វិស័យសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីវៀតណាម ដាក់គោលដៅជំរុញកំណើនសេដ្ឋកិច្ចឱ្យឡើងដល់៨% នៅឆ្នាំ២០២៥


រដ្ឋសភាជាតិរបស់ប្រទេសវៀតណាម បានអនុម័តលើការកំណត់គោលដៅនៃកំណើនផលិតផលក្នុងស្រុកក្នុងរង្វង់៧% នៅឆ្នាំ២០២៥។ ប៉ុន្តែនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ (Pham Minh Chinh) គ្រោងកំណត់គោលដៅកំណើនសេដ្ឋកិច្ច៨% ពោលគឺឱ្យបានខ្ពស់ជាងគោលដៅរបស់រដ្ឋសភាសម្រាប់ឆ្នាំក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យសេដ្ឋកិច្ច
ដោយ

រដ្ឋសភាវៀតណាម តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីពេលថ្មីៗ បានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុបចន្លោះពី៦,៥% ទៅ៧% សម្រាប់ឆ្នាំ២០២៥។ ប៉ុន្តែនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ហាក់មានមហិច្ឆតាខ្ពស់ជាងនេះបន្តិចដោយលោកបានដាក់គោលដៅជំរុញយ៉ាងណាឱ្យវៀតណាម សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៨% នៅឆ្នាំក្រោយនេះ ក្រោយលោកមើលឃើញថា ឆ្នាំ២០២៥ ជាឆ្នាំនៃការពន្លឿនសេដ្ឋកិច្ច។

បើតាមសេចក្តីថ្លែងការណ៍ខាងលើ រដ្ឋាភិបាលនឹងផ្តល់អាទិភាពលើការលើកកម្ពស់កំណើនសេដ្ឋកិច្ច ខណៈរដ្ឋាភិបាលកំពុងគ្រប់គ្រងកម្រិតអតិផរណា និងធានាថា ឱនភាពថវិកា និងបំណុលសាធារណៈត្រូវស្ថិតក្នុងដែនកំណត់សមហេតុផល។

នាយករដ្ឋមន្ត្រីវៀតណាម បានព្យាករថា កំណើន GDP របស់វៀតណាម នៅក្នុងឆ្នាំ២០២៤ នេះនឹងសម្រេចបានរង្វង់ជាង៧% ពោលគឺខ្ពស់ជាងអត្រា៦,៥% នៃគោលដៅផ្លូវការរបស់រដ្ឋាភិបាល ខណៈអតិផរណារំពឹងនឹងស្ថិតក្នុងកម្រិតទាបជាង៤%។ ជាមួយគ្នានេះ រដ្ឋាភិបាលប្រទេសនេះបានព្យាករថា តម្លៃនៃការនាំចូល និងនាំចេញទំនិញ និងសេវាកម្មសរុបរបស់វៀតណាមនឹងកើនដល់ជាង៨០៧ពាន់លានដុល្លារនៅឆ្នាំនេះ ដែលជាតួលេខមួយខ្ពស់បំផុត។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលវៀតណាម បានដាក់គោលដៅជំរុញកំណើនសេដ្ឋកិច្ចឱ្យឈានដល់ពីរខ្ទង់នៅចន្លោះពីឆ្នាំ២០២៦-២០៣០ និងប្តេជ្ញានឹងខិតខំបញ្ចប់គម្រោងហេដ្ឋារចនាសម្ពន្ធធំៗរួមទាំងផ្លូវល្បឿនលឿនប្រវែង៣ពាន់គីឡូម៉ែត្រ និងការបញ្ចប់ការសាងសង់មូលដ្ឋានគ្រឹះនៃដំណាក់កាលដំបូងនៃអាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ (Long Thanh) ផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប្រជាជនឥណ្ឌូនេស៊ី ចំនួន១៣៧លាននាក់ ធ្លាក់ក្នុងអន្ទាក់បំណុលអនឡាញជាង៤ពាន់លានដុល្លារ

ពលរដ្ឋឥណ្ឌូនេស៊ីរាប់រយលាននាក់ កំពុងធ្លាក់ក្នុងអន្ទាក់បំណុលតាមប្រព័ន្ធអនឡាញ ដែលជាបំណុលងាយស្រួលក្នុងការទទួលបាន ស្ទើររើខ្លួនមិនចង់រួច។ គិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ