
អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា មានជំនឿជឿជាក់ថា តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជជែកជាមួយភាគីសហរដ្ឋអាម៉េរិក ឱ្យបញ្ចុះពន្ធបដិការបន្ថែមទៀត ដោយសារកម្ពុជា នៅតែមានសន្លឹកបៀសម្រាប់ប្រើប្រាស់លើកិច្ចការពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។
ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា លទ្ធភាពនៃការសុំបញ្ចុះពន្ធបដិការពីភាគីសហរដ្ឋអាម៉េរិកបន្ថែមទៀត ទំនងជាមានការលំបាកដោយសារតែស្ថានភាពនៃការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យមិនស្របទៅតាមអ្វីដែលសហរដ្ឋអាម៉េរិក ចង់បាន។ បើតាមលោក សេក សុជាតិ លទ្ធភាពប្រើសើរឡើង ឬមិនមានភាពប្រសើរ គឺអាស្រ័យលើឆន្ទៈរបស់កម្ពុជា ក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិក ដោយបើកចំហរមុនពេលឱសានវាទជិតឈានចូលមកដល់នាពេលខាងមុខ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា លទ្ធភាពនៃការទទួលបានការបញ្ចុះពន្ធបដិការពីអាម៉េរិករបស់កម្ពុជា ទំនងជាពិបាកកើតមាន ដោយសារតែលោក ដូណាល់ ត្រាំ តែងគិតលើការដោះដូរផលប្រយោជន៍ទៅវិញទៅមក ខណៈមកដល់ពេលនេះ ក៏ពុំទាន់ដឹងថា កម្ពុជា ត្រូវយកផលប្រយោជន៍អ្វីទៅដោះដូរជាមួយសហរដ្ឋអាម៉េរិក នោះដែរ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា នៅតែបង្កភាពស្មុគស្មាញ ខណៈការបញ្ចុះពន្ធបដិការបន្ថែមបានលុះណាតែសហរដ្ឋអាម៉េរិក មានការយល់ដឹងពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះ ដោយសង្ឃឹមថា កម្ពុជានឹងឃើញព័ត៌មានល្អពីលោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗ ក្រោយរូបលោកបានជួបពិភាក្សាជាមួយមន្រ្តីសហរដ្ឋអាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន ពីបញ្ហាពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលបានដាក់មកលើកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅនេះ សហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធបដិការចំនួន៣៦% លើទំនិញកម្ពុជា នាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្រោយប្រទេសទាំងពីរបានខិតខំចរចាយ៉ាងស្វិតស្វាញអស់ជាច្រើនលើក ហើយកម្ពុជា នៅមានឱកាសក្នុងការបន្តចរចាអត្រាពន្ធបដិការនេះជាមួយសហរដ្ឋអាម៉េរិក បន្ថែមទៀត រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ នៅពេញ១ឆ្នាំ២០២៤ កន្លងទៅ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក សម្រេចបានទំហំជាង១០ពាន់លានដុល្លារ កើនឡើងប្រមាណ១១% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះកម្ពុជា នាំចេញទៅសហរដ្ឋអាម៉េរិក មានទំហំជាង៩ពាន់៩រយលានដុល្លារ ហើយអាម៉េរិក នាំចូលមកម្ពុជាវិញ មានទំហំជាង២៦០លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា