លោកស្រី តែម បុផ្ផា កសិករដាំស្វាយម្នាក់នៅខេត្តបាត់ដំបង បានអះអាងថា បច្ចុប្បន្នស្វាយកែវរមៀតខុសរដូវធម្មតានៅតំបន់របស់លោកស្រីអាចលក់បានក្នុងតម្លៃល្អចន្លោះពី៧០០ដល់១០០០រៀលក្នុង១គីឡូក្រាម ដោយកាលពីឆ្នាំមុនអាចលក់បានក្រោម៣០០រៀលតែប៉ុណ្ណោះ។ បើតាមកសិកររូបនេះ កត្តាដែលជំរុញឱ្យតម្លៃស្វាយកែវរមៀតខុសរដូវនៅតំបន់របស់លោកស្រីហក់ឡើងថ្លៃ គឺដោយសារកសិករមួយចំនួនកាត់បន្ថយការផលិត ក្រោយបារម្ភខ្លាចគ្មានឈ្មួញចុះមកប្រមូលទិញ ក្រោយកើតមានជម្លោះតាមព្រំដែនជាមួយថៃ។ លោកស្រីបានបន្តថា ឈ្មួញវៀតណាម និងឈ្មួញក្នុងស្រុកកំពុងចុះទៅជួយប្រមូលទិញស្វាយពីកសិករជំនួសឱ្យឈ្មួញថៃ ដែលកាលពីមុនកសិករភាគច្រើនផលិតលក់ទៅឱ្យឈ្មួញថៃ។
ពាក់ព័ន្ធបញ្ហាទីផ្សារផ្លែស្វាយនេះដែរ លោក ហឹង ឆៃឡេង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរ នៅខេត្តត្បូងឃ្មុំ បានលើកឡើងថា ការផលិតស្វាយខុសរដូវនៅឆ្នាំនេះបានជួបឧបសគ្គដ៏ធំមួយ គឺការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យទិន្នផលស្វាយមួយភាគធំក្នុងសហគមន៍របស់លោករងការបំផ្លិចបំផ្លាញយ៉ាងដំណំ។ បញ្ហាភ្លៀងធ្លាក់នេះបានធ្វើឱ្យដំណាំស្វាយរបស់កសិកររងការខូចខាត ដែលជាហេតុធ្វើឱ្យខ្វះស្វាយសម្រាប់ផ្គត់ផ្គង់។ បើតាមការអះអាងរបស់កសិកររូបនេះ ស្វាយកែវរមៀតធម្មតានៅតំបន់របស់លោក អាចលក់បានក្នុងតម្លៃ៧០០រៀលក្នុងមួយគីឡូក្រាម ដោយកាលពីឆ្នាំមុនអាចលក់បានចន្លោះពី៨០០ដល់១០០០រៀលឯណោះ។ ទន្ទឹមនឹងនេះ លោក បានសំណូមពរដល់រដ្ឋាភិបាលជួយធ្វើយ៉ាងណាឱ្យតម្លៃស្វាយនៅតំបន់របស់លោកអាចលក់បានក្នុងរង្វង់១ពាន់រៀលទើបអាចជួយដល់កសិករគ្រាន់មានដើមទុនផលិតទៅឆ្នាំក្រោយទៀត។
ជាមួយគ្នានេះ លោក ធី គណិត អ្នកបច្ចេកទេសជំនាញលើដំណាំស្វាយកែវរមៀត និងស្វាយចន្ទីនៃក្រុមហ៊ុនអង្គរហ្គ្រីន កត់សម្គាល់ឃើញថា ស្វាយកែវរមៀតខុសរដូវនៅចុងឆ្នាំនេះកំពុងមានតម្លៃល្អប្រសើរជាងឆ្នាំមុន តែយ៉ាងណាកត្តាភ្លៀងធ្លាក់កំពុងរាំងស្ទះដល់ការប្រមូលផលស្វាយខុសរដូវរបស់កសិករ។ ដើម្បីអាចទប់ស្កាត់ជាមួយកត្តាអាកាសធាតុក្នុងពេលមានភ្លៀងធ្លាក់ច្រើននេះ អ្នកជំនាញរូបនេះយល់ឃើញថា កសិករត្រូវជ្រើសរើសពេលវេលាសមស្រប ជ្រើសរើសដើមដែលមានសុខភាពល្អ ជ្រើសរើសទីតាំងដែលមានភូមិសាស្រ្តល្អ និងរក្សាគម្លាតដើមឱ្យមានខ្យល់ចេញចូល ក៏ដូចជាប្រើថ្នាំការពារផ្ការបស់ស្វាយ តែយ៉ាងណា ដើម្បីអាចប្រើថ្នាំនេះឱ្យមានប្រសិទ្ធិភាពតម្រូវឱ្យកសិករចេះពីបច្ចេកទេសដាំដុះជាមុនសិន។
បើតាមប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរ ដើម្បីអាចទទួលបានតម្លៃល្អប្រសើរពីការលក់ស្វាយ កសិករអាចផលិតស្វាយខ្ចប់ ដែលអាចលក់បានក្នុងរង្វង់១២០០រៀលក្នុងមួយគីឡូក្រាមឯណោះ តែយ៉ាងណាតម្រូវឱ្យកសិករមានដើមទុនច្រើន និងមានបច្ចេកទេសដាំដុះខ្ពស់៕
អត្ថបទ៖ ជា ម៉ារ៉ា