លោក ខាត់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ការលែងឱ្យផ្តល់តម្លៃបឋមលើការវាយតម្លៃអចលនវត្ថុពីសំណាក់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំមានសុពលភាពលើអតិថិជនទូទៅទាំងអស់ ពោលគឺមិនមែនសម្រាប់តែអតិថិជនជាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ។ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុន ឬក្រុមអ្នកផ្តល់សេវាវាយតម្លៃណានៅតែបន្តលួចផ្តល់តម្លៃបឋមជូនអតិថិជនល្មើសនឹងយន្តការនេះអាចប្រឈមនឹងការព្រមាន ឬឈានដល់ការព្យួរ និងដកអាជ្ញាបណ្ណលែងឱ្យប្រកបអាជីវកម្មតែម្តង។
ជាមួយគ្នានេះ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្ដេជ្ញាអនុវត្តតាមយន្តការដែលដាក់ចេញដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជាចូលរួមសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការបញ្ឈប់ការផ្តល់តម្លៃបឋមនេះមានប្រសិទ្ធភាព តម្លាភាព និងស្មើភាព ដើម្បីចូលរួមការពារវិជ្ជាជីវៈ និងការពារហានិភ័យវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសមាគមទាំងពីររូបនេះខាងលើ ការឱ្យលែងឱ្យផ្តល់តម្លៃបឋមរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ធ្វើឡើងក្រោយមាននិយ័តករសង្កេតឃើញការផ្តល់តម្លៃបឋមរបស់ក្រុមហ៊ុនមួយចំនួនមិនបានចុះសិក្សា និងវាយតម្លៃដល់ទីតាំងផ្ទាល់ ដែលអាចធ្វើឱ្យផលប៉ះពាល់ដល់ក្រុមហ៊ុនដែលមានវិជ្ជាជីវៈ ក៏ដូចជាប៉ះពាល់ដល់វិស័យអចលនទ្រព្យ និងវិស័យធនាគារ និងហិរញ្ញវត្ថុ៕
អត្ថបទ៖ បូ ដូឡា