លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា គម្រោងព្រែកជីកហ្វូណន តេជោ នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់មួយរបស់កម្ពុជា ហើយតាមរយៈគម្រោងនេះវានឹងជួយជំរុញការអភិវឌ្ឍនៅតំបន់ជុំវិញនោះឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ក្នុងនោះកំពង់ផែ រោងចក្រឧស្សាហកម្ម អគារលំនៅឋាន និងពាណិជ្ជកម្ម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យទេសចរណ៍ ក៏នឹងផុសឡើងនៅតំបន់នោះផងដែរ។
ទន្ទឹមនឹងជួយបង្កើនសក្តានុពលលើវិស័យដឹកជញ្ជូន ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម អ្នកជំនាញរូបនេះជឿជាក់ថា គម្រោងនេះក៏នឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់អបសងខាងព្រែកមានភាពល្អប្រសើរឡើងមួយកម្រិតទៀតផងដែរ។
ស្រដៀងគ្នានេះដែរ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia ជឿជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ នឹងផ្ដល់នូវអត្ថប្រយោជន៍ និងគុណតម្លៃច្រើនដល់កម្ពុជានៅក្នុងរយៈពេលយូរអង្វែង។ ជាពិសេសតាមរយៈគម្រោងនេះ វានឹងធ្វើឱ្យវិស័យដីធ្លីនៅតំបន់ជុំវិញនោះ មានការផ្លាស់ប្ដូរ ដោយប្រែពីដីធ្លាប់បម្រើដល់វិស័យកសិកម្មទៅជាដីលំនៅឋាន ទេសចរណ៍ ឧស្សាហកម្ម ដែលនឹងជួយកែប្រែមុខមាត់របស់ពលរដ្ឋដោយសារការរីកចម្រើនផ្នែកសេដ្ឋកិច្ចផងដែរ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ មានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ និងចំណាយរយៈពេល៤ឆ្នាំ សម្រាប់សាងសង់។ គម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថានឹងក្លាយជាចំណែកដ៏សំខាន់ដែលបម្រើដល់វិស័យដឹកជញ្ជូនផ្លូវទឹកដែលភ្ជាប់ពីទន្លេទៅកាន់សមុទ្រ ហើយវានឹងធ្វើឱ្យការដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានឯករាជ្យភាពផងដែរ៕
អត្ថបទ៖ បូ ដូឡា