ជាក់ស្តែង ក្រុមហ៊ុន AusKhmer ដែលបង្កើតឡើងតាំងពីឆ្នាំ២០០១មក បាននាំចូលនិងចែកចាយម្ហូបនិងភេសជ្ជៈគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់នៅក្នុងទីផ្សារកម្ពុជា ដូចជា៖ សាច់គោអូស្ដ្រាលីនិងអាមេរិក សាច់ចៀមអូស្ត្រាលី អយស្ទ័របារាំង ថ្លើមក្ងាន ពងត្រីកាវីយ៉ា ផលិតផលគ្រឿងផ្សំដុតនំ ឈីស ស្រាបៀរពីប្រទសបែលហ្ស៊ិក រួមមាន ស្រាក្រហម និងស្រាវីស្គីជាច្រើនមុខ ជាពិសេស នៅដើមឆ្នាំនេះ ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខនាំចូលស្រាវីស្គីម៉ាក Macallan ដែលជាស្រាលំដាប់ថ្នាក់អន្តរជាតិលក់ដាច់ជាងគេទី២ នៅលើពិភពលោក។
លោក Yun Yuthana ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃក្រុមហ៊ុន AusKhmer បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ផលិតផលរបស់ខ្លួនត្រូវបានគេទទួលស្គាល់គុណភាពនៅជុំវិញពិភពលោក។ ហើយការនាំចូលនេះគឺដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា ដែលកំពុងមានតម្រូវការខ្លាំង ខណៈសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមើលឃើញឱកាសនៃទីផ្សារ។ ថ្វីត្បិត Macallan ជាផលិតផលដែលថ្លៃ ប៉ុន្តែ នៅស្រុកយើងចូលចិត្តសាកអ្វីដែលថ្លៃ អ្វីដែលល្អ អ្វីដែលមានគុណភាពផ្តាច់គេ។ យើងមើលឃើញកំណើនសេដ្ឋកិច្ចប្រជាជនកម្ពុជាមានជីវភាពសមរម្យចាប់ពីថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ដែលពួកគាត់រីករាយនឹងចំណាយលើផលិតផលគុណភាពខ្ពស់ទាំងអស់នេះ»។
ក្នុងរបាយការណ៍សិក្សាស្តីពីទីផ្សារភោជនីយដ្ឋានដែលចេញផ្សាយដោយ Park Cafe កាលពីឆ្នាំ២០១៥ បានលើកឡើងថា ការចំណាយដ៏ច្រើនបំផុតមួយក្នុងចំណោមការចំណាយសំខាន់ៗផ្សេងៗ របស់ប្រជាជនក្រុងភ្នំពេញ គឺទៅលើម្ហូបអាហារ និងផលិតផលទាក់ទងនឹងម្ហូបអាហារ និងការចំណាយផ្សេងទៀត ដូចជា ការបរិភោគតាមភោជនីយដ្ឋាន ផ្សារទំនើប និងកន្លែងទេសចរណ៍សំខាន់ៗ។
របាយការណ៍ដដែលបានបន្ថែមថា សម្រាប់ទីផ្សារនៃផ្នែកម្ហូបអាហារ និងសេវាកម្មនៅមានទំហំធំក្នុងចំណោមប្រជាជនថ្នាក់កណ្តាល និងប្រជាជនថ្នាក់ខ្ពស់ នៅមានទំហំធំ ស្របពេលការកើនឡើងនៃទំនោររបស់អតិថិជនទម្លាប់ខ្លួនទៅនឹងជីវិតរស់នៅបែបបស្ចិមប្រទេស ក៏បានជំរុញឲ្យប្រជាពលរដ្ឋចំណាយច្រើនទៅលើម្ហូបអាហារ ភេសជ្ជៈដែលមានស្តង់ដារអនាម័យ ប្រណីតភាព និងមានភាពស៊ីវិល័យ។ ជាទូទៅ ការចំណាយរបស់ប្រជាជនក្រុងភ្នំពេញថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ក្នុងមួយថ្ងៃ សម្រាប់ម្ហូបអាហារ និងភេសជ្ជៈ មានទំហំប្រមាណច្រើនជាង ១,៥លានដុល្លារក្នុងមួយថ្ងៃ។
បើតាមក្រុមហ៊ុន AusKhmer ផលិតផល Macallan ជាផលិតផលគុណភាពខ្ពស់ ដែលលក់ដាច់ជាងគេទី២លើពិភពលោកចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន។ តម្លៃបោះដុំ Macallan មានតម្លៃទាបបំផុត ៧២ដុល្លារ និងខ្ពស់បំផុតជិត ៦ពាន់ដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយដប។
ក្រៅពីផលិតផល Macallan ក្រុមហ៊ុន AusKhmer បាននាំចូលម្ហូបនិងភេសជ្ជៈ ដែលតម្រូវតាមអតិថិជនដែលមានជីវភាពគ្រប់កម្រិត ពោល គឺមានទំនិញច្រើនប្រភេទ ដែលអតិថិជនអាចជ្រើសរើសបានតាមចិត្ត។
លោក Vincent NG នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញនាំចូល AusKhmer ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់ និងចែកចាយប្រភេទស្រាប្រណីតនិងគ្រឿងទេសសម្រាប់ម្ហូបអឺរ៉ុប និងប្រភេទសាច់សម្រាប់ម្ហូបប្រណីត បានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសដែលមានទីផ្សារថ្មីលើផ្នែកនេះ។ ស្របពេលកំណើននៃការចាយវាយរបស់ប្រជាជនសម្រាប់ម្ហូបអាហារដែលមានស្តង់ដារខ្ពស់ អនាម័យ និងភាពស៊ីវិល័យ លោក Vnicent NG បានបន្ថែមថា ប្រជាជនកម្ពុជាកំពុងតែមានទំនោរនៃការទទួលទានម្ហូបអាហារបែបប្រណីត និងប្រភេទស្រាប្រណីតៗដែលមានដូចជា ទំពាំងបាយជូរ ស្រាក្រហម វិស្គី ជាដើម។
លោក Vincent NG បញ្ជាក់ថា រហូតដល់បច្ចុប្បន្ន ដោយបានមើលឃើញពីទំហំទីផ្សារនេះ ក្រុមហ៊ុននាំចេញនាំចូល AusKhmer ដែលមានបទពិសោធន៍ជាង ១៥ឆ្នាំលើផ្នែកនេះ បានផ្គត់ផ្គង់ប្រភេទស្រាប្រណីតប្រមាណជាង ៣ពាន់ប្រភេទផ្សេងៗគ្នា ប្រភេទគ្រឿងទេស សាច់សម្រាប់ម្ហូបអឺរ៉ុបបែបប្រណីតជាច្រើនមុខ ទៅកាន់ភោជនីយដ្ឋានធំៗ ភោជនីយដ្ឋាន បែប Fast Food សណ្ឋាគារធំៗ ផ្សារទំនើបផ្សេងៗ។
បច្ចុប្បន្ន ក្រុមហ៊ុន AusKhmer មានទីតាំងនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងត្រូវបានចែកចាយផលិតផលរបស់ខ្លួន នៅតាមសណ្ឋាគារ Mart ភោជនីយដ្ឋាន ក្លិបកម្សាន្ត នៅទូទាំងប្រទេសកម្ពុជា។
ដោយឡែក សម្រាប់អ្នកចង់ចែកចាយបន្ត គឺតម្រូវឲ្យគោរពតាមគោលការណ៍របស់ក្រុមហ៊ុន ដូចជា ការទុកដាក់ឲ្យបានត្រឹមត្រូវ និងការរក្សាតម្លៃជាដើម ដើម្បីធ្វើឲ្យអតិថិជនទទួលបានផលិតផលគុណភាពខ្ពស់ និងជាផលិតពិតពីក្រុមហ៊ុន AusKhmer៕