នាពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង កាលពីពេលថ្មីៗ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋ ចិនប្រចាំនៅកម្ពុជាបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើក និងពោរពេញដោយថាមពលនៅតំបន់ឥណ្ឌូចិន ក៏ដូចនៅតំបន់អាស៊ាននាពេលអនាគត។ ការជឿជាក់បែបនេះធ្វើឡើងក្រោយលោកមើលឃើញពីសន្ទុះនៃការអភិវឌ្ឍមានភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះ ក្នុងនាមជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាថ្មី លោក វ៉ាង វិនពីន ប្តេជ្ញានឹងខិតខំប្រឹងប្រែងសម្របសម្រួល ក៏ដូចជាសហការជាក្រសួងស្ថាប័ននានានៅកម្ពុជា សំដៅជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាពិសេសនឹងខិតខំជំរុញចំណងមិត្តភាពដែកថែមរវាងប្រទេសទាំងពីរឱ្យលេចចេញជាសមិទ្ធផលថ្មីៗ ដែលបម្រើឱ្យផលប្រយោជន៍រវាងប្រទេសទាំងពីរបន្ថែមទៀត។
យ៉ាងណាមិញឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ស្នើឱ្យឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាថ្មី ជួយលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុនវិនិយោគធំៗរបស់ចិនឱ្យមកបោះទុនវិនិយោគលើគម្រោងធំៗនៅកម្ពុជាបន្ថែមទៀត សំដៅជួយគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីរំពឹងថា ឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះ នឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល បើគិតក្នុងក្របខណ្ឌនៃការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ចិនបានឈរលំដាប់ទី១ ដែលបាន និងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើនដល់កម្ពុជា ដោយសរុបមកទល់ពេលនេះមានប្រមាណជាង៣ពាន់លានដុល្លារ។ យ៉ាងណាមិញ នៅឆមាសទី១ឆ្នាំ២០២៤នេះ ចិនជាប្រទេសដែលបានបណ្ដាក់ទុនវិនិយោគឈរនៅលំដាប់ទី២ ដែលស្មើនឹងជាង៤២% នៃទំហំវិនិយោគសរុបរបស់កម្ពុជា។
ឯកឧត្តមបានបន្តថា ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុជាដើម។ ជាមួយគ្នានេះ សមិទ្ធផលធំៗជាច្រើនទៀតដូចជាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នឹងលេចចេញជារូបរាងនាពេលអនាគតដ៏ខ្លីខាងមុខផងដែរ។
គួរបញ្ជាក់ថា កម្ពុជា-ចិនបានចាប់ផ្តើមទំនាក់ទំនងការទូតផ្លូវការនៅឆ្នាំ១៩៥៨ ហើយទំនាក់ទំនងការទូតបានបន្តរីកចម្រើនជាលំដាប់រហូតភាគីទាំងពីរបានតម្លើងកម្រិតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០១០។ មិនតែប៉ុណ្ណោះ កម្ពុជា-ចិនបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំជាអមតៈ។
បន្ថែមលើនេះនៅក្នុងយុគសម័យថ្មីនេះ កម្ពុជាចិនបានអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមឆ្នាំ២០២៤-២០២៨ ដើម្បីពិនិត្យវឌ្ឍនភាពការងារលើវិស័យអាទិភាពមួយចំនួន ដើម្បីពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងស្តង់ដាខ្ពស់៕