
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា បណ្ដុំវិស័យសំខាន់ៗជាច្រើនដែលមាននៅក្នុងខេត្តព្រះសីហនុនឹងធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះក្លាយជាតំបន់ទាក់ទាញអ្នកវិនិយោគលើវិស័យអចលនទ្រព្យ និងមានសន្ទុះអភិវឌ្ឍលឿននៅចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំខាងមុខ។ បើតាមអ្នកជំនាញរូបនេះ ហេដ្ឋារចនាសម្ព័ន្ធដែលបានរៀបចំនៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្នប្រៀបបាននឹងស្ថានភាពនៅតាមបណ្ដាប្រទេសជឿនលឿន។ អ្នកជំនាញរូបនេះជឿជាក់ថា វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុនឹងមានការរីកចម្រើនបន្ថែមទៀត ដ្បិតខេត្តនេះបណ្តុំទៅដោយហេដ្ឋារចនាសម្ព័ន្ធសក្តានុពលដូចជាកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ទេសចរណ៍ ព្រមទាំងគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគរបស់រាជរដ្ឋាភិបាលជាដើម។
ដោយឡែកលោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia យល់ឃើញថា ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ទំនងជាមិនអាចមានសន្ទុះលឿនជាងរាជធានីភ្នំពេញនោះទេ ព្រោះស្ថានភាពជាក់ស្តែងប្រជាជនក្នុងខេត្តព្រះសីហនុបច្ចុប្បន្ននៅមានចំនួនតិចនៅឡើយ បើធៀបនឹងរាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ខេត្តព្រះសីហនុ ជាខេត្តមួយមានការអភិវឌ្ឍល្អ ខណៈការអភិវឌ្ឍលឿន ឬយឺត គឺអាស្រ័យលើគោលនយោបាយ និងការរីកចម្រើនរបស់វិស័យទេសចរណ៍ក្នុងខេត្តនេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបន្តអនុវត្តកម្មវិធីផ្តល់អត្ថប្រយោជនពិសេសក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៥។ តាមរយៈកម្មវិធីនេះធុរជន និងវិនិយោគិន ដែលស្នើសុំវិនិយោគ និងអនុវត្តគម្រោង ឬសកម្មភាពក្នុងឆ្នាំ២០២៥ នៅក្នុងខេត្តព្រះសីហនុ នឹងទទួលបានអត្ថប្រយោជន៍ពិសេសជាអាទិ៍ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ផងដែរ៕
អត្ថបទ៖ បូ ដូឡា