
ប្រធានសមាគមធនាគារនៅកម្ពុជាបានចាត់ទុកការជំរុញអក្ខរកម្មហិរញ្ញវត្ថុតាំងពីវ័យក្មេងមិនត្រឹមតែជួយរៀបចំយុវជនឱ្យទទួលបានជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការកសាងភាពធន់ និងវិបុលភាពនៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
ផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងមក ការបន្តអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី«កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច»រវាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន និងសមាគមធនាគារនៅកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យធនាគារចំពោះការអប់រំសេដ្ឋកិច្ច។ តាមរយៈភាពជាដៃគូនេះ វានឹងជួយបង្កើនលទ្ធភាពឱ្យសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋអាចមកទស្សនាសារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជាបានកាន់តែច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ។
មកទល់បច្ចុប្បន្ន តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារឯកជនកម្ពុជាបានរួមចំណែកក្នុងមូលនិធិសម្រាប់ចំណាយលើថ្លៃដឹកជញ្ជូន និងថ្លៃទស្សនា និងបានផ្តល់ឱកាសដល់សិស្សានុសិស្សប្រមាណ ៩,០០០នាក់ ដែលមកពីគ្រឹះស្ថានអប់រំរដ្ឋក្នុងរាជធានីភ្នំពេញពីតំបន់ក្បែររាជធានីភ្នំពេញ និងពីខេត្តកំពង់ធំអាចសិក្សាឈ្វេងយល់ បង្កើនកម្រិតវប្បធម៌ និងការយល់ដឹងរបស់ពួកគេ អំពីប្រវត្តិសាស្រ្តរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាយល់ឃើញថា ការបន្តភាពជាដៃគូនេះមានអត្ថន័យលើសពីកិច្ចព្រមព្រៀង ពោលគឺវាជាការសន្យាជាមួយនឹងក្មេងជំនាន់ក្រោយតាមរយៈការផ្តល់ឱកាសឱ្យពួកគេបានឃើញជាក់ស្តែងនូវអ្វីដែលពួកគេបានរៀននៅសាលា។ ហើយតាមរយៈការទស្សនាដោយផ្ទាល់នេះវានឹងផ្តល់ចំណេះដឹង និងជួយពួកគេឱ្យយល់អំពីតម្លៃ និងប្រវត្តិរូបិយវត្ថុ ព្រមទាំងសេដ្ឋកិច្ចរបស់កម្ពុជា។ សម្រាប់លោក រ័ត្ន សោភ័ណ តាមរយៈការជំរុញអក្ខរកម្មហិរញ្ញវត្ថុតាំងពីវ័យក្មេងមិនត្រឹមតែជួយរៀបចំយុវជនឱ្យទទួលបានជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការជួយកសាងភាពធន់ និងវិបុលភាពនៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
ជាមួយគ្នានេះលោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ បានលើកឡើងថា លោកពិតជារីករាយនឹងភាពជាដៃគូដ៏ជោគជ័យនេះ ដ្បិតវាបានផ្តល់ឱកាសឱ្យសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋរាប់ពាន់នាក់បានមកសិក្សារៀនសូត្រអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា។ បន្ថែមលើនេះ តាមរយៈគម្រោងនេះវាក៏បានជួយពង្រឹងនូវបរិយាបន្ននៃសារមន្ទីរ ស.ស.រ ផងដែរ។ លោករំពឹងថា ភាពជាដៃគូនេះនឹងពង្រីកការផ្តល់ឱកាសដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំជាច្រើនទៀតនៅក្នុងរាជធានី និងតាមបណ្តាខេត្តនានា។
ដោយឡែកឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានចាត់ទុកកិច្ចសហប្រតិការរវាងវិស័យឯកជន និងវិស័យសាធារណៈ គឺជាកត្តាចាំបាច់សម្រាប់វឌ្ឍនភាពសង្គមជាតិ។
គួរបញ្ជាក់ថា ការបន្តអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរខាងលើ មានសុពលភាពភ្លាមៗរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងអាចបន្តសាជាថ្មីនាពេលខាងមុខ៕