វិបត្តិសេដ្ឋកិច្ច

វិនិយោគិនកំពុងរងចាំផែនទីបង្ហាញផ្លូវពីសំណាក់រដ្ឋាភិបាលចិន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន


ក្រោយបានហែលឆ្លងយ៉ាងត្រដាបត្រដួសនៅក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកអស់រយៈពេលប្រមាណមួយឆ្នាំពេញកន្លងមកនេះ ក្រុមហ៊ុនវិនិយោគ និងវិនិយោគិននៅប្រទេសចិន បានដាក់ក្តីសង្ឃឹមខ្ពស់លើគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន ក្នុងការជួយស្រោចស្រង់ និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន។
វិបត្តិសេដ្ឋកិច្ច
ដោយ

បើទោះបីគោលនយោបាយរបស់រដ្ឋបាលទីក្រុងប៉េកាំង ហាក់ងាកចេញពីការផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យក្តី តែអ្នករកស៊ីក្នុងវិស័យនេះរំពឹងថា នឹងទទួលបានការចង្អុលបង្ហាញពីរដ្ឋាភិបាលចិន ដើម្បីឱ្យពួកគេអាចជៀសផុតពីវិបត្តិសាច់ប្រាក់ក្នុងចំនោមអ្នកអភិវឌ្ឍន៍។ យ៉ាងណាក៏ដោយអ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ច រដ្ឋាភិបាលចិននឹងដាក់គោលដៅសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៤ ឱ្យប្រសើរជាងឆ្នាំនេះប្រមាណ៥%។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Financial Times។

ថ្លែងនៅទីក្រុងហុងកុង កាលពីសប្តាហ៍មុន លោក ផេន គង់សេង (Pan Gongsheng) ប្រធានធនាគារកណ្តាលរបស់ប្រទេសចិន បានព្រមានថា សេដ្ឋកិច្ចចិនកំពុងចាប់ផ្តើមក្នុងដំណើរមួយដ៏វែងឆ្ងាយ និងលំបាក និងកាន់តែចាកឆ្ងាយពីការវិនិយោគលើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាក្បាលម៉ាស៊ីនក្នុងកាជួយជំរុញកំណើនសេដ្ឋកិច្ច។

ការលើកឡើងបែបនេះរបស់លោក ប៉ាង គឺចង់បង្ហាញពីបញ្ហាប្រឈមដល់អ្នកបង្កើតគោលនយោបាយចិន ចំពេលដែលពួកគេគ្រោងរៀបចំសន្និសីទការងារសេដ្ឋកិច្ចកណ្តាលនៅក្នុងខែនេះ។ កិច្ចប្រជុំនោះនឹងកំណត់គោលនយោបាយប្រចាំឆ្នាំសម្រាប់សេដ្ឋកិច្ចចិន ក៏ដូចជាដើម្បីបញ្ជូនសញ្ញាមួយទៅកាន់អ្នកវិនិយោគអំពីជំនួយ ដែលរដ្ឋាភិបាលអាចនឹងគាំទ្រជាពិសេសដល់វិស័យអចនទ្រព្យនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។

ទន្ទឹមគ្នានេះ បើតាមលោក ហ្វ្រេដ នូម៉េន (Fred Neumann) ប្រធានសេដ្ឋវិទូអាស៊ី នៅធនាគារ HSBC ក៏រំពឹងទុកអំពីសញ្ញាវិធានគាំទ្រពីសំណាក់រដ្ឋាភិបាលចិន ផងដែរ។ លោក ហ្រ្វេដ បានលើកឡើងថា ប្រសិនបើគ្មានគោលនយោបាយគាំទ្រដូចជាការជំរុញសារពើពន្ធបន្ថែម និងការគិតអំពីការបន្ធូរបន្ថយរូបិយវត្ថុទេនោះ សេដ្ឋកិច្ចចិននឹងលំបាកក្នុងការឈានដល់កំណើន៥% នៅឆ្នាំក្រោយ។

ទោះយ៉ាងណា ជាការឆ្លើយតប អ្នកបង្កើតគោលនយោបាយចិនបានចេញនូវគោលនយោបាយជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីខែតុលា កន្លងទៅ ធនាគារកណ្តាលចិន បានសន្យាថា ខ្លួននឹងជួយដោះស្រាយហានិភ័យសម្រាប់ក្រុមអចលនទ្រព្យធំៗ និងធ្វើឱ្យមានស្ថិរភាពនៃការរំពឹងទុកសម្រាប់វិស័យនេះ។

ដោយឡែក របាយការណ៍ផ្សេងទៀតបាននិយាយថា និយ័តករចិនកំពុងពិចារណាលើ«បញ្ជីស» នៃអ្នកអភិវឌ្ឍន៍ដែលមានសិទ្ធិទទួលបានប្រាក់កម្ចីធនាគារ បំណុល និងមូលនិធិសមធម៌ផងដែរ។

មនុស្សដែលដឹងពីបញ្ហានេះបាននិយាយថា ធនាគាររដ្ឋមួយចំនួនតាមការណែនាំរបស់និយ័តករបានចាប់ផ្តើមកោះហៅអ្នកអភិវឌ្ឍន៍ឯកជនមួយចំនួន ដើម្បីផ្តល់ការសន្យាពាក្យសម្តី សម្រាប់ការទទួលគាំទ្រឥណទាន​។ គំនិតផ្តួចផ្តើមទាំងនោះអាចត្រូវបានប្រើដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកអភិវឌ្ឍន៍អចនទ្រព្យ​។ នេះបើតាមអ្នកវិភាគសេដ្ឋកិច្ចនៅវិទ្យស្ថានGavekal Dragonomics។ ខណៈអ្នកសេដ្ឋកិច្ចជឿថា វិធានការទាំងនេះ រួមជាមួយនឹងការប្រកាសដោយរដ្ឋាភិបាលផ្សេងទៀត ដូចជាកម្ចីរដ្ឋាភិបាលកណ្តាលចំនួន១៤០ពាន់លានដុល្លារ សំដៅជួយពង្រឹងសេដ្ឋកិច្ច វានឹងអាចលេចចេញជារួបរាងនៅឆ្នាំក្រោយ។

ឥឡូវនេះការផ្តោតអារម្មណ៍កំពុងងាកទៅរកអ្វី ដែលនឹងមកដល់នៅឆ្នាំ២០២៤ ដែលលោកស្រី Tao Wang ប្រធានសេដ្ឋវិទូចិន នៅធនាគារ UBS ព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង៤,៤% នៅឆ្នាំក្រោយ។ ខណៈលោក ជូ ហៃទីន(Zhu Haibin) ប្រធានសេដ្ឋវិទូចិន នៅធនាគារ JPMorgan បានប្រាប់ Financial Times ថា គោលដៅកំណើន GDP ៥% របស់ចិនអាចនឹងប្រឈមនឹងការលំបាក តែបើ៤,៥%​ ទៅ៥% ប្រហែលជាមានភាពងាយស្រួលក្នុងការសម្រេចបានជាង ស្របពេលដែលចិន កំពុងមានបញ្ហាលំនៅដ្ឋាន និងបំណុលរដ្ឋាភិបាលក្នុងតំបន់។

យ៉ាងណាក៏ដោយសម្រាប់លោក មីអៅ យ៉ាងលៀង (Miao Yanliang) នាយកប្រតិបត្តិនៃនាយកដ្ឋានស្រាវជ្រាវនៅធនាគារវិនិយោគ CICC របស់ប្រទេសចិន លើកឡើងថា ៥%ប្រហែលជានឹងត្រូវស្វាគមន៍ដោយអ្នកវិនិយោគ ព្រោះគោលដៅកំណើននេះ គឺជាសូចនាករដ៏សំខាន់មួយដែលវានឹងមានឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារក្នុងប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារម៉ាក្រូថៃកំពុងរងសម្ពាធក្រោយអាជ្ញាធរទុកពេល៣០ថ្ងៃ ឱ្យពន្យល់ជុំវិញការទិញសាច់ជ្រូករត់ពន្ធ

ព័ត៌មាន
នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ បានកំណត់ទុកពេលឱ្យផ្សារលក់ទំនិញម៉ាក្រូ(Makro)ចំនួន៣០ថ្ងៃ ដើម្បីបកស្រាយបំភ្លឺពីរបាយការណ៍ដែលគ…

សាច់បង្កកខុសច្បាប់ និងខូចគុណភាពនៅតែបន្តហូរចូលកម្ពុជា ខណៈអ្នកជំនាញបារម្ភផលប៉ះពាល់ដល់សុខភាព និងការចិញ្ចឹមសត្វ

ព័ត៌មាន
ទោះបីមានការរឹតបន្តឹង ហើយមន្រ្តីជំនាញបានបង្រ្កាបករណីលួចនាំចូលសាច់បង្កកខុសច្បាប់ពីសំណាក់ជនខិលខូចជាហូរហែក្ដី តែបញ្ហានេះនៅតែបន្តកើតមាន និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ