ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៣ ក្រសួងទទួលបានចំណូល៩៥លានដុល្លារពីការលក់ស្លាកលេខឡានពិសេស និងពិសេសផ្ទាល់ខ្លួន បន្ទាប់ពីបានប្រកាសដាក់លក់តាមប្រព័ន្ធអេឡិចត្រូនិកតាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។ ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូនលក់ស្លាកលេខឡានពិសេសបានចំនួន២២ម៉ឺន៨ពាន់ស្លាកគិតជាប្រាក់មានចំនួន៦២លានដុល្លារ ខណៈស្លាកលេខឡានពិសេសផ្ទាល់ខ្លួនលក់បានចំនួន១ម៉ឺន៩ពាន់ស្លាក ដែលមានតម្លៃ៣៣លានដុល្លារអាមេរិក។ ឯកឧត្តមទេសរដ្ឋមន្ត្រីរំពឹងថា ការលក់ស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួននឹងមានកំណើន៥%នៅឆ្នាំ២០២៣ នេះ បន្ថែមលើការកាលពីឆ្នាំ២០២២ បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រីមើលឃើញពីភាពល្អប្រសើរនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា ថវិកាមួយចំនួនធំ ដែលបានមកពីការលក់ស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនត្រូវបានចាក់ចូលក្នុងថវិកាជាតិ ហើយមួយចំនួនតូចត្រូវបានបរិច្ចាគជាជំនួយមនុស្សធម៌។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២១ មិថុនា ក្រសួងសាធារណការបានបរិច្ចាគថវិកាចំនួន២០ម៉ឺនដុល្លារ ដែលបានមកពីការលក់ស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ ដោយមួយមន្ទីរពេទ្យទទួលបាន១០ម៉ឺនដុល្លារ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី នេះជាលើកទី៣ហើយ ដែលក្រសួងសាធារណការបានបរិច្ចាគថវិកាបានពីការលក់ស្លាកលេខឡានជាជំនួយមនុស្សធម៌ ពោលគឺក្រសួងបានបរិច្ចាគថវិកា២០ម៉ឺនដុល្លារបានពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនលេខ២ជូនមន្ទីរពេទ្យគន្ធបុប្ផា និង២០ម៉ឺនដុល្លារពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនលេខ៥ជូនដល់អតីតយុទ្ធជន។
ពាក់ព័ន្ធបញ្ហាការប្រមូលចំណូលពីការលក់លេខនេះ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២០-២០២២ ក្រសួងសាធារណការបានលក់លេខពិសេស និងពិសេសផ្ទាល់ខ្លួនជូនប្រជាពលរដ្ឋបានជាង១១ម៉ឺន៨ពាន់លេខ ដោយប្រមូលចំណូលបានជាង៥៤លានដុល្លារអាមេរិក។
ដោយឡែកនៅក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជាប្រមូលចំណូលបានជិត២១លានដុល្លារពីការលក់លេខពិសេស និងពិសេសផ្ទាល់ខ្លួនដល់រថយន្ត ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចុប្បន្នរថយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការមានចំនួនប្រមាណ១លានគ្រឿង ខណៈម៉ូតូមានប្រមាណ៦លានគ្រឿង។ បើយោងតាមប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីយានជំនិះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីឆ្នាំ១៩៩០ដល់ឆ្នាំ២០២២ មានយានយន្តចុះបញ្ជីប្រើប្រាស់ជាង៦លាន៧សែនគ្រឿង ក្នុងនោះរថយន្តធុនស្រាលមានជិត៧៣ម៉ឺនគ្រឿង រថយន្តធុនធ្ងន់ជាង២៨ម៉ឺនគ្រឿង និងម៉ូតូមានចំនួនជាង៥លាន៧សែនគ្រឿង។ ក្រសួងសាធារណការវាយតម្លៃថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយការចុះបញ្ជីយានយន្តមានការកើនឡើងជាមធ្យមជាង១១%ក្នុង១ឆ្នាំ៕