យោងតាមរបាយការណ៍ដដែល ការបំពុលបរិស្ថានសម្លាប់ជីវិតកុមារអាយុក្រោម ៥ឆ្នាំ ១លាន ៧សែននាក់ ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។
លោកស្រី ម៉ាហ្គារ៉ែត ចាន់ អគ្គនាយិកា អង្គការ សុខភាពពិភពលោក មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយថ្ងៃទី៧ មីនា ថា ៖ «ការបំពុលបរិស្ថានគឺជាកត្តាបង្កគ្រោះថ្នាក់ដល់ជីវិត ជាពិសេស ចំពោះកុមារតូចៗ។ សរីរាង្គ និងប្រព័ន្ធភាពស៊ាំដែលកំពុងលូតលាស់ រូបរាងកាយតូច និងប្រព័ន្ធដកដង្ហើមរបស់កុមារតូច ធ្វើឲ្យពួកគេងាយរងគ្រោះដោយសារខ្យល់និងទឹកកខ្វក់ខ្លាំងណាស់»។
សេចក្ដីថ្លែងការណ៍ សរសេរថា ភ្នាក់ងារបំពុលចម្បង គឺនៅក្នុងខ្យល់ ដែលបណ្ដាលឲ្យកុមារអាយុក្រោម៥ឆ្នាំ ស្លាប់ចំនួន ៥សែន ៧ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។ ការបំពុលខ្យល់អាចបន្ទច់បង្អាក់ការលូតលាស់ខួរក្បាល កាត់បន្ថយមុខងារសួត និងបណ្ដាលឲ្យកើតជំងឺហឺត។ ក្នុងរយៈពេលវែង កុមារដែលស្រូបខ្យល់ពុលអាចប្រឈមនឹងហានិភ័យកើតជំងឺបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល ឬមហារីក។
ចំពោះបញ្ហានេះ អង្គការ សុខភាពពិភពលោក ផ្ដល់អនុសាសន៍ឲ្យកាត់បន្ថយការបំពុលខ្យល់ កែលម្អសេវាទឹកស្អាត និងអនាម័យ ការពារស្ត្រីមានផ្ទៃពោះ និងកសាងបរិស្ថានដែលមានសុវត្ថិភាពជាងសព្វថ្ងៃ។
ដោយឡែកនៅក្នុងរបាយការណ៍មួយទៀត អង្គការ សុខភាពពិភពលោក លើកឡើងពីការគំរាមកំហែងចំពោះសុខភាពកុមារមួយទៀត គឺសំណល់អេឡិចត្រូនិកនិងអគ្គិសនី។ របស់ប្រើប្រាស់ ដូចជា ទូរស័ព្ទដៃចាស់ៗ ដែលបោះចោលមិនបានត្រឹមត្រូវ ធ្វើឲ្យកុមារប៉ះពាល់នឹងសារធាតុពុល ដែលនាំឲ្យប្រាជ្ញាពួកគេអន់ខ្សោយ ខូចសួត និងកើតជំងឺមហារីក ជាដើម។
អង្គការ សុខភាពពិភពលោក ប៉ាន់ប្រមាណថា នៅឆ្នាំ២០១៨នេះ ពិភពលោកទាំងមូល នឹងមានសំណល់អេឡិចត្រូនិកនិងអគ្គិសនីដែលបង្កគ្រោះថ្នាក់ដល់សុខភាព ប្រមាណ ៥០លានតោន៕