សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកអាស៊ានជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដោយមានសក្ដានុពលដ៏សម្បើម ដែលអាចឆ្លុះបញ្ចាំងតាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ក្នុងពិភពលោក ជាមួយនឹងបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជីវភាពសេដ្ឋកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត
ដោយ

ទន្ទឹមនេះ សម្តេចធិបតី បានចាត់ទុកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ ជាកាតាលីករសម្រាប់ជំរុញវឌ្ឍនភាពជាក់ស្តែងនៅក្នុងតំបន់ ស្របពេលដែលកម្ពុជាបាននិងកំពុងផ្តោតលើការវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីធានាបាននូវការតភ្ជាប់ដោយរលូនជាមួយអាស៊ាន និងតំបន់ផ្សេងទៀត។

នាពិធីបើក«កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥»នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកកិច្ចប្រជុំកំពូលធុរកិច្ចនេះ មិនត្រឹមតែជាវេទិកាជជែងពិភាក្សាប៉ុណ្ណោះទេ តែជាកាតាលីករសម្រាប់ជំរុញវឌ្ឍនភាពជាក់ស្តែងនៅក្នុងតំបន់។ បើតាមសម្តេចធិបតី ជាមួយនឹងការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញវិបុលភាពតំបន់ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញយ៉ាងសកម្មនូវបរិយាកាសអំណោយផលដល់ការវិនិយោគ តាមរយៈការកែលម្អជាបន្តបន្ទាប់ ហើយដើម្បីធានាបាននូវការតភ្ជាប់ដោយរលូនជាមួយរដ្ឋសមាជិកអាស៊ាន និងតំបន់ផ្សេងទៀត កម្ពុជាកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលទាំងផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្ម។

សម្តេចធិបតីបានបន្តថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការធ្វើពាណិជ្ជកម្មដោយស្មើភាព និងតម្លាភាព ដោយកម្ពុជាផ្តោតលើការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈសេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ាន កម្ពុជាបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម សម្រួលនីតិវិធីគយ សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។ ជាមួយគ្នានេះ កម្ពុជាក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជាទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗដូចជាសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ចិន កូរ៉េ និងអេមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះផងដែរ។

ជាមួយគ្នានេះឯកឧត្តម តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជានាពេលនេះ គឺជាកាលានុវត្តភាពបន្ថែមសម្រាប់កម្ពុជាក្នុងការទទួលបាននូវឱកាសវិនិយោគថ្មីៗពីបណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ដែលបានចូលរួម ដ្បិតថា វិនិយោគិនទាំងនោះបានបង្ហាញការចាប់អារម្មណ៍ខ្លាំងមកលើការរីក ចម្រើនរបស់កម្ពុជា ជាមួយនឹងបរិយាកាសវិនិយោគដ៏ទាក់ទាញ និងអំណោយផល ជាមួយគោលនយោបាយបើកចំហររបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីសម្រេចបាននូវភាពល្អប្រសើរក្នុងការទទួលបាននូវឱកាសវិនិយោគ និងធុរកិច្ចថ្មីៗបន្ថែម ក្រៅពីមានគោលនយោបាយល្អៗរបស់រាជរដ្ឋាភិបាល ក៏ត្រូវការកិច្ចសហការគ្នាបន្ថែមពីវិស័យឯកជនក្នុងស្រុកផងដែរ។

គួរជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ«ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» មានការចូលរួមពីបណ្តាលក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប៣១៥ក្រុមហ៊ុន និងធុរជនជាង៥០០នាក់៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន




អត្ថបទបន្ទាប់


ចិនបានបោះសម្តីថា ទោះអាម៉េរិកចង់លេងសង្គ្រាមអ្វីក៏ដោយ ខ្លួននឹងកំដរដល់ទីបញ្ចប់

ចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកបានបោះពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើលថា ទោះជាសហរដ្ឋអាម៉េរិកចង់លេងល្បែងសង្គ្រាមណាក៏ដោយ ខ្លួនអាច…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖ ស្រ្តីបានរួមចំណែកដ៏អស្ចារ្យ និងក្លាហានអង់អាច ក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា និងបានបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច !

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ