
ភាពរីកចម្រើន នៃការសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតបានជួយឱ្យកម្ពុជា អាចកែច្នៃផលិតផលកសិកម្មបានជាច្រើនមុខសម្រាប់បម្រើការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែងផលិតផលកសិកម្មកែច្នៃរបស់កម្ពុជាត្រូវបាននាំចេញ និងកំពុងចរាចរដាក់លក់នៅលើទីផ្សារអន្តរជាតិនៅតាមបណ្តាប្រទេសប្រមាណ៣០ទូទាំងពិភពលោករួមមានទីផ្សារអឺរ៉ុប ជប៉ុន កូរ៉េ ចិន និងចក្រភាពអង់គ្លេសជាដើម ហើយបច្ចុប្បន្នគ្រោងពង្រីកទៅកាន់ទីផ្សារនៅតាមបណ្តាប្រទេសថ្មីៗមួយចំនួនទៀត។ នេះបើតាមការអះអាងរបស់លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានមូលនិធីគីណាល់ និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល-ប៉េប៉េអឹម ដែលបានបន្ថែមថា ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជាកំពុងមានតម្រូវការ និងផ្តល់តម្លៃខ្ពស់ពីទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នកម្ពុជាកំពុងខ្វះផលិតផលមួយចំនួនសម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។
ការលើកឡើងបែបនេះរបស់លោកឧកញ៉ា ហៃ លីអ៊ាង ធ្វើឡើងនៅក្នុងកម្មវិធីប្រគល់ពាន់រង្វាន់ដល់ម្ចាស់ជ័យភាគីពានរង្វាន់តោ្នតមាសរបស់មូលនិធិគីណាល់ ដែលរៀបចំឡើងដើម្បីអបអរការប្រកួតប្រជែងការសិក្សាស្រាវជ្រាវផ្នែកច្នៃប្រឌិត និងអភិវឌ្ឍន៍ផលិតផលកែច្នៃពីស្វាយ និងការជ្រៀតចូលទីផ្សារ។ យ៉ាងណាមិញអ្នកជំនាញរូបនេះ បានចាត់ទុកការអភិវឌ្ឍន៍វិស័យកសិកម្មគឺជាធាតុផ្សំគន្លឹះដ៏សំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ហើយការច្នៃប្រឌិត រួមផ្សំនឹងចំណេះដឹងបែបប្រពៃណីរបស់កសិករខ្មែរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ជនបទ។
គួរបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០១៨ ពានរង្វាន់ត្នោតមាស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញលើកទឹកចិត្តដល់ផ្នែកសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតក្នុងចំណោមនិស្សិតកសិកម្ម និងការកែច្នៃអាហារ។ ពានរង្វាន់ត្នោតមាសនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទការកែច្នៃផលិតផលស្វាយ និងការសិក្សាលក្ខណៈបច្ចេកទេសលើខ្សែច្រវាក់ផលិតកម្មប្រកបដោយនវានុវត្តន៍សម្រាប់ទីផ្សារ ដែលឆ្លុះបញ្ចាំងពីសក្តានុពលដ៏សំខាន់របស់ប្រទេសកម្ពុជាក្នុងការផលិត និងនាំចេញស្វាយ៕