វីរុសកូរ៉ូណាជំរុញ​ឲ្យ​តម្រូវការម៉ាស់កើនឡើង

សមាគមរោងចក្រកាត់ដេរកម្ពុជា៖ មកទល់ពេលនេះ មិនទាន់មានរោងចក្រណាមួយ អាចផលិតម៉ាស់នៅឡើយទេ


ស្របពេលដែលវីរុសកូរ៉ូណាបាននិងកំពុងបន្ដរីករាលដាលឥតស្រាកស្រាន្ដ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញមុខអំពាវនាវឲ្យរោងចក្រកាត់ដេរ ជួយផលិតម៉ាស់ ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងយ៉ាងគំហុក។ ប៉ុន្ដែ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់សមាគមរោងចក្រកាត់ដេរកម្ពុជា មកទល់ពេលនេះ នៅមិនទាន់មានរោចក្រណាមួយអាចផលិតម៉ាស់បាននៅឡើយទេ ហើយសមាគមគូសបញ្ជាក់ថា ការផលិតម៉ាស់នេះ គឺជារឿងលំបាកណាស់ និងចំណាយពេលវេលាច្រើន។
សិស្សានុសិស្ស​ពាក់ម៉ាស់ ការពារ​ការឆ្លង​មេរោគ អំឡុងពេល​ចូលរៀន​នៅសាលា​កាលពីពេល​កន្លងទៅ (រូបតំណាង)

លោក​កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​បញ្ជាក់​នៅ​ថ្ងៃនេះ​ថា កន្លង​មក​សមាជិក​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មិន​មាន​រោងចក្រ​ណាមួយ​ផលិត​ម៉ាស់​នោះ​ទេ ពោល​គឺ​ពួក​គេ​មាន​ផលិត​តែ​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​ប៉ុណ្ណោះ​។ ណាមួយ​ការ​រៀបចំ​ឲ្យ​មានការ​ផលិត​ម៉ាស់​ភ្លាម​ៗ​យ៉ាង​ដូច្នេះ វា​ក៏​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ដែរ​។

លោក​កាំ​ង ម៉ូ​នី​កា និយាយ​ថា «​និយាយ​ទៅ​កន្លង​មក សមាជិក​រោងចក្រ​យើង មិន​មាន​រោងចក្រ​ណាមួយ​ផលិត​ម៉ាស់​ទេ​បាទ​! រោងចក្រ​ភាគច្រើន​គាត់​ផលិត​តែ​សម្លៀក​បំពាក់​សម្រាប់​នាំ​ចេញ​។ អ​ញ្ចឹ​ង​ការ​រៀបចំ​ផលិត​អី​ភ្លាម​ៗ វា​ក៏​មិនមែន​ជា​ការ​ងាយស្រួល​ដែរ​បាទ​»​។

លោក​កាំ​ង ម៉ូ​នី​កា បាន​បន្ថែម​ទៀត​ថា តាម​ច្បាប់ រោងចក្រ​កាត់ដេរ​ទទួល​បាន​អាជ្ញា​បណ្ណ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ផលិត​ដើម្បី​នាំ​ចេញ​លក់​ទៅ​ក្រៅប្រទេស ដូច្នេះ សម្រាប់​ការ​នាំ​ចូល​ដូច​ជា​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត គឺ​ទទួល​បានការ​លើកលែង​ពន្ធ​។ ប៉ុន្ដែ សម្រាប់​ការ​ផលិត​ដើម្បី​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក​វិញ វា​នឹង​ត្រូវ​ជាប់​នូវ​បទ​ប្ប​ញ្ញាតិ​ផ្សេង​ទៀត ដូច​ជា​ត្រូវ​ជាប់ពន្ធ​នាំ​ចូល និង​ពន្ធគយ​ជាដើម​។ 

មិនតែប៉ុណ្ណោះ លោក កាំ​ង ម៉ូ​នី​កា បាន​សង្ង​ត់​ធ្ងន់​ទៀត​ថា សម្រាប់​ការ​ផលិត​ម៉ាស់​ពាក់ ដើម្បី​ការពារ​មេរោគ​នេះ គេ​មិនមែន​ចេះ​តែ​យក​សាច់​ក្រណាត់​ណា​ក៏​មក​ដេរ​ធ្វើ​ម៉ាស់​បាន​នោះ​ទេ វា​ត្រូវការ​សាច់​ក្រណាត់​ដែល​មាន​គុណភាព​សម្រាប់​ការ​ផលិត ហើយ​ការ​ផលិត​សម្ភារ​សុខាភិបាល​នេះ​ទៀត​សោត ក៏​ត្រូវការ​ឆ្លងកាត់​ការ​វាយតម្លៃ​គុណភាព ពី​ស្ថាប័ន​សុខាភិបាល​ផង​ដែរ ទើប​អាច​ចរាចរ​លក់​ចេញ​លើ​ទីផ្សារ​បាន​។ លោក​កាំ​ង ម៉ូ​នី​កា បញ្ជាក់​ដោយ​ខ្លី​ថា ជា​រួម សម្រាប់​កម្ពុជា ការ​ផលិត​ម៉ាស់​នេះ គឺ​ចាប់ផ្ដើម​ពី​ចំណុចសូន្យ​ទៅ ដូច្នេះ បើ​ចង់​សម្រេច​បានការ​ផលិត គឺ​ត្រូវការ​ពេលវេលា​ច្រើន​ទៀត មិន​អាច​ធ្វើ​ទៅ​បាន​ភ្លាម​ៗ​នោះ​ទេ​។

លោក កាំ​ង មូ​នី​កា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​អាច​ផលិត (​ម៉ាស់​) បាន ប៉ុន្ដែ យើង​ត្រូវការ​ពេលវេលា​។ ការ​ផលិត​របស់​អ្វីមួយ ហើយ​ពិសេស​ទៅ​ទៀត​នោះ ការ​ផលិត​របស់របរ​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ទៅ​ឲ្យ​ផ្នែក​ពេទ្យ ផ្នែក​សុខាភិបាល គេ​ត្រូវការ​ស្ដង់ដារ​មួយ ដែល​គេ​ទទួលស្គាល់​ទៀត មិន​អ​ញ្ចឹ​ង?...​វា​ត្រូវការ​ការ​ទទួលស្គាល់​ត្រឹមត្រូវ​ក្នុង​កម្រិត​ទប់ស្កាត់​វីរុស​ហ្នឹង ទប់ស្កាត់​បាន​ប៉ុន្មាន​ភាគរយ អី​ប៉ុន្មាន​ភាគរយ វា​ត្រូវ​ស្ដង់ដារ​គេ​ទទួលស្គាល់ ចឹ​ង​មិនមែន​ថា យើង​ចេះ​តែ​ដេរ ដេរ​ប្រើ ដេរ​ប្រើ​ទេ​!»​។ 

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មី​ៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​ដល់ អ្នកលក់​ម៉ាស់​កុំ​ឆ្លៀត​ដំឡើង​ថ្លៃ ត្រូវ​ជួយ​គ្នា​ក្នុង​គ្រាក្រ កុំ​ឆ្លៀត​កេង​ចំណេញ​ពេល​មាន​តម្រូវការ​។ ជាមួយ​គ្នា​នោះ សម្តេច ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​រោងចក្រ​កាត់ដេរ ជួយ​ផលិត​ម៉ាស់​បន្ថែម ដើម្បី​លក់​ឲ្យ​រដ្ឋ​វិញ​។ ហើយ​សម្តេច ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​ការងារ និង ក្រសួងសុខាភិបាល ត្រូវ​សហការ​គ្នា​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ ដើម្បី​ផលិត​ម៉ាស់​បន្ថែម​។ ក្នុង​នោះ រដ្ឋ​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​ទទួល​ទិញ​ម៉ាស់​ទាំងនោះ តាម​ស្តង់ដារ ដែល​ប្រគល់​ឱ្យ​រោងចក្រ​ផលិត​។

សម្ដេច បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​រោងចក្រ​យើង​មាន​ច្រើន​ណាស់ ដេរ​បន្ថែម​! ក្រសួងសុខាភិបាល ត្រូវ​ធ្វើការ​ជាមួយ​ក្រសួង​ការងារ និង​សមាគម​រោងចក្រ​កាត់ដេរ ដើម្បី​ផលិត​ម៉ាស់​បន្ថែម ព្រោះ​យើង​មាន​ត្រូវការ​បន្ដ ព្រោះ​អាម៉ាស់​ហ្នឹង​ខ្លះ​គេ​យក​ទៅ​បោក អាច​ប្រើ​បាន​បន្ដ ប៉ុន្ដែ មិន​អាច​ប្រើ​មួយ​ហ្នឹង​បាន​...​វា​ត្រៀម​លក្ខ​ណៈ​ក្រែងលោ​វា​អូស​បន្លាយពេល ដូច្នេះ​ត្រូវ​ផលិត​ម៉ាស់​។ រោច​ក្រ​យើង​មាន​ច្រើន​ណាស់ រដ្ឋ​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​ទិញ​ម៉ាស់​ពី​រោងចក្រ​ដែល​ផលិត​ម៉ាស់​។ ទៅ​ចុះ​កុងត្រា រោងចក្រ​នេះ​ផលិត​ប៉ុណ្ណេះ​! រោងចក្រ​នេះ​ផលិត​ប៉ុណ្ណេះ​! ទៅ​តាម​ស្ដង់ដារ ដែល​យើង​ប្រគល់​ឲ្យ​គេ​ផលិត​។​» 

សូម​បញ្ជាក់​ថា តម្រូវការ​ម៉ាស់​មានការ​កើនឡើង​ខ្លាំង បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ហើយ​មិនមែន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ ដែល​កំពុង​មាន​តម្រូវការ​ម៉ាស់ និង​តម្លៃ​ម៉ាស់​ឡើងថ្លៃ​ខ្លាំង សូ​ម្បី​តែ​នៅ​ប្រទេស​មួយ​ចំនួន ដូច​ជា​ចិន ថៃ និង​វៀតណាម ជាដើម ក៏​ជួប​បញ្ហា​ម៉ាស់​ឡើងថ្លៃ​នេះ​ដែរ ប៉ុន្ដែ​ប្រទេស​ទាំងនោះ បាន​ដាក់​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​។

បើ​តាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​អះអាង​ថា មក​ទល់​ពេល​នេះ វិស័យ​កាត់ដេរ​កម្ពុជា ក៏​ដូច​ជា​ការ​នាំ​ចេញ​នៃ​វិស័យ​នេះ នៅ​តែ​មាន​សភាព​នឹងន​ដូច​ធម្មតា ខណៈ​ដែល​សមាគម​បាន​បញ្ជាក់​ថា ខ្លួន​ក៏​បាន​និង​កំពុងធ្វើការ​ងារ​យ៉ាង​ជាប់លាប់​ជាមួយនឹង​កម្មករ​ក​ម្មា​រិ​នី ក្នុង​ការ​ផ្សព្វផ្សាយ និង​អប់រំ​ពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ​ផង​ដែរ ហើយ​មក​ទល់​ពេល​នេះ សមាគម ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថា មានកម្ម​ករក​ម្មា​រិ​នី​រោងចក្រ​ណាមួយ​ដែល​ឈប់​ធ្វើការ ព្រោះតែ​ភ័យ​ខ្លាច​នឹង​ការ​ឆ្លង​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន បានប្តូរទិសដៅពីវូហានទៅប៉េកាំងវិញ

ព័ត៌មាន
គម្រោងដែលសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថាចេញប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិ…

ក្នុងមួយខែដំបូងឆ្នាំ២០២០នេះ ការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមកើនឡើងជិត១៨០%

ព័ត៌មាន
ត្រឹមតែមួយខែដំបូង ប៉ុណ្ណោះ នៃឆ្នាំ២០២០នេះ ពោលគឺក្នុងខែមករា កន្លងទៅនេះ ប្រទេសវៀតណាមបានស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសបានប្រមាណជាង ៥.៣០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ