
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញលិខិតចំហផ្លូវការមួយច្បាប់ផ្ញើជូនលោក Asim Iftikha Ahmad តំណាងអចិន្ត្រៃយ៍របស់ប៉ាគីស្ថាន ប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យកោះប្រជុំជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
នៅក្នុងលិខិតចំហផ្លូវការផ្ញើជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានបង្កហេតុ និងមានការរៀបចំទុកជាមុនរបស់កងទ័ពសៀម ដែលជាការបំពានយ៉ាងច្បាស់ក្រឡែតលើគោលការណ៍ នៃការមិនឈ្លានពានគ្នា និងសេចក្ដីសម្រេចស្ដីពីការដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី ដែលទាំងនេះសុទ្ធតែជាគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋាន ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងធម្មនុញ្ញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលហាមប្រាមការគំរាមកំហែង ឬប្រើប្រាស់កម្លាំងបាយបំពានមកលើដែនអធិបតីភាព នៃរដ្ឋឯករាជ្យមួយ ហើយវាក៏ជាការមិនគោរពស្មារតីនៃភាពជាប្រទេសជិតខាងល្អដែលកម្ពុជា តែងតែប្រកាន់ខ្ជាប់រហូតមកទល់ពេលនេះផងដែរ។
ដូចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំយ៉ាងទទូចឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតីភាពរបស់កម្ពុជា ហើយសម្ដេច ក៏សូមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយសង្ឃឹមថា ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គារសហប្រជាជាតិ អាចជួយផ្សព្វផ្សាយលិខិតនេះទៅដល់គ្រប់សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងតម្កល់ទុកជាឯកសាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងដែរ៕
អត្ថបទ តែម សុខុម