
នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មាន ខេមបូណូមីស លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា តំបន់ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងមានតម្រូវការកើនឡើងផ្នែកអលចនទ្រព្យ។ ទីតាំងដែលកំពុងមានសក្ដានុពលនេះ ត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា ដោយសារតែតំបន់ទាំងពីរនេះ មានទីសំចតសម្រាប់ចេញចូលទំនិញ មានហេដ្ឋារចនាសម្ព័ន្ធងាយស្រួល និងស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសជិតខាង។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីតំបន់ក្នុងខេត្តទាំងពីរខាងលើ ក៏មានខេត្តមួយចំនួនទៀត ក៏កំពុងមានតម្រូវការប្រើប្រាស់ដីធ្លីក្នុងវិស័យកសិកម្មផងដែរ។
បើតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បច្ចុប្បន្នតំបន់ស្ថិតក្នុងក្រុងបាវិត និងក្រុងប៉ោយប៉ែត ត្រូវបានអ្នកវិនិយោគជ្រើសយកជាទីតាំងសម្រាប់បោះទុនបម្រើដល់វិស័យសេដ្ឋកិច្ច ខណៈបច្ចុប្បន្នក៏មានពលរដ្ឋជាច្រើនបានទៅរស់នៅតំបន់នោះគួរឱ្យកត់សម្គាល់ផងដែរ។
ស្ថិតនៅក្នុងស្ថានភាពនេះ អ្នកជំនាញបានលើកទឹកចិត្តឱ្យវិនិយោគិនរកស៊ីក្នុងវិស័យអចលនទ្រព្យគួរងាកទៅផ្តោតលើការអភិវឌ្ឍលើការសាងសង់រោងចក្រសហគ្រាស និងឃ្លាំងស្តុកទំនិញ ដ្បិតថា អនុវិស័យទាំងពីរនេះនៅតែមានតម្រូវការ និងសក្តានុពលខ្ពស់សម្រាប់ការវិនិយោគនៅឆ្នាំនេះ និងត្រូវគិតគូរឱ្យបានច្បាស់លាស់មុននឹងវិនិយោគក្នុងវិស័យនេះ ពិសេសត្រូវចេះសិក្សាពីកត្តាតម្រូវការ និងការផ្គត់ផ្គង់៕
អត្ថបទ៖ បូ ដូឡា