
នាវេទិកាសារព័ត៌មានស្តីពី«ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី និងការអភិវឌ្ឍនៅកម្ពុជា»នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិជាជម្រើសដែលអាចទៅរួច ដ្បិតថាកន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់យកសំណុំរឿងជម្លោះទៅដោះស្រាយនៅតុលាការអន្តរជាតិនេះដែរ តែយ៉ាងណាការដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ គឺត្រូវការការឯកភាពគ្នាពីភាគីទាំងសងខាង។ លោកបានបន្ថែមថា បើកម្ពុជា និងថៃចង់ឳ្យឥណ្ឌូនេស៊ី ឬប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះជួយធ្វើជាអ្នកសម្របសម្រួលដោះស្រាយបញ្ហាជម្លោះនេះ ក៏ជាជម្រើសមួយអាចទៅរួចផងដែរ។
បើតាមលោក Santo Darmosumarto រដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្តល់ជំនួយយោធាដល់កងយោធពលខេមរភូមិន្ទមានតម្លៃចំនួន៥០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខរវាងប្រទេសកម្ពុជា-ឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ី ក៏ធ្លាប់ជាតួអង្គសំខាន់ក្នុងកិច្ចចរចារស្វែងរកសន្តិភាពសម្រាប់កម្ពុជានៅក្នុងសម័យអ៊ុនតាក់ ថែមទាំងបានបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចំនួន៤ពាន់នាក់មកកម្ពុជាផងដែរ។ យ៉ាងណាមិញ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០១១ ឥណ្ឌូនេស៊ីក៏បានសម្របសម្រួលលើកិច្ចសន្ទនាលើជម្លោះព្រំដែនរវាងកម្ពជា និងថៃផងដែរ។
គួរជម្រាបថា រាជរដ្ឋាភិបាលថៃនៅថ្ងៃទី៤ ខែមិថុនា បានចេញមកបដិសេធនឹងសំណើរបស់ភាគីកម្ពុជា ដែលគ្រោងនាំយកសំណុំរឿងព្រំដែនទាក់ទងនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និងប្រាសាទតាក្របី បញ្ជូនទៅកាន់តុលាការយុតិធម៌អន្តរជាតិ ដោយភាគីថៃសុំត្រឹមដោះស្រាយបញ្ហាទាំងអស់នេះតាមរយៈយន្ដការទ្វេភាគី ដែលមានស្រាប់តែប៉ុណ្ណោះ ខណៈរាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរប្ដឹងប្រទេសថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឈានទៅបញ្ចប់បញ្ហាស្របទៅតាមច្បាប់អន្តរជាតិ។ សូមបញ្ជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជានិងថៃបានឡើងកម្ដៅខ្លាំង នៅក្រោយពេលដែលមានហេតុការណ៍ទាហានថៃបានចូលវាយឆ្មក់ទាហានកម្ពុជានៅតំបន់មុំ៣ បង្កឱ្យទាហានកម្ពុជាម្នាក់ពលីជីវិត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន