ដំណាំស្វាយចន្ទី

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បារម្ភកសិករកាប់ដើមស្វាយចន្ទីចោល ហើយងាកទៅដាំដំឡូងមី ដែលកំពុងមានទីផ្សារល្អ


ការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីសើម នៅដើមឆ្នាំ២០២៤ កំពុងបង្កក្ដីបារម្ភចំពោះស្ថិរភាពនៃការដាំដុះដំណាំដែលមានសក្ដានុពលមួយនេះ។ ការធ្លាក់ចុះតម្លៃគ្រាប់ស្វាយចន្ទីនេះ បានធ្វើឱ្យប្រធានសមាគមស្វាយចន្ទីកម្ពុជា បារម្ភថា អាចធ្វើឱ្យកសិករដាំស្វាយចន្ទីមួយចំនួនកាប់ដើមស្វាយចន្ទីចោល ងាកទៅដាំដំឡូងមីដែលកំពុងមានទីផ្សារល្អ ប្រសិនបញ្ហានេះមិនត្រូវបានដោះស្រាយ និងគ្មានការជួយចាត់វិធានការឱ្យបានទាន់ពេលវេលាពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសការជួយសម្រួលផ្នែកពន្ធដារតែម្ដង។
ដំណាំស្វាយចន្ទី
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីស លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញក្តីបារម្ភជុំវិញបញ្ហាការធ្លាក់ថ្លៃតម្លៃគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះ ជំរុញឱ្យកសិករមួយចំនួនអាចកាប់ដើមស្វាយចន្ទីចោល ហើយងាកទៅដាំដំឡូងមី ដែលកំពុងមានទីផ្សារល្អ ប្រសិនបើគ្មានការចាត់ចំណាត់ការណាមួយឱ្យបានទាន់ពេលវេលាពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសពាក់ព័ន្ធផ្នែកពន្ធដារ។

អ្នកជំនាញរូបនេះជឿជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងកាន់តែមានស្ថិរភាព ហើយកំណើនរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងកើនឡើងកាន់តែច្រើន ប្រសិនបើផ្នែកពន្ធដារជួយសម្រួលតាមសំណូមពររបស់សមាគមក្នុងការបន្ធូរបន្ថយ និងលើកលែងពន្ធមួយចំនួនក្នុងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទី។

​បើតាមអ្នកជំនាញរូបនេះ គោលដៅប្រែក្លាយកម្ពុជា ជាអធិរាជស្វាយចន្ទីនាពេលខាងមុខ ដែលជាគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអាចសម្រេចបានមុនកាលកំណត់ ប្រសិនបើមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល តាមរយៈការបន្ធូររបន្ថយ ឬដករបាំងពន្ធមួយចំនួន។ ប៉ុន្តែនៅក្នុងអន្តរកាលនេះ លោកយល់ថា ក្រសួងស្ថាប័នពាក់ព័ន្ធគួររកវិធីធ្វើយ៉ាងណាជួយរារាំងកសិករ កុំឱ្យពួកគេកាប់ដើមស្វាយចន្ទីចោល។

​លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរសង្កេតឃើញថា ពិតជាមានកសិករមួយចំនួនបានកាប់ដំណាំស្វាយចន្ទីចោល ហើយងាកមកដាំដំឡូងមីប្រាកដមែន ប៉ុន្តែស្ថិតក្នុងរង្វង់តិចតួចប៉ុណ្ណោះ។ បើតាមប្រធានសមាគមដំឡូងមីខ្មែររូបនេះ កត្តាដែលធ្វើឱ្យកសិករមួយចំនួនកាប់ដើមស្វាយចន្ទីចោល ហើយងាកទៅដាំដំឡូងមី គឺអាចមកពីដំណាំស្វាយចន្ទីពិបាកថែទាំ គួបផ្សំជួបបញ្ហាប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យដំណាំស្វាយចន្ទីពុំសូវទទួលបានទិន្នផលច្រើន។

​បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដំណាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតា ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា ក្រោយមានកសិករមួយចំនួនសម្រេចចិត្តកាប់ដើមស្វាយចន្ទីចោល ព្រោះកត្តាអាយុកាលនៃដើមស្វាយចន្ទី និងការងាកទៅដាំដុះដំណាំផ្សេងៗជាដើម។ កាលពីឆ្នាំ២០២៣ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានជាង៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% គិតជាប្រាក់មានទំហំជាង៨០០លានដុល្លារ ថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមទិន្ន័យពីសមាគមស្វាយចន្ទីកម្ពុជា​៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


សមាគមទេសចរណ៍កម្ពុជា-ឥណ្ឌា ចុះកិច្ចព្រមព្រៀងជំរុញកំណើនភ្ញៀវទេសចរ

នៅក្នុងដំណើរទស្សនកិច្ចចូលរួមក្នុងពិព័រណ៍ទេសចរណ៍ នៅក្រុងញូដេលី នៃប្រទេសឥណ្ឌា នាពេលថ្មីៗនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុ…

អ្នកជំនាញថា សេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់ ហើយអាម៉េរិកនៅតែជាចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក

លោកស្រី ជេនណេត យេឡេន (Janet Yellen) រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាម៉េរិក បានអះអាងថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក បានក្លាយជាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ