WHO ថា ពិភពលោកកំពុងមើលឃើញពន្លឺនៃការបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ហើយ


អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ពិភពលោកកំពុងតែមើលឃើញពន្លឺនៃការបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ហើយ ខណៈដែលចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ត្រូវបានរាយការណ៍ថាបានធ្លាក់ចុះយ៉ាងខ្លាំង ធ្វើឱ្យអង្គការពិភពលោកមួយនេះជំរុញឱ្យពិភពលោកត្រូវខំប្រឹងចាប់យកឱកាសនេះ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
WHO ថា ពិភពលោកកំពុងមើលឃើញពន្លឺនៃការបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ហើយ
ដោយ

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros បាននិយាយថា ជំងឺកូវីដដែលបានផ្ទុះឡើងនៅប្រទេសចិននៅចុងឆ្នាំ២០១៩នោះ បានសម្លាប់មនុស្សរាប់លាននាក់មកហើយមកទល់នឹងពេលនេះ ក៏ប៉ុន្តែកាលពីសប្ដាហ៍មុននេះ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩នេះត្រូវគេរាយការណ៍ថាបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។

លោក តេដ្រូស បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសថា ស្ថានភាពរីករាតត្បាតកូវីដ១៩ មិនដែលបានស្ថិតក្នុងទីតាំងដ៏ប្រសើរមួយបែបនេះទេ ក្នុងការបញ្ចប់ជំងឺរាតត្បាតនេះ។ បើទោះជាពួកគេមិនទាន់បញ្ចប់វានៅឡើយក៏ពិតមែន ក៏ប៉ុន្តែពេលនេះ ពិភពលោកដូចជាមើលឃើញពន្លឺនៃការបញ្ចប់ជំងឺនេះហើយ ដូច្នេះហើយពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនដើម្បីចាប់យកឱកាសដ៏ល្អនេះឱ្យបាន។

ប្រធានអង្គការសុខភាពពិភពលោកនេះបានសង្កត់ធ្ងន់ថា ប្រសិនបើពិភពលោកមិនអាចចាប់យកឱកាសនេះបានក្នុងពេលឥឡូវនេះទេ ពិភពលោកអាចប្រឈមនឹងហានិភ័យនៃមេរោគបំប្លែងថ្មីកាន់តែច្រើន ការស្លាប់កាន់តែច្រើន ការរំខានកាន់តែច្រើន និងភាពមិនច្បាស់លាស់ក៏កាន់តែច្រើនផងដែរ។

យោងតាមរបាយការណ៍ស្ដីពីជំងឺកូវីត១៩ចុងក្រោយបង្អស់របស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ត្រូវគេរាយការណ៍ថាបានធ្លាក់ចុះ ២៨% មកនៅត្រឹម ៣ លាន១ សែននាក់ក្នុងអំឡុងសប្តាហ៍ដែលបញ្ចប់ទៅកាលថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីមានការធ្លាក់ចុះ ១២% កាលពីសប្តាហ៍មុន។

ប៉ុន្តែទីភ្នាក់ងារនេះបានព្រមានថា ការថយចុះនៃចំនួនករណីឆ្លងដែលគេបានរាយការណ៍នេះ គឺជាការតួលេខមិនជាក់លាក់នោះឡើយ ដោយសារតែប្រទេសជាច្រើនបានកាត់បន្ថយការធ្វើតេស្តិ៍រកជំងឺកូវីដ១៩ ហើយក៏ប្រហែលជារកមិនឃើញពីករណីឆ្លងដែលមានស្ថានភាពធ្ងន់ធ្ងរនោះឡើយ។

លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីជំងឺកូវីដ១៩បានប្រាប់អ្នកយកព័ត៌មានថា ករណីដែលកំពុងត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកដែលពួកគេបានដឹង គឺជាការប៉ាន់ស្មានមិនគ្រប់គ្រាន់។ អ្នកជំនាញរូបនេះ បន្ថែមថា មានករណីឆ្លងច្រើនជាងអ្វី ដែលគេបានរាយការណ៍ប្រាប់ទៅទីភ្នាក់ងារនេះ ហើយបានព្រមានថា មេរោគនេះកំពុងតែចរាចរក្នុងកម្រិតមួយខ្លាំងនៅជុំវិញពិភពលោកនៅពេលបច្ចុប្បន្ននេះ។

សូមរំលឹកថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះមក អង្គការ WHO បានបូកសរុបចំនួនអ្នកឆ្លងដល់ជាង ៦០៥ លាននាក់ និងមានអ្នកស្លាប់ប្រហែល ៦ លាន ៤ សែននាក់បើទោះជាចំនួនទាំងពីរនេះត្រូវបានគេជឿថា មានច្រើនជាងនេះក៏ដោយ។

ការសិក្សារបស់អង្គការសុខភាពពិភពលោកដែលបានចេញផ្សាយនៅក្នុងខែឧសភា ផ្អែកលើការស្លាប់ដ៏លើសលប់នៅតាមប្រទេសផ្សេងៗក្នុងអំឡុងពេលជំងឺរាតត្បាតនេះ បានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ១៧ លាននាក់អាចបានស្លាប់ដោយសារជំងឺកូវីត១៩ក្នុងឆ្នាំ២០២០ និង២០២១៕




អត្ថបទបន្ទាប់


គណៈកម្មការអឺរ៉ុបស្នើច្បាប់ហាមឃាត់ការនាំចូលទំនិញ ដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំពីតំបន់ស៊ីនជាំងប្រទេសចិន

ព័ត៌មាន
ដោយព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ប្រទេសចិន គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១៤កញ្ញា បានស្នើឱ្យមានការហាមឃាត់លើការនាំចូលទំនិ…

ក្រុមហ៊ុន Vietnam Airlines ស្នើឲ្យរដ្ឋាភិបាលជួយការពារពីការដកឈ្មោះចេញពីផ្សារភាគហ៊ុន

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កំពុងព្យាយាមការពារភាគហ៊ុនរបស់ខ្លួនពីការដកចេញពីផ្សារភាគហ៊ុនទីក្រុងហូជីមិញ ប៉ុន្ដែការសម្រេចយ៉ាងណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ