
លោកជិន ច័ន្ធឆាយ៉ា ម្ចាស់គម្រោងសហមន៍អាជីវកម្មរាម មានប្រសាសន៍ថា គម្រោងសហគមន៍អាជីវកម្មរាមនេះ ជាប្រភេទដីឡូតិ៍អាជីវកម្ម មានផ្ទៃដីសរុបទំហំ ៧ ហិកតា ដោយត្រូវលៃទុកសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ទៅជាង ៣ ហិកតា។
លោកបានបន្តថា គោលដៅសំខាន់របស់គម្រោង គឺផ្ដោតលើការបង្កើតជាសហគមន៍អាជីវកម្មចម្រុះមួយ ដែលម្ចាស់ដីឡូតិ៍អាចបើកដំណើរការអាជីវកម្មផ្សេងៗ ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ រីស៊ត និងកន្លែងកម្សាន្តជាដើម ។

លោក ជិន ច័ន្ធឆាយ៉ា ម្ចាស់គម្រោងសហមន៍អាជីវកម្មរាម មានប្រសាសន៍ថា៖ “អ្វីដែលជាការទាក់ទាញ គឺទីនេះជាតំបន់ថ្មី ផ្លូវឥឡូវមានទំហំធំ ជិះមិនឆ្ងាយទេ នៅជិតនឹងព្រលានយន្តហោះ ហើយនិង ហើយវាមានសណ្ឋានដូចជា ក ដប ។ ដូច្នេះ គេអាចចេញពីព្រលាន ឬ ពីផ្លូវល្បឿនលឿន ហើយទៅតំបន់ផ្សេងៗ ឧទាហរណ៍ដូចជាកម្សាន្តនៅកោះរាជបុត្រ គឺត្រូវកាត់តាមនេះ ដូច្នេះ បើកាត់តាមនេះ យើងមានកន្លែងភោជនីយដ្ឋាន មានកាហ្វេ ដែលគាត់អាចកាត់តាមនេះហើយ អាចចូលមកទិញបាន ។ និយាយរួម ទាក់ទាញអតិថិជនពីព្រលានមុនគេ នៅពេលដែលព្រលានសាងសង់រួចរាល់នៅក្នុងពេលឆាប់ៗនេះ”។
លោកជិន ច័ន្ធឆាយ៉ា បានថ្លែងថា សហគមន៍អាជីវកម្មរាមនេះនឹងលេចចេញជារូបរាងនៅឆ្នាំក្រោយ ហើយអាជីវកម្មនានា នឹងអាចចាប់ផ្ដើមដំណើរការរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំទៀតនេះ ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដែលបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធនោះ បានថ្លែងថា គម្រោងសហគមន៍អាជីវកម្មរាមនេះ នឹងជួយរួមចំណែកដល់ការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ “យើងដឹងស្រាប់ហើយ គឺថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលរាជរដ្ឋាភិបាលបានកំណត់ជាខេត្តគោលដៅ សេដ្ឋកិច្ចពហុវិស័យ ពហុបំណង។ អ៊ីចឹងទេ គឺថា ខេត្តនេះជាខេត្តមួយដែល មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើម៉េចឲ្យខេត្តព្រះសីហនុជាខេត្តមួយ ដែលគំរូសម្រាប់ប្រទេសកម្ពុជា និងជាខេត្តមួយដែលនាំមុខនៅកម្ពុជាដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក។ ដូច្នេះ ការអភិវឌ្ឍន៍គម្រោងនេះ ជារួម ជាផ្នែកមួយនៃការរួមចំណែកជំរុញឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុទាំងមូលផងដែរ”។

លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ខេត្តព្រះសីហនុ នៅតែជាគោលដៅមានសក្ដានុពលសម្រាប់ការវិនិយោគអចលនវត្ថុ។
លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថា ឱកាសនៅក្នុងវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុនេះ គឺមានភាពរឹងមាំនៅថ្ងៃអនាគតសម្រាប់រយៈពេលវែង ៣ ឆ្នាំ ៥ ឆ្នាំទៅ ១០ ឆ្នាំ ខ្ញុំជឿជាក់ថា ទីក្រុងព្រះសីហនុរបស់យើងនឹងក្លាយទៅជាទីក្រុងទំនើបមួយដែលមិនចាញ់ជាមួយនឹងទីក្រុងទំនើបៗនៅលើពិភពលោកទេ” ។