បុរសខ្លាំងរុស្ស៊ី លោក ពូទីន ដែលធ្វើដំណើរមិនហួសពីប្រទេសចិន អ៊ីរ៉ង់ និងអតីតរដ្ឋសហភាពសូវៀតចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន នឹងទៅទស្សនកិច្ចប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចំនួនមួយថ្ងៃ ពោលគឺនៅថ្ងៃពុធ សប្តាហ៍នេះ។
នេះបើតាមលោក Dmitri Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់សន្និសីទកាសែត កាលពីថ្ងៃអង្គារ។ ដំណើរទស្សនកិច្ចភ្លាមៗនេះ ធ្វើឡើងចំពេលដែលអ៊ុយក្រែន ព្យាយាមអំពាវនាវរកជំនួយបន្ថែមពីលោកខាងលិច សម្រាប់ប្រយុទ្ធទប់ទល់នឹងរុស្ស៊ីនៅលើសមរភូមិ ខណៈជំនួយពីសហរដ្ឋអាម៉េរិកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ហើយវាក៏កើតឡើងជួនចំពេលដែលសង្គ្រាមនៅហ្គាហ្សាកំពុងបន្តឡើងវិញរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ។
បើតាមលោក ពេស្កូវ សម្រាប់ដំណើរទស្សនកិច្ចដ៏កម្រនេះលោក ពូទីន នឹងពិភាក្សាគ្នាអំពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយក៏អាចមានសកម្មភាពរួមគ្នាក្នុងការសម្របសម្រួលផលិតកម្មប្រេងពិភពលោក ដើម្បីធានាស្ថិរភាពតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ដោយឡែក លោកYuri Ushakov ជំនួយការគោលនយោបាយការបរទេសរបស់លោក ពូទីន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax ក្នុងស្រុករុស្ស៊ីថា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាដំណើរវិវត្តិនៃសង្គ្រាមនេះ ក៏នឹងស្ថិតក្នុងរបៀបវារៈជំនួបថ្ងៃពុធនេះដែរ។
គេក៏បានដាក់ការសង្ស័យដែរថា តាមរយៈដំណើរទៅកាន់ប្រទេសនៅមជ្ឈឹមបូព៌ាទាំងពីរនេះ លោក ពូទីន អាចនឹងទាញយកការគាំទ្រខាងភូមិសាស្ត្រនយោបាយ ដោយលោកធ្លាប់បានប្រដូចសង្គ្រាមនៅអ៊ុយក្រែន និងការតស៊ូរបស់ប៉ាឡេស្ទីន គឺជាការប្រឆាំងនឹងអាណានិគមរបស់ក្រុមប្រទេសលោកខាងលិច។ កាលពីខែមុន លោក ពូទីន បានហៅជម្លោះនៅហ្គាហ្សា គឺជាឧទាហរណ៍ដ៏ច្បាស់មួយនៃបរាជ័យគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកនៅមជ្ឈិមបូព៌ា។
ទោះជាយ៉ាងណាក៏ដោយ បើតាមលោក Yuri Ushakov នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ពូទីន នឹងចុះចតជាលើកដំបូងនៅអេមីរ៉ាតអារ៉ាប់រួម មុនពេលបន្តដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman។ គួរជម្រាបថា បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក លោក ពូទីន កម្របានធ្វើដំណើរទៅក្រៅប្រទេសណាស់ ដោយសារតែតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា ជុំវិញការជម្លៀសកុមារអ៊ុយក្រែនដោយបង្ខំទៅកាន់ប្រទេសរុស្ស៊ី។
ដំណើរក្រៅប្រទេសលើកចុងក្រោយរបស់លោក គឺមិនលើសពីប្រទេសដែលជាអតីតរដ្ឋសហភាពសូវៀត និងប្រទេសចិនក្នុងខែតុលា កន្លងទៅនោះទេ។ លោក ពូទីន ក៏បានបដិសេធមិនចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំកំពូល BRICS នៅប្រទេសអាហ្រ្វិកខាងត្បូង ក្នុងខែសីហា កន្លងទៅដែរ ក៏ព្រោះតែប្រទេសនេះជាសមាជិករបស់ ICC និងមានកាតព្វកិច្ចចាប់ខ្លួនលោក ខណៈអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមមិនមែនជាសមាជិកនៃតុលាការអន្តរជាតិមួយនេះឡើយ៕