
ស្របពេលភាពតានតឹងនៅតាមព្រំដែនរវាងកម្ពុជា និងថៃ កំពុងឡើងកម្ដៅ គួបផ្សំនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ កំពុងជ្រួលច្របល់ បានជំរុញឱ្យបណ្ដាវិនិយោគិនបរទេសសម្រុកលក់ចេញភាគហ៊ុន ដែលធ្វើទីផ្សារភាគហ៊ុនថៃ ដាំក្បាលចុះយ៉ាងគំហុករហូតដល់ទៅ១,៧១%កាលពីថ្ងៃទី១៨ ខែមិថុនា។ ទិន្នន័យផ្លូវការបានបង្ហាញថា ការជួញដូរភាគហ៊ុននៅប្រទេសថៃ មានទំហំ១,១ពាន់លានដុល្លារ ហើយបណ្ដាវិនិយោគិនបរទេសបានសម្រុកលក់ចេញភាគហ៊ុនថៃ ក្នុងទំហំសរុបប្រមាណជាង៣៤លានដុល្លារអាម៉េរិក។
ការដាំក្បាលចុះ នៃផ្សារភាគហ៊ុនរបស់ថៃនេះ ត្រូវបានទាញទម្លាក់ជាចម្បងដោយសារភាពតានតឹងផ្នែកនយោបាយរវាងកម្ពុជា និងថៃ ដែលកំពុងកើនឡើងកម្ដៅ ជាពិសេសបន្ទាប់ពីការបែកធ្លាយសារសំឡេងសន្ទនាតាមទូរសព្ទរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា។ ប្រការនេះបានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកចំពោះស្ថិរភាពនៃទំនាក់ទំនងការទូត។
បើយោងតាមលោក ពីរីយ៉ាផុន គុងវ៉ានិច (Piriyaphon Kongwanich) នាយកផ្នែកវិភាគនៅផ្សារមូលបត្របាលួងរបស់ថៃ ការធ្លាក់ចុះទីផ្សារភាគហ៊ុនថៃ គឺបណ្ដាលមកពីបញ្ហានយោបាយ។ អ្នកវិភាគរូបនេះ ក៏បានលើកឡើងដែរ ពីភាពមិនច្បាស់លាស់ផ្នែកនយោបាយផ្ទៃក្នុងនៅប្រទេសថៃ ជាពិសេសនៅពេលដែលគណបក្សភុមចៃថៃ (Bhumjaithai Party) បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះក្រោមការដឹកនាំរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា យ៉ាងតក់ក្រហល់កាលពីថ្ងៃទី១៨ ខែមិថុនា។
សរុបមកភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ការបែកធ្លាយសារសំឡេងសន្ទនាតាមទូរសព្ទរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានាព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីថៃលោកស្រី ផៃថងថាន និងការសង្ស័យលើស្ថិរភាពនៃរដ្ឋាភិបាលចម្រុះរបស់ថៃ បានរួមចំណែកជាចម្បងធ្វើឱ្យស្ថានការណ៍នយោបាយនៅថៃធ្លាក់ចូលក្នុងភាពចលាចល ដែលបណ្ដាលឱ្យវិនិយោគិនសម្រុកលក់ចេញភាគហ៊ុនថៃ បែបនេះ៕
ដោយ: តែម សុខុម