
ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា សមាគមបានរៀបចំផែនការមួយចំនួនដើម្បីចូលរួមជំរុញដល់វិស័យអចលនវត្ថុនៅកម្ពុជា ដោយក្នុងនោះមានការចូលរួមជាមួយអាជ្ញាធរ និងការបង្វឹកសមាជិកឱ្យមានសាមគ្គីភាពជាសំឡេងតែមួយដើម្បីចូលរួមអភិវឌ្ឍន៍នៅក្នុងវិស័យដ៏សំខាន់នេះ។ បើតាមឧកញ៉ា សន សៀប បច្ចុប្បន្នសមាគមកំពុងអភិវឌ្ឍន៍លើផ្នែកវាយតម្លៃ និងភ្នាក់ងារ ដោយផ្នែកទាំង២នេះ ត្រូវបានធ្វើការសិក្សាពីបណ្ដាប្រទេសអភិវឌ្ឍន៍នានា ហើយជ្រើសយកចំណុចសំខាន់ៗ មកអនុវត្តនៅក្នុងវិស័យអចលនវត្ថុរបស់កម្ពុជា។
ជាមួយគ្នានេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL លើកឡើងថា ការចូលរួមចំណែករបស់ក្រុមហ៊ុនវាយតម្លៃលើអចលនវត្ថុដោយឯករាជ្យ ដែលមានការទទួលស្គាល់ពីអាជ្ញាធនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារហានិភ័យនៃវិបត្តិលើវិស័យអចលនវត្ថុ។ លោកឧកញ៉ា បានគូសបញ្ជាក់ថា ជាបទពិសោធ ការកើតមានវិបត្តិហិរញ្ញវត្ថុរបស់បណ្ដាប្រទេសមួយចំនួន ដែលមិនមានការចូលរួមពីក្រុមហ៊ុនវាយតម្លៃអចលនវត្ថុឯករាជ្យនាពេលកន្លងមក បានធ្វើឱ្យវិស័យអចលនវត្ថុរងនូវវិបត្តិធ្ងន់ធ្ងរមកដល់ក្នុងពេលបច្ចុប្បន្ន។
បើតាមក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា បានវាយតម្លៃថា វិស័យអចលនទ្រព្យ ដែលបានរងការរង្គោះរង្គើខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់បង្ហាញសញ្ញាល្អប្រសើរឡើងវិញបន្តិចហើយ ជាពិសេសអចលនទ្រព្យនៅតាមតំបន់ប៉ូលសេដ្ឋកិច្ចធំៗមួយចំនួនតែម្តង។ បើតាមការបញ្ជាក់របស់អ្នកជំនាញ អចលនទ្រព្យនៅក្នុងប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញបច្ចុប្បន្ន គឺមានចរន្តទិញលក់ល្អប្រសើរច្រើនជាងឆ្នាំមុន ហើយក៏មានគម្រោងអភិវឌ្ឍន៍ថ្មីមួយចំនួនត្រូវបានបង្ហាញវត្តមានឡើងផងដែរ៕
អត្ថបទ៖ បូ ដូឡា