ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិ តេជោ បានជំរុញឱ្យមានការលេចជារូបរាងនូវគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើន។ ជាក់ស្ដែងគម្រោងខុនដូនៅទល់មុខផ្សារទំនើបអ៊ីអនម៉ល៣ នៅផ្លូវ៦០ម៉ែត្រ គម្រោងឆាយណាថោន និងគម្រោងលំនៅឋានទល់មុខអាកាសយានដ្ឋានអន្តរជាតិ តេជោ កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ ការណ៍នេះ ត្រូវបានឧកញ៉ា សន សៀប វាយតម្លៃថា តំបន់ភាគខាងត្បូង រាជធានីភ្នំពេញនឹងក្លាយជាទីតាំងមានសក្ដានុពល និងមានការរីកចម្រើនខ្លាំងនាពេលខាងមុខ ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធល្អ ដែលស័ក្ដិសមសម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ។
ស្រដៀងគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ មានអ្នកវិនិយោគជាច្រើនបានចាប់អារម្មណ៍នឹងវិស័យអចលនទ្រព្យនៅក្បែរតំបន់អាកាសយានដ្ឋានអន្តរជាតិ តេជោ។ មិនត្រឹមតែវិស័យលំនៅឋានប៉ុណ្ណោះទេ សូម្បីតែការសាងសង់រោងចក្រ និងអគារពាណិជ្ជកម្ម ក៏កំពុងមានសកម្មភាពយ៉ាងមមាញឹកផងដែរ។ លោកជឿជាក់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់រាជរដ្ឋាភិបាល គឺជាគន្លឹះដ៏សំខាន់ដែលធ្វើឱ្យតំបន់ភាគខាងត្បូងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីដ៏រឹងមាំ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរំពឹងថា តាមរយៈកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលរំពឹងសម្រេចបានក្នុងរង្វង់៥% នៅឆ្នាំ២០២៦ វានឹងជួយគាំទ្រដល់ការកើនឡើង នៃតម្រូវការក្នុងទីផ្សារអចលនទ្រព្យ។ សរុបមកប៉ែកខាងត្បូង រាជធានីភ្នំពេញ កំពុងផ្លាស់ប្តូរមុខមាត់ថ្មីពីតំបន់ជាយក្រុង ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មដ៏ទំនើប ដែលអំណោយផលបំផុតសម្រាប់អ្នកវិនិយោគក្នុងរយៈពេលវែង៕
អត្ថបទ៖ បូ ដូឡា