ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានទទួលស្គាល់ថា វិស័យឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ន ពិតជាកំពុងជួបនូវការលំបាកពិតប្រាកដមែន។ យ៉ាងណាមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អះអាងថា កន្លងមកក្រសួង បានធ្វើការងារ និងដាក់ចេញវិធានការជាច្រើន ដើម្បីជួយរក្សានិរន្តរភាព នៃឧស្សាហកម្មអចលនទ្រព្យ និងសំណង់កម្ពុជា និងដើម្បីចៀសវាងការកើតមាននូវបញ្ហាផ្សេងៗនាពេលខាងមុខ ដែលនាំឱ្យខាត់បង់ទាំងពេលវេលា និងថវិកា។
ទន្ទឹមនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានខិតខំប្រឹងប្រែងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារតាមវិស័យជំនាញនីមួយៗឱ្យកាន់តែប្រសើរស្របតាមការវិវត្តរបស់សង្គមសេដ្ឋកិច្ចផងដែរ។
ជាមួយគ្នានេះ ដើម្បីធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យ និងសំណង់នៅកម្ពុជា មានការរីកចម្រើន និងល្អប្រសើរឡើងវិញ និងមានសក្កានុពលទៅមុខបន្ថែមទៀតនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់អ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពួតដៃគ្នាលើកកម្ពស់ការអភិវឌ្ឍន៍វិស័យនេះឱ្យបានល្អ និងត្រឹមត្រូវបំផុត ដោយក្នុងនោះ អ្នកអភិវឌ្ឍន៍លំនៅឋាន ត្រូវគិតគូរលើកត្តាទីតាំង និងទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនឱ្យស្របទៅតាមចំណង់ចំណូលចិត្ត និងការវិត្តរបស់សង្គម។
មួយវិញទៀត ក៏ត្រូវគិតអំពីកត្តាប្រាក់ចំណូលរបស់ប្រជាជន ដោយការអភិវឌ្ឍន៍លំនៅឋានត្រូវធ្វើឡើងឱ្យស្របទៅតាមសមត្ថភាពនៃការទិញរបស់អតិថិជន និងតាមទំហំនៃតម្រូវវការនីមួយៗ ចៀសវាងសាងសង់ហើយនៅសល់លក់មិនចេញ។ ម្យ៉ាងទៀត ការគិតគូរបង្កើតកិច្ចសហការជាមួយប្រព័ន្ធធនាគារក៏ជាកត្តាសំខាន់ផងដែរ ដើម្បីអាចទទួលបាននូវអត្រាការប្រាក់សមរម្យណាមួយសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន។ ហើយកត្តាសំខាន់មួយទៀតដែលអ្នកអភិវឌ្ឍន៍លំនៅឋានគួរយកចិត្តទុកដាក់នោះ គឺត្រូវតាមដានស្ថានភាពសេដ្ឋកិច្ចឱ្យបានជាប់ជាប្រចាំផងដែរ។
បើតាមថ្នាក់ដឹកនាំរូបនេះ ការលើកកម្ពស់ការប្រើប្រាស់ផលិតផលគ្រឿងបង្គុំសំណង់ក្នុងស្រុក ក៏ជាកត្តាជួយរួមចំណែកដល់ការរីកចម្រើននៃវិស័យវិស័យឧស្សាហកម្មអចលនទ្រព្យកម្ពុជាផងដែរ។ តួយ៉ាង កម្ពុជា មានអំណោយផលលើវត្ថុធាតុដើមមួយចំនួនដូចជាខ្សាច់ ថ្ម ឥដ្ឋ ស្មាច់ និងឬស្សីជាដើម ដែលសុទ្ធសឹងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងឧស្សាហកម្មអចលនទ្រព្យ៕