
អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានគាំទ្រចំពោះការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា ដែលឱ្យពលករខ្មែរដែលរងការប្រមាថវិលត្រឡប់មកមាតុភូមិវិញ។ តែយ៉ាងណាអ្នកជំនាញជឿជាក់ថា ការវិលត្រឡប់របស់ពលករខ្មែរមកស្រុកកំណើតវិញអាចធ្វើទៅបាន ប្រសិនថ្លៃប្រាក់ឈ្នួលនៅកម្ពុជា ប្រហាក់ប្រហែល ឬស្មើនឹងថ្លៃប្រាក់ឈ្នួលនៅប្រទេសថៃ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា សម្រាប់ពលករខ្មែរណាដែលធ្វើការនៅប្រទេសថៃ ហើយទទួលបានការប្រមាថពីសំណាក់ជនជាតិថៃ គួរតែចាកចេញមកកម្ពុជា វិញ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដ្បិតរាជរដ្ឋាភិបាលជួយសម្រួលបន្ទុកបំណុល និងជួយស្វែងរកការងារឱ្យពួកគេធ្វើជាដើម។ អ្នកជំនាញរូបនេះជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ទំនងជាបានគណនាពីផលប៉ះពាល់រួចរាល់ហើយ ទើបអំពាវនាវឱ្យពលករខ្មែរ ដែលរងការប្រមាថពីក្រុមជ្រុលនិយមឱ្យត្រឡប់មកស្រុកកំណើតវិញ។
ជាមួយគ្នានេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានលើកឡើងថា នៅក្នុងស្ថានភាពវិវាទព្រំដែនកម្ពុជា និងថៃដ៏តានតឹងនេះ ភាគីថៃ ហាក់បង្ហាញការប្រុងប្រយ័ត្នខ្ពស់ទាក់ទងនឹងចរន្តវិលត្រឡប់មកកម្ពុជា របស់ពលករខ្មែរ ហើយប្រសិនបើការវិលត្រឡប់របស់ពលករខ្មែរមានលក្ខណៈទ្រង់ទ្រាយធំនោះ អាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មមួយចំនួនរបស់ថៃ។ តែទោះជាយ៉ាងណាក៏ដោយថ្លៃចំណាយសម្រាប់ធ្វើដំណើរមកស្រុកកំណើតវិញ ក៏ដូចជាប្រាក់ឈ្មួលនៅក្នុងស្រុកហាក់នៅក្រោមថ្លៃប្រាក់ឈ្នួលនៅថៃ ដែលជាបញ្ហាប្រឈមក្នុងការសម្រេចចិត្តរបស់ពលករខ្មែរ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវម្តងហើយម្តងទៀតឱ្យពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញមុនអាជ្ញាធរថៃ បណ្តេញ និងរងការប្រមាថពីក្រុមជ្រុលនិយមថៃមួយចំនួន។ ការអំពាវនាវនេះធ្វើឡើងក្រោយស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែបន្តឡើងកម្តៅ និងមិនមានពន្លឺនៃការដោះស្រាយ។
ពាក់ព័ន្ធបញ្ហាពលករខ្មែរនេះដែរ សភាពាណិជ្ជកម្មថៃ បានព្រមានកាលពីពេលថ្មីៗថា ការប្រមូលកម្មករចំណាកស្រុករបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងធ្វើការងារនៅថៃ ឱ្យវិលត្រឡប់ទៅស្រុកវិញនេះ វាអាចបង្កផលប៉ះពាល់ជាច្រើនដល់វិស័យសំណង់ និងចម្ការផ្លែឈើនៅថៃ។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មថៃ ក៏បានជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនត្រូវមានជាដំណោះស្រាយឱ្យបានឆាប់ ដើម្បីបញ្ចៀសការធ្លាក់ចុះសេដ្ឋកិច្ចផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា