អាស៊ាន

អាស៊ាននឹងជំរុញឱ្យមានចំណាត់ការកាន់តែខ្លាំងទៅលើប្រទេសមីយ៉ាន់ម៉ា


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ នេះនៅរាជធានីភ្នំពេញ ហើយត្រូវបានគេរំពឹងថា គណៈរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជំរុញឱ្យមានចំណាត់ការកាន់តែខ្លាំងទៅលើប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមអ្នកនាំពាក្យប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិយាយកាលពីថ្ងៃចន្ទ និងត្រូវបានផ្សាយដោយសារព័ត៌មានសិង្ហបុរី CNA។
អាស៊ាននឹងជំរុញឱ្យមានចំណាត់ការកាន់តែខ្លាំងទៅលើប្រទេសមីយ៉ាន់ម៉ា

ជាក់ស្ដែង អាស៊ានមិនអនុញ្ញាតឱ្យប្រទេសនេះចូលរួមក្នុងការប្រជុំនោះឡើយ បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ាបានបដិសេធសំណើសុំបញ្ជូនអ្នកតំណាងរដ្ឋាភិបាល ដែលមិនមែនជាមន្ត្រីរបបយោធាជំនួសវិញ។

តាំងពីចុងឆ្នាំ២០២១មក ប្លុកអាស៊ានទាំង ១០ប្រទេសនេះ បានរារាំងរបបយោធាមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួននោះទេ ដោយសារប្រទេសនេះគ្មានការវិវឌ្ឍក្នុងការអនុវត្តតាមផែនការសន្តិភាពអាស៊ាន ដែលមេដឹកនាំមីយ៉ាន់ម៉ាបានយល់ព្រមធ្វើតាមបន្ទាប់ពីរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេសម៉ាឡេស៊ីនឹងដឹកនាំការជំរុញឱ្យមានចំណាត់ការកាន់តែតឹងរ៉ឹងលើប្រទេសមីយ៉ាន់ម៉ានៅពេលគណៈរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នានៅថ្ងៃទី០៣ខែសីហា ខណៈដែលពួកគេបានខកចិត្តកាន់តែខ្លាំង ចំពោះរបបយោធាដែលមិនបានប្រឹងប្រែងដោះស្រាយវិបត្តិដែលរឹងដូចថ្មនេះ។

អាស៊ានដែលរហូតមកដល់ពេលនេះបានដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូតមិនទទួលបានផ្លែផ្កា ដើម្បីស្តារសន្តិភាពប្រទេសមីយ៉ាន់ម៉ាឡើងវិញនោះ កាលពីសប្តាហ៍មុនបានរួមគ្នាថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា ចំពោះការប្រហារជីវិតអ្នកទោស ៤ នាក់កាលពីពេលថ្មីៗនេះ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារនៅក្នុងខែកុម្ភៈឆ្នាំមុន ហើយចំនួនអ្នកស្លាប់ដោយសារការបង្រ្កាបដ៏ឃោរឃៅរបស់យោធាទៅលើអ្នកប្រឆាំងបានកើនឡើងដល់ជាង ២ ពាន់នាក់។ នេះបើតាមក្រុមឃ្លាំមើលស្ថានការណ៍ក្នុងតំបន់។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីការបរទេសនៅរាជធានីភ្នំពេញចាប់ពីថ្ងៃពុធសប្ដាហ៍នេះ ត្រូវបានគេរំពឹងថា គណៈរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងសម្ដែងការសោកស្ដាយចំពោះការគ្មានវឌ្ឍនភាពលើផែនការ«ឯកភាពគ្នាលើ ៥ចំណុច»របស់អាស៊ានដែលបានព្រមព្រៀងកាលពីខែមេសាឆ្នាំមុន ដោយអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សា និងត្រូវបើកឲ្យមានការសន្ទនារវាងរបបយោធា និងក្រុមប្រឆាំងរដ្ឋប្រហារយោធា។

ដោយសម្ដែងការ«ការព្រួយបារម្ភយ៉ាងខ្លាំង»ពីការវិវឌ្ឍថ្មីៗនេះ និងការអំពាវនាវឱ្យមានការអត់ធ្មត់ផងនោះ គណៈរដ្ឋមន្ត្រីការបរទេសអាស៊ានក៏នឹងទាមទារឱ្យមាន«ចំណាត់ការជាក់ស្តែងដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងពេញលេញនូវការឯកភាពគ្នាទាំង ៥ ចំណុចនេះ»។ នេះបើតាមសេចក្តីព្រាងសេចក្តីប្រកាសដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន AFP ។

នៅក្នុងប្លុកអាស៊ាននេះ ការខកចិត្តកំពុងតែកើនឡើងខ្លាំងបន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ាបានបន្តការកាត់ទោសប្រហារជីវិតលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បើទោះជាមានការអង្វរដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានយ៉ាងណាក៏ដោយ។

លោក Saifuddin រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានសរសេរនៅក្នុងអត្ថបទកាសែតមួយនាចុងសប្តាហ៍មុននេះថា ការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យនេះបានបង្ហាញយ៉ាងច្បាស់ថា របបយោធាកំពុងធ្វើការសើចចំអកចំពោះផែនការឯកភាពគ្នាទាំង ៥ ចំណុចនេះ។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាក់រីស្នេន (Vivian Balakrishnan) បានចាត់ទុកការប្រហារជីវិតនេះថាជា«ការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ»ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិនេះ ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បាននិយាយថា ទង្វើនេះ«ធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់បញ្ហាដ៏ក្តៅគគុកនៅមីយ៉ាន់ម៉ា»។

អ្នកការទូតជាន់ខ្ពស់អាស៊ានម្នាក់បានប្រាប់ទីភ្នាក់ងារ AFP ថា លោករំពឹងថា នឹងគ្មានប្រទេសណាមួយនៅឆ្ងាយពីការអំពាវនាវឱ្យមានការបណ្តេញមីយ៉ាន់ម៉ាចេញពីប្លុកនេះឡើយ។

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រមុខ UN ព្រមានពីមហន្តរាយនុយក្លេអ៊ែរបើប្រទេសធំៗនិយាយមិនយល់គ្នា

ព័ត៌មាន
អ្នកការទូតមកពីប្រទេសតូចធំជាច្រើន ដែលជាប្រទេសហត្ថលេខី បានមកប្រមូលផ្តុំគ្នានាទីក្រុងញូវយក សហរដ្ឋអាមេរិក ដើម្បីចូលរួមសន្និសីទរបស់អង្គការសហប្រ…

អាមេរិកពិចារណាដាក់កម្រិតការផ្គត់ផ្គង់គ្រឿងបង្គុំសម្រាប់ការផលិតបន្ទះឈីបនៅក្នុងប្រទេសចិន

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងពិចារណាដាក់កម្រិតលើការនាំចេញឧបករណ៍សម្រាប់ការផលិតបន្ទះឈីប របស់អាមេរិក ក្នុងគោលបំណងឈប់ផ្គត់ផ្គង់ឧបករណ៍ទាំងនោះ ទៅឲ្យក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ