ដែល​ជា​កត្តា​សំខាន់​មួយ​បន្ទាប់​ពី​មានការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​។

លោក វែ​ល សាវ៉ា​ន (Wael Sawan) នាយក​ផ្នែក​ដំណោះស្រាយ​ឧស្ម័ន និង​ថាមពល​កកើត​ឡើង​វិញ​របស់​ក្រុមហ៊ុន Shell បាន​និយាយ​ថា៖ «​គម្រោង​នេះ​ក៏​នឹង​បង្កើន​សុវត្ថិភាព​នៃ​ការ​ផ្គត់ផ្គង់​ដល់​អតិថិជន​របស់​ក្រុមហ៊ុន Shell ផង​ដែរ ខណៈ​ដែល​គម្រោង​នេះ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ៗ​ពី​សំណាក់​ក្រុម​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក»​។

លោក Sawan បាន​និយាយ​ថា ការ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​របស់​អណ្ដូងប្រេង Prelude របស់​ក្រុមហ៊ុន​នេះ គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​អភិវឌ្ឍ​គម្រោង​នេះ​យ៉ាងច្រើន ដែល​ធ្វើ​ឱ្យ​គម្រោង​ទាញ​យក​ឧស្ម័ន គ្រ​កស៍ (Crux)​កាន់តែ​មាន​ភាព​ប្រកួតប្រជែង និង​ទាក់ទាញ​ផ្នែក​ពាណិជ្ជកម្ម​។ ទោះ​យ៉ាងណា ខាង​ក្រុមហ៊ុន Shell មិន​បាន​បញ្ជាក់​ពី​ទំហំ​ដើមទុន​ជាក់លាក់​លើ​ការ​វិនិយោគ​ក្នុង​គម្រោង​នេះ​ទេ​។

ប៉ុន្ដែ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ថាមពល វ៉ូ​ដ ម៉ាក​ខេ​នី (Wood Mackenzie) បាន​ប៉ាន់​ប្រមាណ​ថា គម្រោង​នេះ​នឹង​ចំណាយ​អស់​ប្រហែល ២​ពាន់​៥​រយ​លាន​ដុល្លារ ខណៈ​ដែល​អ្នកវិភាគ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ ក្រ​ឌី​ត ស៊ូ​ស (Credit Suisse) បាន​ប៉ាន់​ប្រមាណ​ថា គម្រោង​នេះ​មាន​តម្លៃ​ចន្លោះ​ពី ២ ពាន់​លាន​ដុល្លារ​ទៅ ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមស្ករត្នោតខេត្តកំពង់ស្ពឺ៖ ការផលិតស្ករត្នោតឆ្នាំនេះ អាចមិនគ្រប់តាមតម្រូវការទីផ្សារ

ព័ត៌មាន
បញ្ហាអាកាសធាតុ នៅតែជាបញ្ហាសម្រាប់សមាគមស្ករត្នោតកំពង់ស្ពឺនាឆ្នាំនេះ ដែលអាចជះឥទ្ធិពល ដល់ដំណើរការនៃការផលិត និងផ្គត់ផ្គង់ស្ករត្នោតកំពង់ស្ពឺទៅ…

ចិនបើកកិច្ចប្រជុំជាមួយរដ្ឋចំនួន១០នៃបណ្ដាប្រជុំកោះប៉ាស៊ីហ្វិក ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសន្តិសុខ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃចន្ទសប្តាហ៍នេះ បានជួបប្រជុំជាមួយសមភាគីមកពីប្រទេសកោះនៅប៉ាស៊ីហ្វិកចំនួន ១០ ដែលកិច្ចប្រជុំនេះធ្វើឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ