លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា យល់ឃើញថា ការទិតៀនរបស់ពលរដ្ឋជាអ្នកលក់ដូរមួយចំនួនអាចដោយសារតែរបាយការណ៍ និងស្ថានភាពជាក់ស្ដែងមានភាពខុសគ្នា។ ម្យ៉ាងទៀតដោយសារប្រតិបត្តិកររកស៊ីក្នុងវិស័យនេះមួយចំនួននៅតែជួបការលំបាកក្នុងការរកប្រាក់ចំណូល។ បើតាមអ្នកជំនាញរូបនេះ ដើម្បីធ្វើឱ្យរបាយការណ៍ពាក់ព័ន្ធនឹងតួលេខភ្ញៀវទេសចរ និងប្រាក់ចំណូលពីវិស័យទេសចរណ៍មានភាពសុក្រឹត គេអាចផ្ទៀងផ្ទាត់ជាមួយតួលេខពីអាកាសយានដ្ឋាន និងច្រកទ្វារព្រំដែននានា។ ជាមួយគ្នានេះ ដើម្បីបញ្ចប់ការទិតៀនរបស់មហាជន គឺទាមទារឱ្យក្រសួងទេសចរណ៍ត្រូវធ្វើការវិភាគឱ្យបានគ្រប់ជ្រុងជ្រោយចំពោះការធ្វើដំណើររបស់អ្នកទេសចរ។
បើតាមការវាយតម្លៃរបស់ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជារូបនេះ ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់កម្ពុជា នៅមានកម្រិតយឺតនៅឡើយនៅ១០ខែកន្លងមកនេះ ដោយសារវានៅតែរងឥទ្ធិពលពីកត្តាខាងក្នុង និងខាងក្រៅ។ កត្តាខាងក្នុង ដោយសារកម្ពុជា មិនមានគោលនយោបាយវិស័យទេសចរណ៍ជាក់លាក់នៅឡើយ ដែលជាហេតុធ្វើឱ្យវិស័យនេះពុំទាន់មានសកម្មភាពលេចធ្លោដែលអាចយកទៅប្រកួតប្រជែងជាសកលបាន។ ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ទៅកាន់ពិភពលោកនៅមានកម្រិតក៏ជាបញ្ហាប្រឈមមួយសម្រាប់កម្ពុជា ផងដែរ។ ចំណែកបញ្ហាខាងក្រៅ ដែលរួមមានភាពតានឹងផ្នែកភូមិសាស្រ្តនយោបាយ វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ាជាដើម នៅតែបន្តគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសផ្សេងៗ ដែលវាបានរារាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ៤,៨លាននាក់ កើនឡើង២២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ នេះបើតាមស្ថិតិរបស់ក្រសួងទេសចរណ៍៕
អត្ថបទ៖ បូ ដូឡា