ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា គិតត្រឹមឆ្នាំ២០២៣ និយ័តករនេះ ទទួលបានពាក្យបណ្ដឹងពីអ្នកទិញលំនៅឋានប្រមាណ២ពាន់ករណី។ ក្នុងចំណោមពាក្យបណ្តឹងទាំងនេះ មានបណ្តឹងករណីខ្លះត្រូវបានដោះស្រាយរួចរាល់ និងករណីខ្លះកំពុងស្ថិតក្នុងនីតិវិធីដោះស្រាយ និងករណីមួយចំនួនទៀតត្រូវបានបញ្ជូនទៅដោះស្រាយបន្តនៅតុលាការ ដោយសារតែនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ មានសិទ្ធត្រឹមជាអ្នកសម្របសម្រួលប៉ុណ្ណោះ។ ថ្នាក់ដឹកនាំរូបនេះកត់សម្គាល់ឃើញថា ចូលមកដល់ឆ្នាំ២០២៤ ការដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងវិវាទរវាងអតិថិជន និងអ្នកអភិវឌ្ឍន៍លំនៅឋានហាក់មានចំនួនតិចជាងមុន។
ឯកឧត្តម ជូ វណ្ណៈ អ្នកអះអាងថា ក្នុងចំណោមបណ្តឹងដែលអតិថិជនដាក់មកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំភាគច្រើនកើតឡើងក្នុងគម្រោង ដែលរកស៊ីគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ខណៈគម្រោងដែលមានច្បាប់ និងអាជ្ញាបណ្ណត្រឹមត្រូវមានមិនសូវច្រើននោះទេ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរូបនេះ ស្នើឱ្យម្ចាស់ក្រុមហ៊ុន ឬគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលគ្មានច្បាប់ត្រឹមត្រូវ រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ឬសុំអាជ្ញាបណ្ណឱ្យបានគ្រប់គ្នា។
យើងកត់សម្គាល់ឃើញថា នៅមួយរយៈកន្លងមកនេះមានបញ្ហាវិវាទរវាងអ្នកទិញលំនៅឋាន ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានកើតមានជាហូរហែ ក្រោយវិបត្តិកូវីដ-១៩និងបញ្ហាសេដ្ឋកិច្ចសកលបានទាញទម្លាក់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រជាពលរដ្ឋជាអតិថិជន៕
អត្ថបទ៖ បូ ដូឡា