វិស័យ​វាយនភណ្ឌ

ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ


ក្នុង​រយៈពេល​១​ឆ្នាំពេញ ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​មាន​ទឹកប្រាក់​សរុប ៧​ពាន់​១៦៦ ​លាន​ដុល្លារ ធ្លាក់​ចុះ ០,១១​​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​ទឹក​ប្រាក់ ៧​ពាន់​១៧៤ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម។
វិស័យ​កាត់ដេរ​កម្ពុជា
ដោយ

របាយការណ៍​ដដែល បង្ហាញ​ថា វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា ឆ្នាំ​២០១៦ បាន​ចូលរួម​ចំណែក​ជាង ៨​ភាគ​រយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ខណៈ​ឧស្សាហកម្ម​ផ្សេង​ទៀត​ចូល​រួម​ជាង ១១​ភាគរយ។ 

វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង មាន​កំណើន​ថម​ថយ​បន្តិច កាល​ពី​ឆ្នាំ​២០១៦ ដែល​ទំហំ​នៃ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ ០,១១ភាគរយ។

បើ​ផ្អែក​តាម​ការ​វាយ​តម្លៃ​បឋម​នៃ​សេដ្ឋកិច្ច​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច បង្ហាញ​ថា ឆ្នាំ​២០១៦ វិស័យ​កាត់ដេរ​ចូលរួម​ចំណែក​ប្រមាណ​ជាង ៨​ភាគរយ ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​លំដាប់​ទី​បួន​នៃ​វិស័យ​ដទៃ​ទៀត ខណៈ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត ១១​ភាគរយ សំណង់ ១៥​ភាគរយ និង​ឧស្សាហកម្ម​ជាង ១០​ភាគរយ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា តែងតែ​លើក​ឡើង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​រយៈពេល​៣ ឆ្នាំ​ចុង​ក្រោយ​នេះ រក្សា​បាន​កំណើន​ជុំវិញ ៧​ភាគ​រយ គាំទ្រ​ដោយ​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ ប៉ុន្តែ នៅឆ្នាំ​២០១៦ វិស័យ​កាត់ដេរ​និង​អចលន​ទ្រព្យ បាន​ថម​ថយ​កំណើន​បន្តិច ដោយ​ការ​រឹត​បន្តឹង​កំណើន​ឥណទាន​នៅ​ក្នុង​វិស័យ​ធនាគារ ការ​ប្រែប្រួល​របប​ពាណិជ្ជកម្ម និង​ការ​ប្រែប្រួល​បរិការណ៍​តំបន់។ 

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​នឹង​ជំរុញ​កែប្រែ​និង​ធ្វើ​ទំនើប​កម្ម​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥ សំដៅ​ផ្លាល់​ប្តូរ​ពី​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ទាប​ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង និង​ផលិតភាព​ការងារ។

យោង​តាម​របាយការណ៍​ពី​ក្រសួង​ការងារ សហគ្រាស​គ្រឹះស្ថាន​បាន​បន្ត​កើន​ឡើង​ជា​លំដាប់ ជាក់ស្តែង​ឆ្នាំ​២០១៦ សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន ១​ម៉ឺន​១ពាន់​១៦៨ គ្រឹះស្ថាន ក្នុង​នោះ​ឧស្សាហកម្ម​វាយន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​មាន​ចំនួន ១​ពាន់​១០៧ ដែល​មាន​កម្មករ​និយោជិត​ចំនួន​ជាង ១​លាន​នាក់ និង​បាន​ផ្តល់​ការងារ​ដោយ​ប្រយោល​ដល់​ប្រជា​ពលរដ្ឋ​ប្រមាណ ២​លាន​នាក់។

តាម​ការ​ព្យាករណ៍​ឆ្នាំ​២០១៧​នេះ សេដ្ឋកិច្ច​កម្ពុជា​អាច​សម្រេច​បានកំណើន​​ក្នុង​​រង្វង់​៧ភាគរយ ក្នុង​នោះ​​កំណើន​វិស័យ​កសិកម្ម​រំពឹង​ថា នឹង​ល្អ​ប្រសើរ​ឡើង​បន្តិច ហើយ​ដូចគ្នា​ដែរ វិស័យ​កាត់ដេរ​នឹង​រើប​ឡើង​ជាង​ឆ្នាំ​២០១៦ ដោយ​ឡែក វិស័យ​សំណង់ និង​អលន​ទ្រព្យ​នឹង​បន្ត​ថមថយ​ដោយ​មាន​ការ​កែ​សម្រួល​តម្រូវការ​ឥណទាន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនបីដែលផលិតស្រាបៀរច្រើនជាងគេនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ធំៗ​ចំនួន​បី បាន​និង​កំពុង​ផលិត​ស្រាបៀរ​រាប់​លាន​លីត្រ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចែកចាយ​នៅ​លើ ​ទីផ្សារ​ក្នុង​ប្រទេស…

ការ​បំពុល​បរិស្ថាន​សម្លាប់​កុមារ ១,៧លាន​​នាក់​ក្នុង​មួយឆ្នាំៗនៅ​ទូទាំង​ពិភព​លោក

ព័ត៌មាន
ការ​បំពុល​បរិស្ថាន គឺ​ជា​​ឃាតក​ដ៏​គួរ​ឲ្យ​ខ្លាច​ញញើត​​មួយ នៅ​ពិភព​លោក។ របាយការណ៍​ ០២ ដែល​ចេញ​ដោយ​អង្គការ សុខភាពពិភពលោក (WHO) បង្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ