
ប្រាក់ចំណេញរបស់ធនាគារធំៗនៅតំបន់អាស៊ាន ប្រឈមការគំរាមកំហែងពីការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ។ សង្រ្គាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យអតិផរណាហក់ឡើងខ្ពស់ ដែលអាចធ្វើឱ្យអត្រាការប្រាក់រក្សាក្នុងកម្រិតខ្ពស់រយៈពេលវែង។ ទន្ទឹមនឹងកត្តាទាំងនេះ ជួយជំរុញប្រាក់ចំណូលរបស់ធនាគារនានា ឱ្យកើនឡើង វាក៏បង្កើនហានិភ័យផងដែរ ផ្នែកកម្ចីឥណទាន ដែលជាលទ្ធផលនឹងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារទាំងនោះ។
ធនាគារ Oversea-Chinese Banking Corp (OCBC) ដែលជាធនាគារមួយក្នុងចំណោមធនាគារធំៗបំផុតទាំង៣ ក្នុងតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញសុទ្ធចំនួន១,២ពាន់លានដុល្លារអាម៉េរិក សម្រាប់ត្រីមាសទី៤ ចុងឆ្នាំ២០២៤ ដោយកើនឡើង៤% ហើយសម្រាប់ពេញមួយឆ្នាំ២០២៤ ខ្លួនទទួលបានប្រាក់ចំណេញសុទ្ធច្រើនមិនធ្លាប់មានរហូតដល់ជាង៥,៦ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើង៨%។
ជាមួយគ្នានេះ ធនាគារសិង្ហបុរីធំៗពីរ រួមមាន ធនាគារ DBS Group Holdings (DBS) និងធនាគារ United Overseas Bank (UOB) ក៏ទទួលបានប្រាក់ចំណេញសុទ្ធខ្ពស់មិនធ្លាប់មានដែរ ក្នុងឆ្នាំ២០២៤ ដោយសារទទួលបានប្រាក់ចំណូលខ្ពស់ពីការប្រាក់ និងថ្លៃសេវាគ្រប់គ្រងទ្រព្យសកម្ម។ របាយការណ៍បានបង្ហាញថា ធនាគារ DBS ទទួលបានប្រាក់ចំណេញសុទ្ធ៨,៥ពាន់លានដុល្លារ កើនឡើង១១% រីឯធនាគារ United Overseas Bank ទទួលបានប្រាក់ចំណេញសុទ្ធជិត៤,៥ពាន់លានដុល្លារ កើនឡើង៦%។
ធនាគារកណ្តាលអាម៉េរិក បានចាប់ផ្តើមបញ្ចុះអត្រាការប្រាក់កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដែលត្រូវបានព្យាករថា នឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារធំៗទាំង៣របស់សិង្ហបុរី ខាងលើនេះ។ ទោះជាយ៉ាងណា ធនាគារកណ្ដាលអាម៉េរិក បានរក្សាអត្រាការប្រាក់ឱ្យនៅដដែលកាលពីអំឡុងខែមករា ដើមឆ្នាំ២០២៥ នេះ ហើយបានផ្ដល់សញ្ញាថានឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់បន្ថែមទៀតឡើយ។ កត្តានេះអាចជាផលល្អសម្រាប់ធនាគារធំៗទាំង៣ខាងលើនេះ ក៏ដូចជាធនាគារធំៗផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។
ទោះជាយ៉ាងណា ធនាគារទាំងនេះ ក៏នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យដែលអាចកើតមានបណ្ដាលមកពីគោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ៕
ដោយ: តែម សុខុម